ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន គ្រោង​នឹងដាក់​ដំណើរការ​សាកល្បង​ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​នូវ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក នៅ​ខែកញ្ញា បន្ទាប់ពី​ធ្វើការ​បណ្តុះបណ្តាល​កម្មវិធី​នេះ​ដល់​មន្ត្រីនគរបាល​ចរាចរណ៍​នៅ​ខែសីហា​ខាងមុខ​រួច​។

នៅក្នុង​កិច្ចប្រជុំ​រាយការណ៍​វឌ្ឍនភាព​ការងារ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍ ផ្លូវគោក ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ កាលពី​ថ្ងៃទី​ ២២ ខែកក្កដា លោក ស៊ុន ចាន់ថុល បាន​លើកឡើងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រៀម​នឹង​ប្រគល់​ទទួល​ឧបករណ៍​ដក​ពិន្ទុ និង​ពិន័យ​រួមគ្នា ចំនួន​ ៥០០ ​គ្រឿង ដល់​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​កម្មវិធី​នេះ​នឹងត្រូវ​សម្ពោធ ដាក់​ប្រើប្រាស់​ផ្លូវការ​នៅ​ដើមឆ្នាំ​ ២០២២​។

កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក គឺជា​កម្មវិធី​បច្ចេកវិទ្យា ដែល​អនុញ្ញាត​ឱ្យ​មន្ត្រីនគរបាល​ចរាចរណ៍ ធ្វើការ​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ក្នុងនោះ លក្ខណពិសេស​ដូចជា ការស្គាល់​ទម្រង់​បណ្ណ​រួមមាន បណ្ណ​បើកបរ លិខិតឆ្លងដែន អត្តសញ្ញាណ​បណ្ណ និង​បណ្ណ​សម្គាល់​យានយន្ត និង​អាច​ដឹងថា បណ្ណ​បើកបរ​ត្រឹមត្រូវ ឬ​ក្លែងក្លាយ ដឹង​ពី​ប្រតិបត្តិការ​នៃ​ការកាត់​ពិន្ទុ និង​ពិន័យ​លឿន​រហ័ស ដឹង​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិ​នៃ​ការដក​ពិន្ទុ និង​ពិន័យ និង​អាច​កត់ត្រា​រាល់​ទិន្នន័យ ដែល​អាច​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ សម្រាប់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក ស ខេង បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​លោក​ក៏​ស្នើឱ្យ​ពន្លឿន​លើ​ខ្លឹមសារ ប្រកាស​អន្តរក្រសួង ដែល​បាន​ព្រាង​រួចរាល់ និង​ឯកភាព​ក្នុង​កម្រិត​បច្ចេកទេស​។

ជាមួយ​ជា​គ្នា​នោះដែរ លោក ស ខេង ក៏បាន​ស្នើឱ្យ​ក្រសួង​យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់ ក្នុង​ការផ្សព្វផ្សាយ ពន្យល់​ណែនាំ​ពី​នីតិវិធី​នៃ​ការកាត់​ពិន្ទុ និង​ប្រឡង​បំពេញ​ពិន្ទុ​ឡើងវិញ ជូន​សាធារណជន ដែល​ត្រូវអនុវត្ត ត្រួតពិនិត្យ និង​ផាកពិន័យ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ស៊ុន ចាន់ថុល ក៏បាន​លើកឡើង​ពី​ការរៀបចំ​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា ចាប់​ល្បឿន​លើផ្លូវ​ជាតិ​មួយចំនួន ដោយ​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​។

លោក​ថ្លែងថា៖ «​នៅតាម​ដងផ្លូវ​ជាតិ​លេខ​ ៣ ចាប់ពី​ចោមចៅ ដល់​កំពត ក្រុមការងារ​នឹង​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ចាប់​ល្បឿន ១០ ​ទីតាំង ចំនួន​ ១៤ ​ឈុត និង​កំពុង​សិក្សា​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ចាប់​ល្បឿន លើផ្លូវ​ជាតិ​លេខ​ ៧ ស្គន់​ទៅ​កំពង់ចាម ព្រមទាំង​ពិនិត្យ​លទ្ធភាព​ស្នើសុំ JICA បំពាក់​កាមេរ៉ា​នេះ​លើផ្លូវ​ជាតិ​លេខ​ ៥ ​ផងដែរ​»​។

ជា​ការឆ្លើយតប លោក ស ខេង បាន​កោតសរសើរ​លើ​ការរៀបចំ​ប្រព័ន្ធ​កាមេរ៉ា​ចាប់​ល្បឿន និង​គាំទ្រ​លើ​ចំណាត់ការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លើ​បញ្ហា​បាតុភាព​មិន​ត្រឹមត្រូវ​ណាមួយ ដោយ​ត្រូវ​អនុវត្ត​តាមច្បាប់ និង​មិនមាន​ការលើកលែង​ខុសពី​ច្បាប់​ឡើយ​៕