តាកែវៈ អង្គភាព​ការពារ​កុមារ (CPU) អះអាង​ថា ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​នឹង​ពិនិត្យ​សំណុំរឿង​ឡើងវិញ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា​ជនល្មើស​នឹង​ទទួល​នូវ​ការផ្តន្ទាទោស​សមស្រប​បំផុត ក្រោយពី​កុមារី​រងគ្រោះ​ពី​ករណី​ហិង្សា​នៅ​ខេត្ត​តាកែវ​ដោយ​បុរស​ម្នាក់​វាយ​ដោយ​បំពង់ទីប​បាន​ស្លាប់​កាលពី​ល្ងាច​ថ្ងៃទី ២២ ខែកក្កដា។ នេះ​បើតាម​អង្គភាព CPU។

កាលពី​វេលា​ម៉ោងជាង ៤ រសៀល ថ្ងៃទី ១៨ កក្កដា មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ ១ គ្រឿង​កាត់​ភូមិ-ឃុំ​ពពេល​ ស្រុក​ត្រាំកក់ ដោយ​ឌុប​កូន​ដែលជា​ក្មេងស្រី​រងគ្រោះ​ឈ្មោះ លី សៀវ។ ពេលនោះ​ស្រាប់តែ​បុរស​ឈ្មោះ ចិត្រ បុល បាន​កាន់​បំពង់ទីប​ដេញ​វាយ​ជនរងគ្រោះ​ ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​យឺតៗ​បណ្តាល​ឱ្យ​ត្រូវចំ​ថ្ងាស​ក្មេងស្រី​រងគ្រោះ​ហូរឈាម​របួសធ្ងន់​ រីឯ​ឪពុក​ក៏ត្រូវ​របួស​ដៃ​ផងដែរ។

ហេតុការណ៍​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ពពេល ហើយ​នគរបាល​ឃុំ​បាន​រាយការណ៍​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ហើយ គឺ​កម្លាំង​សមត្ថកិច្ច​ស្រុក​រួមទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពេល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន។

រហូតដល់​ថ្ងៃទី ២១ កក្កដា ក្រោយពី​ចាប់ខ្លួនបាន ៣ ថ្ងៃ ពាក់ព័ន្ធ​ការវាយ​ក្មេងស្រី​ម្នាក់​អាយុ ២ ឆ្នាំ​ត្រូវចំ​ថ្ងាស​របួសធ្ងន់ ប្រព្រឹត្ត​នៅ​ភូមិ-ឃុំ​ពពេល ស្រុក​ត្រាំកក់ តុលាការ​ខេត្ត​តាកែវ​បានសម្រេច​ឃុំខ្លួន​បុរស​ឈ្មោះ ចិត្រ បុល ក្នុង​ពន្ធនាគារ​ខេត្តតាកែវ។

អង្គភាព​ការពារ​កុមារ​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី ២២ ខែកក្កដា​នេះ​ថា៖ «ខ្ញុំ​សូម​រាយការណ៍​ទាំង​មាន​ភាពសោកស្តាយ​យ៉ាងខ្លាំង ថា​ទោះជា​ក្រុមគ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ព្យាយាម​អស់ពី​សមត្ថភាព​យ៉ាងណា​ក៏ដោយ​សុខភាព​របស់​ក្មេងស្រី លី សៀវ អាយុ ២ ឆ្នាំ មិន​បាន​ធូរស្រាល​ឡើយ និង​បាន​ផុត​ជីវិត​កាលពី​រសៀល​នេះ»។

អង្គភាព​ការពារ​កុមារ​បញ្ជាក់ថា​នឹង​ផ្តល់ជំនួយ​ទៅ​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ក្នុង​ការរៀបចំ​ពិធី​បុណ្យសព និង​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​រាល់​ដំណើរការ​តុលាការ​ខាងមុខនេះ។

អង្គភាព​ការពារ​កុមារ​អះអាង​ថា៖ «ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​នឹង​ពិនិត្យ​សំណុំ​រឿងនេះ​ឡើងវិញ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា​ជនល្មើស​នឹង​ទទួល​នូវ​ការផ្តន្ទាទោស​សមស្រប​បំផុត»៕