ភ្នំពេញៈ ជនសង្ស័យ​ចំនួន ២ នាក់​ក្នុងនោះ​ស្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ ដើម្បី​អនុវត្ដ​តាម​នីតិវិធី ក្រោយ​ឃាត់ខ្លួន​បាន នៅ​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ជាមួយ​នឹង​គ្រឿងញៀន​ជាង ៥០ គីឡូក្រាម។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង ១០ និង ៣៥ នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១) ដឹកនាំ​ដោយ​លោក អ៊ិន សុង នាយករង​មន្ទីរ និង​លោក ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​នៅ ៤ ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់។

ទីតាំង​ចុះបង្ក្រាប​ទាំងនោះ​រួមមាន ទី១-នៅ​ចំណុច​ផ្លូវលំ សង្កាត់​ទួលសង្កែ១ ខណ្ឌ​ឫស្សីកែវ។ ទី២-នៅ​ចំណុច​អតីត​រោងចក្រ​ទឹកដោះគោ​លើ​ផ្លូវ​ជាតិ​លេខ ៥ សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ទី៣-នៅ​ចំណុច​ផ្ទះជួល​លេខ ១៣២៩ ផ្លូវ ១០៣ ភូមិ​ទួលថ្លាន់ សង្កាត់​ទួលសង្កែ២ ខណ្ឌ​ឫស្សីកែវ។ ទី៤-ផ្ទះ​ដេ២ ផ្លូវ​បេតុង ភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ។

របាយការណ៍​បញ្ជាក់ថា ជា​លទ្ធផល​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ រួមមាន ១ ឈ្មោះ សាន ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ និង ២ ឈ្មោះ សុខ ពន្លក ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​ខ្មែរ។

សមត្ថកិច្ច​ជំនាញ​ក៏បាន​ចាប់យក​វត្ថុតាង​រួមមាន ១ មេតំហ្វេតាមីន (ICE) ៣០ កញ្ចប់ធំ ៤ កញ្ចប់​តូច ស្មើ​ទម្ងន់​ជាង ៣០ គីឡូក្រាម ២ កេតាមីន (Ketamine) ២០ កញ្ចប់​ធំ ស្មើ​ទម្ងន់​ជាង ១៩ គីឡូក្រាម ៣ ទូរស័ព្ទ ៣ គ្រឿង, ៤ ម៉ូតូ ១ គ្រឿង ៥-រថយន្ត ១ គ្រឿង។ សរុប​សារធាតុញៀន​ចំនួន​ជាង ៥០ គីឡូក្រាម។

របាយការណ៍​ដដែល​បញ្ជាក់​ថា​ក្រោយ​បញ្ចប់​ការធ្វើ​តេស្ដ​សារធាតុញៀន​ជាង ៥០ គីឡូក្រាម និង​បង្ហាញមុខ​ជនសង្ស័យ​កាលពី ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ ២០២១ នេះ​នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕