The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក នេត សាវឿន ស្នើ​ឱ្យ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​នូវ​បញ្ជី​ពលករ ​ពី​ក្រៅ​ប្រទេស និង​អ្នក​បើកបរ​រថយន្ត




លោក នេត សាវឿន ស្នើ​ឱ្យ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​នូវ​បញ្ជី​ពលករ ​ពី​ក្រៅ​ប្រទេស និង​អ្នក​បើកបរ​រថយន្ត

Content image - Phnom Penh Post
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​អនុប្រធាន​គណៈប្រតិបត្តិ នៃ​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ (គ.អ.ក) ទទួល​បន្ទុក​អនុ​គណៈកម្មការ​ច្រក​ទ្វារ​ចេញ-ចូល​ប្រទេស និង​ការ​ធ្វើ​ចត្តា​ឡីស័ក។ ភ្នំពេញ ប៉ុស្តិ៍

លោក នេត សាវឿន ស្នើ​ឱ្យ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន ត្រូវ​គ្រប់គ្រង​ឱ្យ​បាន​នូវ​បញ្ជី​ពលករ ​ពី​ក្រៅ​ប្រទេស និង​អ្នក​បើកបរ​រថយន្ត

ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​អនុប្រធាន​គណៈប្រតិបត្តិ នៃ​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ (គ.អ.ក) ទទួល​បន្ទុក​អនុ​គណៈកម្មការ​ច្រក​ទ្វារ​ចេញ-ចូល​ប្រទេស និង​ការ​ធ្វើ​ចត្តា​ឡីស័ក បាន​ស្នើ​ឱ្យ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​ទ្វេ​ភាគី ​និង​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ ត្រូវ​គ្រប់​គ្រង​ឱ្យ​បាន នូវ​បញ្ជី​ពលករ​ចំណូល​ស្រុក​ពី​ក្រៅ​ប្រទេស អ្នក​បើកបរ​រថយន្ត ស្លាក​លេខ​រថយន្ត និង​អាសយដ្ឋាន​ទំនាក់​ទំនង​ឱ្យ​បាន​ត្រឹម​ត្រូវ។

ការ​ស្នើ​ដូច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ដក​ពិសោធន៍​ការងារ​គ្រប់​គ្រង​ស្ថានការណ៍​កូវីដ​១៩ របស់​អនុគណៈ​កម្មការ គ្រប់​គ្រង​ច្រក​ទ្វារ​ចេញ-ចូល​ប្រទេស និង​ការ​ធ្វើ​ចត្តាឡីស័ក នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន នា​ថ្ងៃទី​២៣ ខែ​កក្កដា​នេះ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ពាក់​ព័ន្ធ​ជាច្រើន​រូប។

កិច្ច​ប្រជុំ​នេះ គឺជា​កិច្ច​ប្រជុំ​ប្រមូល​ផ្តុំ​អំពី​ស្ថានការណ៍​ក្នុង​ការ​អនុវត្ត​ការងារ​បង្ការ ទប់​ស្កាត់ ការ​ឆ្លង​រាល​ដាល នៃ​ជំងឺ​កូវីដ​១៩ ដោយ​ប្រមូល​ផ្តុំ​ធាតុ​ចូល​ទាំង​ចំណុច​ខ្លាំង ចំណុច​ខ្សោយ បញ្ហា​ប្រឈម និង​សំណូមពរ ដើម្បី​យក​ជា​មូលដ្ឋាន​កែ​លម្អ​ផែន​ការ​សកម្មភាព និង​ចាត់​វិធានការ​បំពេញ​បន្ថែម សំដៅ​ចូល​រួម​បង្ការ ទប់ស្កាត់ និង​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ពិសេស​បង្ការ ទប់​ស្កាត់​ការ​ផ្ទុះ​ក្នុង​សហគមន៍​នូវ​ជំងឺ​កូវីដ​១៩ បំប្លែង​ថ្មី Delta។

លោក នេត សាវឿន បាន​លើក​ឡើង​ថា លេខាធិការដ្ឋាន ​នៃ​អនុគណៈកម្មការ​ច្រក​ទ្វារ​ចេញ-ចូល​ប្រទេស និង​ការ​ធ្វើ​ចត្តាឡីស័ក ត្រូវ​បូក​សរុប​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​អង្គ​ប្រជុំ ដាក់​ជូន​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ពិនិត្យ​ដោះ​ស្រាយ។

លោក​បាន​បន្ត​ថា៖ «យើង​ត្រូវ​រួម​គ្នា​ទាំង​ការងារ​ដឹក​នាំ​កម្លាំង ធនធាន មធ្យោបាយ សម្ភារ ក្នុង​ការ​ដោះ​ស្រាយ ដើម្បី​ចូល​រួម​បង្ការ ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ពិសេស​ការពារ​ប្រកប​ដោយ ប្រសិទ្ធ​ភាព លើ​ការ​នាំ​ចូល​ឆ្លង​រាតត្បាត​នូវ​មេរោគ​បំប្លែង​ថ្មី Delta»។

ក្នុង​កិច្ច​ប្រជុំ​នេះ ក៏​មាន​ការ​ចូលរួម​ពី លោក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួង​ការពារ​ជាតិ និង​ជា​អនុ​ប្រធាន​អនុគណ:កម្មការ​ច្រក​ទ្វារ​ចេញ-ចូល​ប្រទេស និង​ការ​ធ្វើ​ចត្តា​ឡីស័ក និង​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក និង​ជា​អនុ​ប្រធានគណៈប្រតិបត្តិ (គ.អ.ក) បាន​ចូល​រួម​ផ្តល់​យោបល់​បំពេញ​បន្ថែម សំដៅ​ជំរុញ​ឱ្យ​ការ​អនុវត្ត​ភារកិច្ច​របស់​អនុគណៈកម្មការ​គ្រប់​គ្រង​ច្រក​ទ្វារ​ចេញ-ចូល​ប្រទេស និង​ការ​ធ្វើ​ចត្តា​ឡីស័ក ឱ្យ​មាន​ដំណើរការ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍