ភ្នំពេញៈ ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ឱ្យ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​កន្លែង​ការងារ ខណៈ​អត្រា​ឆ្លង​ក្នុងចំណោម​បុគ្គលិក និង​កម្មករ-និយោជិត កំពុង​បម្រើ​ការងារ​តាម​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ មាន​អត្រា​ប្រឈម​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ណែនាំ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា នេះ​ថា ដោយសារ​ផ្អែក​តាម​ការវាយតម្លៃ​លើ​សភាពការណ៍​វិវឌ្ឍ​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ នា​រយៈពេល​ចុងក្រោយ​នេះ ការឆ្លង​ជា​បន្តបន្ទាប់ កើតមាន​ច្រើន​ចំពោះ​បុគ្គលិក និង​កម្មករ-និយោជិត​ដែល​កំពុង​បម្រើ​ការងារ​តាម​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ​។

លោក​ថា ម្ចាស់​ការដ្ឋាន ឬ​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវ​រឹតបន្ដឹង ការអនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដោយ​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​នូវ​បញ្ជី​ឈ្មោះ លេខ​ទូរស័ព្ទ អាសយដ្ឋាន ឬ ទីកន្លែង​ស្នាក់នៅ​ក្នុង​អំឡុងពេល​បំពេញការងារ និង​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ទៀត​របស់​បុគ្គលិក និង​កម្មករ-និយោជិត​ទាំងអស់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ការដ្ឋាន​សំណង់​នីមួយៗ​។

លោក ឃួង ស្រេង បាន​បញ្ជាក់ថា៖ «​ត្រូវ​ផ្តល់ព័ត៌មាន​ទាំងនេះ​មក​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច ដើម្បី​ងាយស្រួល​ក្នុង​ការកំណត់ អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ប្រសិនបើ​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​ក្នុង​ការដ្ឋាន​សំណង់​ជាយថាហេតុ​»​។

លោក​អភិបាល​រាជធានី​បាន​បន្តទៀតថា ម្ចាស់​ការដ្ឋាន ឬ​អ្នកគ្រប់គ្រង​ត្រូវ​ចាត់​ឱ្យមាន​អ្នក​ចែក​ម៉ាស់ វាស់​កម្ដៅ បាញ់​ទឹក​អាល់កុល ឬ​ជែល និង​អនុវត្ត​ការស្កេន QR Code នៅតាម​បណ្តា​ច្រកចេញ-ចូល​ការដ្ឋាន និង​តម្រូវឱ្យ​គ្រប់​បុគ្គល​ទាំងអស់ ដែល​មាន​វត្តមាន​ក្នុង​ការដ្ឋាន​សំណង់​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ គ្រប់​ពេលវេលា​ទាំងអស់​។

លោក​ថា៖ «​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើកទឹកចិត្ត​ដល់​ម្ចាស់​ការដ្ឋាន ឬ​អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់ ដែលមាន​លទ្ធភាព គួររៀបចំ​ឱ្យមាន​បន្ទប់​ស្នាក់នៅ​ប្រចាំថ្ងៃ​ជូន​បុគ្គលិក និង​កម្មករ-និយោជិត​របស់ខ្លួន ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ថែរក្សា​សុខុមាលភាព​របស់​ពួកគេ​»​។

ក្នុង​ករណី​មិនអាច​រៀបចំ​បាន​ត្រូវ​ណែនាំ​ឱ្យ​ពួកគេ ចៀសវាង​ការស្នាក់នៅ​ប្រមូលផ្តុំ​ក្រៅពី​រង្វង់​ក្រុមគ្រួសារ ឬ បុគ្គលិក និង​កម្មករ-និយោជិត​ដែល​បម្រើ​ការងារ​ក្នុង​ការដ្ឋាន​សំណង់​តែមួយ និង​ត្រូវ​គ្រប់គ្រង​ទីតាំង​ដែល​ពួកគេ​ស្នាក់នៅ​ឱ្យបាន​ច្បាស់លាស់​។

ជាមួយ​គ្នា​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យមាន​ការលក់​ដូរ​អាហារ​ភេសជ្ជៈ សម្ភារ​ប្រើប្រាស់ ឬ គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ​ដែល​គ្មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ទាំង​ខាងក្នុង និង​ជុំវិញ​ទីតាំង​ការសំណង់ដ្ឋាន​ដាច់ខាត លើកលែងតែ​សេវាកម្ម​ផ្គត់ផ្គង់​អាហារ​ប្រចាំថ្ងៃ ដែល​សហការ ឬ រៀបចំ​ដោយ​ម្ចាស់​ការដ្ឋាន ឬ អ្នកគ្រប់គ្រង​ការដ្ឋាន​។

លោក ឃួង ស្រេង ក៏បាន​ណែនាំ​ឱ្យ​ម្ចាស់​ការដ្ឋាន ឬ​អ្នកគ្រប់គ្រង ពិនិត្យ​លទ្ធភាព​ត្រៀម​ទីតាំង​សមស្រប សម្រាប់​ការធ្វើ​តេស្ត​យក​សំណាក ការអនុវត្ត​វិធាន​ចត្តាឡីស័ក ឬ​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល និង​ក៏​ត្រៀម​ឧបករណ៍​តេស្ត​រហ័ស​រក​វីរុស​កូវីដ​ ១៩ សម្រាប់​ប្រើប្រាស់​ក្នុង​ការដ្ឋាន​ផងដែរ​៕

វីដេអូ៖