
អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់ KOICA តាមប្រព័ន្ធអនឡាញ។ រូបថត ក្រសួងព័ត៌មាន
ភ្នំពេញៈ KOICA នឹងផ្តល់វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីពី “ការអភិវឌ្ឍសមត្ថភាពរដ្ឋបាល លើគោលនយោបាយស្ត្រី” ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ខាងមុខនេះ។
ការិយាល័យកយកា-KOICA ប្រចាំនៅកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញបង្ហាញថា នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាចំនួន ២០ នាក់ មកពីក្រសួងកិច្ចការនារីកម្ពុជាស្តីពី “ការអភិវឌ្ឍសមត្ថភាពរដ្ឋបាល លើគោលនយោបាយស្ត្រី។ វគ្គបណ្តុះបណ្តាលនេះនឹងត្រូវប្រារព្ធឡើង តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៤ ខែសីហា ដែលមានរយៈពេល ១០ ថ្ងៃ។
KOICA សរសេរលើហ្វេសប៊ុកថា «កយកា-KOICA ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះវិញ ដោយពិចារណាថា វានឹងមានការលំបាកក្នុងការអនុវត្តកម្មវិធីអញ្ជើញទៅបណ្តុះបណ្តាលដោយផ្ទាល់ នៅប្រទេសកូរ៉េនៅក្នុងឆ្នាំ ២០២១ ដោយសារស្ថានភាពរាតត្បាតជំងឺកូវីដ-១៩»។
ការបណ្តុះបណ្តាលតាមអ៊ីនធឺណិត ឬ តាមប្រព័ន្ធអនឡាញនេះមានគោលបំណង លើកកម្ពស់ការអភិវឌ្ឍសមត្ថភាពរដ្ឋបាលលើការការពារសិទ្ធិស្ត្រី និងសមភាពយេនឌ័រ ដើម្បីបង្កើតមូលដ្ឋាន សម្រាប់ពង្រីកវិសាលភាពនៃសកម្មភាពរបស់អ្នកជំនាញគោលនយោបាយយេនឌ័រសកល តាមរយៈការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍគោលនយោបាយរបស់ស្ត្រី។ បង្កើតសង្គមយេនឌ័រស្មើភាពគ្នាតាមរយៈការលើកកម្ពស់ការចូលរួមក្នុងសង្គម ការងារ តុល្យភាពជីវិតការងារ សុវត្ថិភាព និងសុខភាពសម្រាប់ស្ត្រី។
ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរយៈពេល ១០ ថ្ងៃនេះ សិក្ខាកាមទាំងអស់នឹងរៀនអំពីការកំណត់អត្តសញ្ញាណអំពីបញ្ហានាពេលបច្ចុប្បន្ននេះ តាមរយៈការសិក្សាទៅលើរបាយការណ៍។ ការស្វែងរកដំណោះស្រាយ តាមរយៈការរៀនសូត្រ ការពិភាក្សាតាមតាមប្រព័ន្ធអនឡាញ។ ល។ និង បង្ហាញផែនការសកម្មភាពនៅវគ្គសិក្ខាសាលាចុងក្រោយ។
ការិយាល័យ កយកា-KOICA ប្រចាំនៅកម្ពុជា សរសេរលើហ្វេសប៊ុកថា «នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត»។
ការិយាល័យរបស់ជប៉ុនមួយនេះបញ្ជាក់ថា នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ ចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០២០ កយកា-KOICA បានអញ្ជើញមន្ត្រីរដ្ឋាភិបាលប្រហែល ៣ ១០០ នាក់ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីអនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់ កយកា-KOICA៕