ភ្នំពេញៈ មន្ដ្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ «ក.ប.ប.» កាលពី​យប់​ថ្ងៃទី ២២-២៣ ខែ​កក្កដា​នេះ បន្ត​បង្ក្រាប​អាល់កុល​ក្លែងក្លាយ (មេតាណុល និង​អេតាណុល) សរុប​ចំនួន ៦២៩ កាន ស្មើនឹង ១៨ ៨៧០ លីត្រ​ទៀត​នៅ​រាជធានី​ភ្នំពេញ។

បើតាម​អគ្គនាយកដ្ឋាន ក.ប.ប. បន្ទាប់ពី​បានទទួល​ករណី​សង្ស័យ​លើ​ការចរាចរ​អាល់កុល​ក្លែងក្លាយ​លើ​ទីផ្សារ កាលពី​យប់​ថ្ងៃទី ២២ ខែ​កក្កដា ឆ្នាំ ២០២១ នេះ មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប. ដោយ​ទទួល​បាន​ការណែនាំ​ពី លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប. បាន​ចុះ​អង្កេត​តាម​បណ្តោយ​ផ្លូវ ៣៧១ លើ​មធ្យោបាយ​ដឹកជញ្ជូន​ជា​ម៉ូតូ​កង់បី និង​រថយន្ត​ដឹក​អាល់កុល​ជា​លទ្ធផល​ជាក់ស្តែង​ពិនិត្យ​ឃើញ​ថា ជា​សារធាតុ​មេតាណុល ហើយ​ឃាត់​បាន​ម៉ូតូ​កង់បី ៤ គ្រឿង និង​រថយន្ត​កូរ៉េ ១គ្រឿង សរុប​មាន​អាល់កុល​ចំនួន ១១២ កាន ស្មើនឹង ៣ ៣៦០ លីត្រ។

លោក ផាន អូន បាន​ថ្លែងថា បន្ទាប់ពី​បានធ្វើ​កំណត់ហេតុ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​មធ្យោបាយ​ជា​វត្ថុតាង​ទៅ​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន​ជាបឋម ហើយ​បានកំណត់​មុខសញ្ញា​ទីតាំង​ឃ្លាំង​ស្តុក​ទុក ចែកចាយ ដោយ​តាមឃ្លាំមើល​ជាប្រចាំ។

លោក​បាន​បញ្ជាក់ថា៖ «លុះ​ព្រឹក​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ មន្ត្រី​អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំ​នីតិវិធី​ចុះ​ឆែកឆេរ​ទីតាំង​ស្តុក ដោយមាន​ការឯកភាព​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​បាន​ចុះ​ត្រួតពិនិត្យ ដកហូត និង​ឃាត់ទុក​បណ្តោះអាសន្ន មេតាណុល និង​អេតាណុល​សរុប​ចំនួន ៦២៩ កាន ស្មើនឹង ១៨ ៨៧០ លីត្រ នៅ​ទីតាំង​ស្តុក​ទុក​មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ»។

លោក​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន សមត្ថកិច្ច​ចម្រុះ​សម្រេច​បិទ​ឃ្លាំង​ស្ដុក​អាល់កុល​ក្លែងក្លាយ​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ ប្រតិបត្តិការ​នេះ ប្រព្រឹត្ត​ទៅដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ៕