ភ្នំពេញ៖ មន្រ្ទី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា កម្ពុជា​នៅ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​អុកស៊ីហ្ស៊ែន​ទៅ​ដល់​អ្នក​ជំងឺ​កូវីដ ១៩ បើ​ទោះបី​ជា​តម្រូវ​ការ​កើន​ឡើង​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ បន្ត​ចូលរួម​ប្រុងប្រយ័ត្ន និង​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​នេះ។

លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា នៅ​តែ​បន្ត​ការ​ឆ្លង​វីរុស​កូវីដ ១៩ ដែល​ជា​ក្តី​បារម្ភ​មួយ​របស់​ក្រសួង​សុខាភិបាល​ក៏​ដូចជា​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក​បាន​ធ្វើ​ការ​អំពាវនាវ​ថា៖ «ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ក៏​ដូចជា​ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​អុកស៊ីហ្ស៊ែន គឺ​ត្រូវ​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ការ​ពារការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ពិសេស​ការ​ឆ្លង​ក្នុង​គ្រួសារ»។

លោក ង៉ូវ កាង បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ត្រៀម​លក្ខណៈ​ជា​មុន ក្នុង​ការ​ផ្គត់់ផ្គង់​អុកស៊ីហ្ស៊ែន​ទៅ​ដល់​អ្នក​ជំងឺ​ទាំង​អស់ មិនមែន​តែ​អ្នក​ជំងឺ​កូវីដ ១៩ នោះ​ទេ​។

លោក​ថា៖ «មក​ដល់​ពេល​នេះ អុកស៊ីហ្ស៊ែន​មាន​តម្រូវ​ការ​ខ្ពស់ ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​មួយ ដែល​អាច​គ្រប់គ្រង​បាន តែ​និយាយ​បែប​នេះ មិនមែន​លើក​ទឹក​ចិត្ត​ឱ្យ​ពុក​ម៉ែ​បងប្អូន ឬ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ធ្វេស​ប្រហែស ក្នុង​ការ​ប្រតិបត្តិ និង​មិន​បាន​ប្រុងប្រយ័ត្ន​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​នោះ​ឡើយ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​កន្លង​មក​នេះ បាន​ផ្តល់​ឧបករណ៍​សម្រាប់​ផលិត​អុកស៊ីហ្ស៊ែន​ចំនួន ១០០ គ្រឿង ទៅ​ដល់​ប្រទេស​វៀតណាម៕