
ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកំពតមានតែគណបក្សនយោបាយចំនួន ១ ប៉ុណ្ណោះបានធ្វើសកម្មភាពឃោសនា ដោយឡែកគណបក្សនយោបាយចំនួន ៣ ផ្សេងទៀតពុំមានសកម្មភាពឃោសនានោះទេ។ រូបថត ក្រសួងព័ត៌មាន
កំពតៈ ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តកំពតមានតែគណបក្សនយោបាយចំនួន ១ ប៉ុណ្ណោះបានធ្វើសកម្មភាពឃោសនា ដោយឡែកគណបក្សនយោបាយចំនួន ៣ ផ្សេងទៀតពុំមានសកម្មភាពឃោសនានោះទេ។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត កាលពីម្សិលមិញបានឲ្យដឹងថា ថ្ងៃទី ២៣ ខែកក្កដានេះ គឺជាថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ ថ្ងៃនេះមានតែគណបក្សនយោបាយចំនួន ១ ប៉ុណ្ណោះ បានធ្វើការឃោសនារកសំឡេងឆ្នោត ដោយឡែកគណបក្សចំនួន ៣ ផ្សេងទៀតពុំមានសកម្មភាពឃោសនាទេ។
ក្នុងសេចក្តីជូនដំណឹងសរសេរថា «គណបក្សប្រជាជនកម្ពុជាមានការប្រមូលផ្តុំសមាជិក ២០០ នាក់ក្នុងក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរថយន្តចំនួន ៨០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ» ។
ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ហើយគណបក្សនយោបាយទាំង ៤ ដែលមានគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជាបានធ្វើសកម្មភាពទៅតាមលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោតដូចជាការចាក់មេក្រូ ការចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការហែក្បួន ជាដើម។
លោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនា បានឱ្យដឹងថា ការឃោសនាបោះឆ្នោតក្នុងរយៈពេល ៨ ថ្ងៃមកនេះបានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។ លោកថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។
សូមជម្រាបថា ការឃោសនាបោះឆ្នោតនេះត្រូវចាប់ផ្តើមពីម៉ោង ៦ ព្រឹក ដល់ម៉ោង ១០ យប់ ហើយការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់ចំនួន ២ ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕