ភ្នំពេញៈ វ៉ាក់សាំង AstraZeneca ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ចំនួន ៣៣២ ០០០ ដូស ជា​ជំហាន​ដំបូង ក្នុង​ចំណោម ១​លាន​ដូស បាន​ផ្តល់​ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា​ហើយ ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទទួល​ពី​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា នា​យប់​ថ្ងៃទី​២៣ ខែ​កក្កដា​នេះ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់-ទទួល​អំណោយ ដ៏​ថ្លៃថ្លា វ៉ាក់​សាំង​កូវីដ​១៩ AstraZeneca ថា ដោយ​ផ្អែក​លើ​ចំណង​មិត្ត​ភាព​យូរ​អង្វែង រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន និង​ដោយ​ការ​ឆ្លង​វីរុស​កូវីដ​១៩​ ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ជប៉ុន បាន​សម្រេច​ផ្តល់​វ៉ាក់សាំង​នេះ ដែល​ផលិត​ក្នុង​ប្រទេស​ជប៉ុន ដល់​ប្រទេស​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ខែ​កុម្ភៈ មាន​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ដែល​ខ្ញុំ​មាន​ការ​បារម្ភថា វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​សុខាភិបាល និង​ជីវភាព​របស់​ប្រជាជន។ ជា​លទ្ធផល​នៃ​ការ​គិត​ពិចារណា ក្នុង​ការ​រួម​ចំណែក​ធានា​បាន នូវវ៉ាក់សាំងសម្រាប់​ប្រជាជន​កម្ពុជា ក្រោយ​ការ​សម្រប​សម្រួល​ជាច្រើន ខ្ញុំ​រីករាយ​ដែល​អាច​ប្រគល់​ជូន​នូវ​វ៉ាក់សាំង​នៅ​ពេល​នេះ​ដល់​កម្ពុជា»។

លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា លោក​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ។

ជាមួយគ្នានេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​ក៏​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ផងដែរ​ថា ក្នុង​បរិការណ៍​នេះ ដូច​នឹង​ប្រទេស​ដទៃ​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ការ​ចាក់​វ៉ាក់សាំង ជា​វិធានការ​គន្លឹះ និង​មាន​ប្រសិទ្ធ​ភាព​មួយ ដែល​ត្រូវ​តែអ​នុវត្ត​ផ្គួប​ផ្សំ​នឹង​វិធាន​ការការពារ។

លោក​មាន​ប្រសាសន៍ថា ៖ «ទោះបី​តម្លៃ​ណា​ក៏​ដោយ កម្ពុជា​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ជោគ​ជ័យ ហើយអ្វី​ដែល​សំខាន់​សម្រាប់​ខ្ញុំ​គឺ​សុខភាព​របស់​ប្រជាជន ជីវិត​របស់​ប្រជាជន​របស់​ខ្ញុំ។ មាន​ការិះ​គន់​យ៉ាង​ណា ខ្ញុំ​មិន​ខ្វល់​នោះ​ឡើយ សំខាន់​គឺ​សុខភាព​របស់​ប្រជាជន»។

គិត​ត្រឹម​យប់​ថ្ងៃទី២៣ កក្កដា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​ ១៨​ឆ្នាំ​ឡើង​បាន​ជាង ៦,៥ លាន​នាក់ ហើយ​កម្ពុជា​គ្រោង​នឹង​ចាក់​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ ១០ លាន​នាក់ នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ៕