
ភ្នំពេញៈ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញប្រាប់ពលរដ្ឋ សិក្ខាកាមនគរបាលជាតិ សិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញឱ្យបន្តអនុវត្តសារាចររបស់រដ្ឋាភិបាលវៀតណាមចំនួន ២ សប្តាហ៍បន្ថែមទៀត ខណៈជំងឺឆ្លងកូវីដ ១៩ មិនថមថយ ហើយថែមទាំងចម្លងរហ័សជាងមុនដោយវីរុស Delta។
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញកាលពីម្សិលមិញបានជូនដំណឹងទៅបងប្អូនប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ សិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញឱ្យបានដឹងថា គិតចាប់ពីថ្ងៃទី ៩ ខែកក្កដា ទីក្រុងហូជីមិញបានអនុវត្តសារាចរណែនាំលេខ ១៦ ក្នុងការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប៉ុន្តែស្ថានការណ៍វិវឌ្ឍនៃជំងឺឆ្លងនេះមិនថមថយទេ និងកំពុងវិវឌ្ឍយ៉ាងស្មុគស្មាញ ពិបាកស្មាន ដែលបង្កដោយវីរុសប្រភេទថ្មី Delta ចំនួនអ្នកវិជ្ជមាន បន្តកើតឡើង ការចម្លងមេរោគរហ័ស និងកាចសាហាវជាងមុន។
លោក ង្វៀន វ៉ាន់នេន លេខាបក្សទីក្រុងហូជីមិញនៅថ្ងៃទី ២២ ខែកក្កដា បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការពង្រឹងវិធានការណ៍មួយចំនួនក្នុងការបន្តអនុវត្តសរាចរណែនាំលេខ ១៦ របស់រដ្ឋាភិបាលវៀតណាមចំនួន ២ សប្តាហ៍បន្ថែមទៀត ដោយអនុវត្តចាប់ពីម៉ោង សូន្យ និងសូន្យ នាទីថ្ងៃទី ២៤ ខែកក្កដានេះតទៅ ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ។
ក្នុងសេចក្តីជូនដំណឹងសរសេរថា «ទិសដៅនៃការពង្រឹងការអនុវត្តសរាចរណែនាំលេខ ១៦ បន្តទៀតនេះគឺដើម្បីការពារអាយុជីវិត សុខុមាលភាពប្រជាជន កាត់បន្ថយការបាត់បង់អាយុជីវិត ជាអតិបរមា ការពារប្រព័ន្ធសុខាភិបាល និងសមត្ថភាពក្នុងការព្យាបាល សង្គ្រោះអ្នកជំងឺ បិទខ្ទប់ និងគ្រប់គ្រងសន្ទុះនៃការចម្លងរបស់មេរោគ រក្សាស្ថិរភាព ពង្រឹងតំបន់សុវត្ថិភាព និងគ្រប់គ្រងការចម្លងនៅតំបន់ដែលមានហានិភ័យខ្ពស់»។
តាមរយៈវិធានការណ៍សំខាន់ៗ និងតឹងរ៉ឹងត្រូវបានអនុវត្តនៅទូទាំងក្រុងហូជីមិញ បន្ថែមលើវិធានការណ៍ដែលមានស្រាប់ (ការហាមជួបជុំលើសពី ២ នាក់នៅទីសាធារណៈចេញក្រៅផ្ទះតែក្នុងករណីចាំបាច់បំផុតដូចជាទិញម្ហូបអាហារ ថ្នាំពេទ្យ ទៅមន្ទីរពេទ្យ) ក្នុងនោះមានដូចជា មិនអនុញ្ញាតឲ្យប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្សនៅជុំវិញខ្លួន។ អនុញ្ញាតឲ្យចេញក្រៅតែក្នុងករណីសង្គ្រោះបន្ទាន់ និងកំហិតដោយឲ្យចេញក្រៅផ្ទះបានតែ ២ ដងក្នុង ១ សប្តាហ៍ ដើម្បីទិញម្ហូបអាហារ ចាំបាច់ (ប្រើប្រាស់ប័ណ្ណ)។
នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់មួយចំនួន ប្រជាជនត្រូវបានហាមចេញពីផ្ទះតែម្តង ហើយអាជ្ញាធរមូលដ្ឋានជាអ្នកផ្គត់ផ្គង់ម្ហូបអាហារ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន។ ជាមួយគ្នានោះ ត្រូវផ្អាកសកម្មភាពធុរៈកិច្ច និងផលិតកម្ម ព្រមទាំងការដ្ឋានសាងសង់មិនចាំបាច់។
ដោយឡែក ស្ថាប័នធនាគារ និងផ្សារផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងអនុញ្ញាតឲ្យបើកដំណើរការឱ្យសមាមាត្រនឹងតម្រូវការចាំបាច់ប៉ុណ្ណោះ រួមទាំងការចែកចាយទៅតាមទីតាំង និងសាខានីមួយៗ។ ចំពោះប៉ុស្តិ៍ត្រួតពិនិត្យ អនុញ្ញាតឲ្យធ្វើចរាចរណ៍តែយានជំនិះណាដែលបម្រើឲ្យគោលបំណងប្រើប្រាស់ផ្លូវឆ្លងកាត់ក្រុងទៅកាន់ខេត្តផ្សេង យានជំនិះដឹកជញ្ជូនចំណីអាហារ និងយោធា។
សេចក្តីជូនដំណឹងបញ្ជាក់ថា «ស្ថានអគ្គកុងស៊ុលសូមស្នើបងប្អូនទាំងអស់មេត្តាបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬទឹកលាងដៃកំចាត់មេរោគឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព (២ ម៉ែត្រ) កុំចេញក្រៅក្នុងករណីមិនចាំបាច់ និងត្រូវអនុវត្តវិធានការសុខាភិបាល និងសារាចរណែនាំខាងលើឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពបំផុត»៕