ព្រៃវែងៈ បន្ទាប់ពី​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ក្រុង​ព្រៃវែង ចំនួន ០៣ ​នាក់​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ក្រោយពី​មាន​អាការៈសង្ស័យ និង​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​ (Rapid Test) រដ្ឋបាលខេត្ត​ព្រៃវែង​បាន​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​នេះ រយៈពេល​ ១៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២៤ ខែកក្កដា ដល់​ថ្ងៃទី​ ៦ ខែសីហា​។

លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង​បាន​ឱ្យដឹងថា ដើម្បី​បង្ការ ទប់ស្កាត់ និង​កាត់ផ្តាច់​នូវ​ការចម្លង​នៃ​ជំងឺ​កូវីដ​ ១៩ ​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ ក៏ដូចជា​ដើម្បី​ការពារ​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម លោក​បាន​ផ្អាក​បណ្តោះអាសន្ន​ផ្សារ​ក្រុង​ព្រៃវែង ស្ថិតក្នុង​ភូមិ​លេខ​ ៣ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​មួយរយៈ​សិន​។

លោក​បានឱ្យ​ដឹងថា៖ «​បច្ចុប្បន្ន អាជ្ញាធរ​ក្រុង និង​សង្កាត់​កំពុង​បន្ត​ស្រាវជ្រាវ និង​ស្វែងរក​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​បន្ថែមទៀត ដើម្បី​យក​សំណាក​មក​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩»​។

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​ក្នុង​ផ្សារ​ក្រុង​ព្រៃវែង​ទាំងអស់ ដែល​ធ្លាប់បាន​ប្រាស្រ័យ ទាក់ទង​ទាំង​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ជាបន្ទាន់ និង​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក​ដើម្បី​រក​មេរោគ​កូវីដ​ ១៩ ​នៅតាម​មន្ទីរពេទ្យបង្អែក និង​ត្រូវធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​បំផុត​។

ក្នុង​ករណី​មាន​ការសង្ស័យ ឬ​ប្រែប្រួល​សុខភាព​ខុសប្រក្រតី​ដូចជា ឡើង​កម្តៅ​លើសពី​ ៣៧ ​អង្សា ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក ថប់ៗ​ដង្ហើម ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិត​បំផុត​៕