ភ្នំពេញៈ ដើម្បី​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន និង​ការអភិរក្ស​សត្វ​ក្រៀល​នៅ​កម្ពុជា ក្រសួង​បរិស្ថាន​គ្រោង​នឹង​បង្កើត​ស្លាក​យីហោ «​ស្រូវ​មិត្ត​ក្រៀល​» ដោយ​មាន​ការសហការ​ជាមួយ​អង្គការ ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ដោយ​មាន​ការគាំទ្រ​ពី​អង្គការ IUCN-Netherland ផងដែរ​។ នេះ​បើតាម​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា ក្នុង​ពេល​ចុះ​ពិនិត្យ​គម្រោង​ស្រូវ​មិត្ត​ក្រៀល និង​ផ្តល់​អំណោយ​បន្ទាន់ ដល់​ពលរដ្ឋ​ដែល​មាន​ជីវភាព ខ្វះខាត​រស់នៅ​ជុំវិញ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​ក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត នា​ថ្ងៃទី​ ២៣ ខែកក្កដា នេះ​។

លោក​បាន​មានប្រសាសន៍​ថា៖ «​កិច្ច​ផ្តួចផ្តើម​នេះ មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​នៅ​មូលដ្ឋាន​ទេ តែ​ថែមទាំង​ផ្តល់​សារៈសំខាន់ ដល់​សត្វ​ក្រៀល និង​សត្វ​ស្លាប​តំបន់ដីសើម​ផ្សេងទៀត ដែល​មាន​វត្តមាន​នៅតាម​វាលស្រែ​។ បច្ចុប្បន្ននេះ ក្រសួង​បរិស្ថាន​ និង​អង្គការ​ដៃគូ បាននិង​កំពុង​អនុវត្ត​គម្រោង​សាកល្បង​ធ្វើ​ស្រូវ​មិត្ត​ក្រៀល ដែល​មាន​ការចូលរួម​ពី​កសិករ​មូលដ្ឋាន នៅ​ជុំវិញ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​នេះ​»​។

ចំពោះ​ប្រភេទ​ស្រូវ​ដែល​ដាំ គឺជា​ប្រភេទ​ពូជស្រូវ​ប្រចាំ​តំបន់ និង​ជា​ពូជស្រូវ​ដែល​សត្វ​ក្រៀល​ចូលចិត្ត ស៊ី ហើយ​ការធ្វើ​ស្រូវ​មិត្ត​ក្រៀល​នេះ គឺ​គោរព​លក្ខខណ្ឌ​មិន​បរបាញ់ មិន​ដាក់​អន្ទាក់ ឬ​ប្រើ​ថ្នាំពុល​ដើម្បី​ចាប់​សត្វ​ស្លាប មិន​ពង្រីក​ដី​ដំណាំ​របស់​ខ្លួន​លើ​តំបន់​អភិរក្ស និង​ជា​ស្រូវ​សរីរាង្គ មិន​អនុញ្ញាត​ឱ្យប្រើ​ថ្នាំពុល​កសិកម្ម និង​ជីគីមី​ឡើយ​។

លោក នេត្រ ភក្ត្រា បានឱ្យ​ដឹង​ទៀតថា ចំពោះ​ស្រែ​ដែល​បាន​ជួល​ពី​ប្រជាពលរដ្ឋ នៅពេល​ស្រូវ​ទុំ ប្រមាណ​ជា ៥០% ត្រូវបាន​ច្រូត​ និង​វេចខ្ចប់​ដាក់លក់​លើ​ទីផ្សារ និង​ដោយឡែក​ប្រមាណ ៥០% ទៀត ត្រូវបាន​រក្សាទុក​ក្នុង​ស្រែ​ដើម្បី​ជា​ចំណី​បន្ថែម​ដល់​សត្វ​ក្រៀល និង​ជា​ចំណី​របស់​ប្រភេទ​សត្វ​ស្លាប​ផ្សេងទៀត​។

លោក​បាន​បញ្ជាក់ទៀត​ថា៖ «​ការការពារ និង​អភិរក្ស​សត្វ​ក្រៀល​ទទួលបាន​ជោគជ័យ លុះត្រាតែ​មាន​ការគិតគូរ​ពី​ជីវភាព​របស់​ប្រជាសហគមន៍​មូលដ្ឋាន និង​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ក្រសួងបរិស្ថាន​នឹង​បន្ត​ធ្វើការ​ជាមួយ​អង្គការ​ពាក់ព័ន្ធ​ក្នុង​ការស្វែងរក​ទីផ្សារ​សម្រាប់​ស្រូវ​មិត្ត​ក្រៀល​នេះ ដើម្បី​ធ្វើឱ្យ​ការសាកល្បង​នេះ​ទទួល​បាន​ជោគជ័យ​»​។

នាយក​ស្តីទី​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា និង​ជា​នាយក​កម្មវិធី​ប្រចាំ​កម្ពុជា របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​លោក ប៊ូ វរសក្ស ក៏បាន​លើកឡើង​ផងដែរ​ថា ការអនុវត្ត​គម្រោង​សាកល្បង ធ្វើ​ស្រូវ​មិត្ត​ក្រៀល​នៅ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​នេះ​ក្នុង​គោលបំណង​ ដើម្បី​ធានាថា តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​នៅតែ​បន្ត​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការគាំទ្រ​ដល់​សត្វ​ក្រៀល​កុំឱ្យ​ផុត​ពូជ​។

លោក​ថា៖ «​យើង​ត្រូវ​ធ្វើឱ្យ​វាលស្រែ​នៅ​ជុំវិញ​តំបន់​នេះ ក្លាយជា​ទីជម្រក និង​ជា​កន្លែង​ផ្តល់​ចំណី​ដ៏មាន​សុវត្ថិភាព​ដល់​ពួកវា​»​។

លោក ប៊ូ វរសក្ស បាន​បញ្ជាក់ថា មកដល់​ពេល​នេះ​អង្គការ​បាន​ជួល​ដី​ធ្វើ​ស្រូវ​មិត្ត​ក្រៀល ជាមួយ​នឹង​ប្រជាសហគមន៍​ចំនួន ១៦ គ្រួសារ​ដែល​មាន​ផ្ទៃដី​ទំហំ ១៧ ហិកតា រយៈពេល ១០ ​ឆ្នាំ ដើម្បី​សាកល្បង​ដាំ​ស្រូវ​ឱ្យ​ក្រៀល​ស៊ី និង​ផ្តល់​ប្រាក់ចំណូល​បន្ថែម​ដល់​សហគមន៍​មូលដ្ឋាន​។

បើតាម​លោក ប៊ូ វរសក្ស ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ចូលរួម​ជាមួយ​គម្រោង ស្រូវ​មិត្ត​ក្រៀល ហើយ​ចំនួន​កសិករ​ដែល​នឹង​អនុវត្ត​គម្រោង​នេះ នឹង​មាន​ចំនួន​កើនឡើង​ក្នុង​ឆ្នាំ​ខាងមុខ​។

ចំណែក លោក Marc Hoogeslag អ្នកសម្របសម្រួល​កម្មវិធី​នៃ​អង្គការ IUCN-Netherland បាន​និយាយ​ផងដែរ​ថា ដើម្បី​កាត់បន្ថយ​សម្ពាធ​ពី​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ហួស​កម្រិត គឺ​តម្រូវ​ឱ្យ​ស្វែងរក​តុល្យភាព រវាង​តម្រូវការ​របស់​មនុស្ស​ និង​សត្វ​។

លោក​បាន​ថ្លែងថា ការធ្វើ​ស្រូវ​មិត្ត​ក្រៀល សម្រាប់​ការអភិរក្ស​នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​នេះ គឺជា​គម្រូ​ដ៏ល្អ​មួយ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​កសិករ ព្រមទាំង​លើកទឹកចិត្ត​ដល់​ពួកគាត់​ក្នុង​ការចូល​រួមការ​អភិរក្ស​សត្វ​ស្លាប​ព្រៃ ដែល​កំពុង​រងគ្រោះ​នៅលើ​សកលលោក​ផងដែរ​។

មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​យកចិត្តទុកដាក់ នៅក្នុង​ការពារ​ថែរក្សា​អភិរក្ស​ជីវៈចម្រុះ នៅ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​។ នេះ​បើតាម​ការឱ្យ​ដឹងពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត លោក ស៊ុយ ធា​។

លោក​ថា នៅ​តំបន់​ការពារ​នេះ​មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ និង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ដៃគូ​នានា​ក្នុង​ការការពារ អភិរក្ស និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់ និង​តម្លៃ​នៃ​សត្វ​ស្លាប​កម្រ ជាពិសេស​សត្វ​ក្រៀល​។

លោក ស៊ុយ ធា មានប្រសាសន៍​ថា៖ «​ការធ្វើ​ស្រូវ​មិត្ត​ក្រៀល​នេះ គឺ​បាន​ចូលរួម​ផ្តល់​ចំណី បន្ថែម​ដល់​សត្វ​ក្រៀល​ដែល​តែងតែ​មករក​ចំណី​នៅ​តំបន់​នេះ​នៅ​រដូវ​មិន​បន្ត​ពូជ​»​។

កសិករ​នៅ​ភូមិ​កោះ​ចម្ការ លោក តឹប ខាយ បាន​រៀបរាប់​ថា លោក​ចូលរួម​ជាមួយ​គម្រោង​ស្រូវ​មិត្ត​ក្រៀល​សាកល្បង​នេះ ដោយសារ​បាន​ចំណូល​បន្ថែម ហើយ​ការធ្វើ​ស្រូវ​មិត្ត​ក្រៀល​នេះ មិន​ប្រើប្រាស់​ជី​ និង​ថ្នាំ​គីមី ដែល​ធ្វើឱ្យ​សត្វ​ក្រៀល​មាន​ចំណី​ស៊ី​ច្រើនជាង​មុន​។

លោក​បាន​បន្តថា លើសពី​នេះ​ទៅទៀត ការធ្វើ​ស្រូវ​មិត្ត​ក្រៀល អាច​ជួយ​ដល់​ការអភិរក្ស​សត្វក្រៀល និង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​មើល​សត្វ​ក្រៀល ទេសភាព​ធម្មជាតិ និង​វប្បធម៌​នៅ​តំបន់​នេះ​ទៀត​ផងដែរ​។

សត្វក្រៀល ជា​ប្រភេទ​សត្វ​ស្លាប​មួយ​ដែល​មាន​វត្តមាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ត្រូវបាន​ចាត់ជា​ប្រភេទ​សត្វ​ស្លាប​ងាយ​រងគ្រោះ ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស ធម្មជាតិ (IUCN Red List)​។

យោងតាម​ការធ្វើ​ជំរឿន​សត្វ​ក្រៀល​នៅក្នុង​ឆ្នាំ​ ២០២០ វត្តមាន​សត្វ​ក្រៀល​មាន​ប្រមាណ ១៩៤ ក្បាល​ប៉ុណ្ណោះ​។

ចំនួន​សត្វ​ក្រៀល​មាន​ការធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ដោយសារ​អត្រា​ស្លាប់​កម្រិត​ខ្ពស់ និង​អត្រា​ពងកូន​នៅ​មាន​កម្រិត​ទាប និង​ការគំរាមកំហែង​ផ្សេងៗ​ដូចជា​ការបាត់បង់​ទីជម្រក ការរំខាន​នៅ​ទីតាំង​ពង​កូន ការបំពុល​ដោយ​ថ្នាំពុល​កសិកម្ម ការថយចុះ​នូវ​ប្រភព​ចំណីអាហារ ការកែប្រែ​ប្រព័ន្ធ​ជលសា​ស្ត្រ ជំងឺឆ្លង និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​៕