ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ទូទាំង ១៤ ខណ្ឌ ប៉ុន្តែ​នៅ​មាន​ឃើញ​ការ​ឆ្លង​ច្រើន​នៅ​ក្នុង​ខណ្ឌ​ចំនួន ២។

លោក​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​នៅ​ថ្ងៃទី ២៣ ខែ​កក្កដា នេះ​ថា ខណ្ឌ​ចំនួន ២ ក្នុង​រាជធានី​ភ្នំពេញ នៅ​ឃើញ​មាន​ការ​ឆ្លង​ច្រើន​ជាង​ខណ្ឌ​ចំនួន ១២ ផ្សេង​ទៀត ប៉ុន្តែ​ការ​ឆ្លង​ច្រើន​នេះ មិន​ច្រើន​ខ្លាំង​ក្លា​នោះ​ទេ បើ​ធៀប​នឹង​ការ​ឆ្លង​រាលដាល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក ដែល​មាន​អ្នក​ឆ្លង​រាប់​រាយ​នាក់​ក្នុង​មួយ​ថ្ងៃ។

លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា៖ «គ្រប់​បណ្តា​ខណ្ឌ​មាន​ការ​ស្រក​ចុះ​ហើយ ប៉ុន្តែ​សម្រាប់​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ នៅ​មាន​ចំនួន​ឆ្លង​ច្រើន​ជាង​គេ​បន្តិច ប៉ុន្តែ​បើ​និយាយ​ជា​ទូទៅ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​មាន​ការ​ថយ​ច្រើន​នូវ​អ្នក​ជំងឺ​នៅ​គ្រប់​បណ្តា​ខណ្ឌ​ទាំង​អស់ គ្រាន់​តែ​នៅ​ខណ្ឌ​ ២ ​មាន​តួលេខ​ខ្ពស់​ជាង​ខណ្ឌ​ផ្សេងៗ​ ដោយសារ​មាន​រោងចក្រ និង​មាន​កម្មករ​ច្រើន»។

លោក​អភិបាល​ក្រុង​បាន​បញ្ជាក់​ទៀត​ថា ការ​ស្រក​ចុះ​នៃ​តួលេខ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ក៏​អាច​ជា​ចំណែក​មួយ​នៃ​ការ​ចាក់​វ៉ាក់សាំង​បាន​ច្រើន ហើយ​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​នេះ កំពុង​តែ​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្រ្ត​ខណ្ឌ​ទាំង​អស់​នេះ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្កេត​ឃើញ​ថា ក្រោយ​ពី​មាន​ការ​ប្រុងប្រយ័ត្ន​រួម និង​ការ​ផ្តល់​វ៉ាក់សាំង​បាន​គ្រប់​គ្នា​ហើយ​នេះ យើង​ឃើញ​ថា ក្នុង​សប្តាហ៍​នេះ​ អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ក្នុង​រាជធានីភ្នំពេញ​មាន​ការ​ថយចុះ។ ដូចនេះ​ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា ឥទ្ធិពល​វ៉ាក់សាំង​កំពុង​តែ​បញ្ចេញ​សកម្មភាព ដើម្បី​ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ»។

លោក ឃួង ស្រេង បាន​លើក​ឡើង​ទៀត​ថា ការ​ថយ​ចុះ​នេះ ក៏​ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ផង​ដែរ។

គួរ​បញ្ជាក់​ថា ភូមិសាស្រ្ត​រាជធានីភ្នំពេញ​បាន​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ កាល​ពី​ថ្ងៃទី ០៨ ខែ​កក្កដា កន្លង​មក​នេះ ដែល​មាន​អ្នក​ចាក់​វ៉ាក់សាំង​លើស​ផែនការ​កំណត់។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី ២២ ខែ​កក្កដា ប្រជាពលរដ្ឋ​ជាង ៦,៤ លាន​នាក់ ឬ​ស្មើនឹង ៦៤% ធៀប​នឹង​ប្រជាពលរដ្ឋ​គោលដៅ ១០ លាន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង៕

វីដេអូ៖