តាកែវៈ រដ្ឋបាលស្រុកសំរោង ខេត្តតាកែវបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ យាយជី និងតាជី ដែលធ្លាប់បានទៅវត្តចំនួន ៣ ក្នុងស្រុកសំរោង ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅ ភូមិ ឃុំ ដែលកំពុងរស់នៅ ព្រមទាំងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ពីក្រុមគ្រួសាររយៈពេល ១៤ ថ្ងៃ។
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីព្រះសង្ឃជិត ១០០ អង្គក្នុងវត្តចំនួន ៣ ផ្សេងគ្នា ក្នុងស្រុកសំរោង ខេត្តតាកែវ មានវិជ្ជមានកូវីដ ១៩ ក្នុងនោះមានវត្តបុរាណនិវេសន៍ (ហៅវត្តប្រាសាទនាងខ្មៅ) ស្ថិតនៅភូមិចារ ឃុំរវៀង វត្តសិរីវ័ន (ហៅវត្តក្បាលសំរោង) នៅភូមិសំរោង ឃុំទ្រា និងវត្តធម្មនិម្មិត (ហៅវត្តអង្គប្រីយ៍) នៅភូមិប្រមៀត ឃុំលំចង់។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកសំរោងនៅថ្ងៃទី ២៣ ខែកក្កដានេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃការិយាល័យស្រុកប្រតិបត្តិស្រុកបាទី និងមណ្ឌលសុខភាពឃុំរវៀងបានចុះពិនិត្យសំណាក ដល់ព្រះសង្ឃគង់នៅវត្តប្រាសាទនាងខ្មៅចំនួន ៥៥ អង្គ ជាលទ្ធផលនៃការយកសំណាកតេស្តរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ២៩ អង្គ។
ចំណែក វត្តក្បាលសំរោង ក្រុមគ្រូពេទ្យនៃការិយាល័យស្រុកប្រតិបត្តិដូនកែវ និងមណ្ឌលសុខភាពឃុំទ្រា បានចុះពិនិត្យសំណាកដល់ព្រះសង្ឃ និងពុទ្ធបរិស័ទពាក់ព័ន្ធ ចំនួន ៤៧ អង្គ/នាក់ ជាលទ្ធផលនៃការយកសំណាកតេស្តរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ១០ អង្គ។
រីឯវត្តអង្គប្រីយ៍ ក្រុមគ្រូពេទ្យនៃការិយាល័យស្រុកប្រតិបត្តិដូនកែវ និងមណ្ឌលសុខភាពឃុំលំចង់ បានចុះពិនិត្យសំណាក ដល់ព្រះសង្ឃចំនួន ១១៩ អង្គជាលទ្ធផលនៃការយកសំណាកតេស្ត រកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ៣៧ អង្គ។
ដោយឡែក រដ្ឋបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង បានចុះបិទខ្ទប់ជាបណ្តោះអាសន្ន វត្តកល្យាណី ហៅវត្តទួលត្នោតជុំ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបងនៅថ្ងៃទី ២៣ ខែកក្កដា នេះ បន្ទាប់ពីមានព្រះសង្ឃ និងយាយជី នៅក្នុងវត្តបានប៉ះពាល់ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ ១៩៕