នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ផាម មិញជីញ​ បាន​ផ្ញើសារ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយបាន​ចាត់ទុក​ការជួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់​ប្រទេស​វៀតណាម គឺ​ជួយ​ឧបត្ថម្ភ​ប្រកប​ដោយ​ភាពជាក់ស្តែង និង​ទាន់ពេលវេលា និង​រួមចំណែក​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការបង្ការ និង​ប្រឆាំង​នឹង​ជំងឺ​រាលដាល​នៅ​ទីក្រុង​ហូជីមិញ។

លោក ផាម មិញជីញ បានលើកឡើង​តាមរយៈ​សារ​ផ្ញើជូន​លោក ហ៊ុន សែន ថា ៖ «ខ្ញុំ​មាន​ក្តីរំភើប​ចិត្ត​យ៉ាង​ក្រៃលែង នាពេល​ទទួលបាន​សារលិខិត​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី។ តាង​នាម​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម ខ្ញុំ​សូម​ផ្តាំ​ថ្លែង​អំណរគុណ​ដោយ​ស្មោះស្ម័គ្រ​ និង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា។ អំណោយ​ពិតជា​មាន​តម្លៃ និង​មាន​អត្ថន័យ​ជាច្រើន​សម្រាប់​អាជ្ញាធរ​ និង​ប្រជាជន​ទីក្រុង​ហូជីមិញ»។

លោក ផាម មិញជីញ បាន​បន្ថែមថា កាយវិការ​ដ៏ថ្លៃថ្លា​នេះ​កាន់តែ​មាន​តម្លៃ​ថែមទៀត ខណៈពេល​ដែល​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​កំពុង​ខិតខំ​ឆ្លើយតប​នឹង​ជំងឺ​នេះ​ក្នុង​ស្រុក​ផងដែរ និង​ក៏​ជា​សក្ខីភាព​នូវ​ប្រពៃណី «ជួយ​គ្នា​ទៅវិញ​ទៅមក» ដ៏ថ្លៃថ្លា​ដែល​ប្រទេស​ និង​ប្រជាជាតិ​ទាំងពីរ តែងតែ​ផ្តល់ជូន​គ្នា ជាពិសេស​ក្នុង​គ្រា​ជួប​ការលំបាក និង​បញ្ហា​ប្រឈម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​នូវ​ជំនួយ​ជា​បរិក្ខារ​សុខាភិបាល និង​ថវិកា​យក​ជូន​រដ្ឋាភិបាល​វៀតណាម​កាលពី​ថ្ងៃទី ១៩ ខែកក្កដា​កន្លងមកនេះ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ ១៩ ដែល​កំពុង​វាយលុក​យ៉ាងខ្លាំង​ក្នុង​ប្រទេស​វៀតណាម ដែល​ក្នុង​នោះ​មាន ម៉ាស់​ធម្មតា (Face Mask) ចំនួន ១ លាន​ម៉ាស់។ ម៉ាស់ N95 (Mask N95) ចំនួន ១០ ម៉ឺន​ម៉ាស់។ ម៉ាស៊ីន​ផលិត​អុកស៊ីហ្ស៊ែន​ស្វ័យប្រវត្តិ ១០០ គ្រឿង និង​មាន​ថវិកា​ដែល​ត្រូវបាន​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ២០ ម៉ឺន​ដុល្លារ ថវិកា សប្បុរសធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា​ចំនួន ១០ ម៉ឺន​ដុល្លារ និង​ថវិកា​របស់​សមាគម​មិត្តភាព​កម្ពុជា-វៀតណាម​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ៕