សៀមរាបៈ មន្ទីរពេទ្យ​កុមារ​អង្គរ​កាលពី​ម្សិលមិញ​បានទទួល​ថវិកា​ចំនួន ៥០ ០០០ ដុល្លារ​អាមេរិក​ពី​កាកបាទ​ក្រហម​កម្ពុជា ស្រប​ពេលដែល​មន្ទីរពេទ្យ​នេះ​កំពុងតែ​ធ្វើ​យុទ្ធនាការ​ស្វែងរក​ជំនួយ​ ដើម្បី​ទ្រទ្រង់។

តាមរយៈ​ហ្វេសប៊ុក​មន្ទីរពេទ្យ​កុមារ​អង្គរ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ស្រប​ពេលដែល​មន្ទីរពេទ្យ​កំពុងតែ​ធ្វើ​យុទ្ធនាការ​ស្វែងរក​ជំនួយ​ ដើម្បី​ទ្រទ្រង់​ទៅលើ​ការឆ្លង​រីករាលដាល​លើ​កុមារ​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ គណៈប្រតិភូ​នៃ​កាកបាទ​ក្រហម​កម្ពុជា ជាច្រើន​រូប​បាន​អញ្ជើញ​ជួប​ថ្នាក់ដឹកនាំ​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ជួប​ការលំបាក​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ នៅក្នុង​មន្ទីរពេទ្យ និង​នៅក្នុង​សហគមន៍​ទូទាំង​ប្រទេស។

ក្នុង​ឱកាស​នោះ លោកស្រី ពុំ ច័ន្ទីនី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បានប្រគល់​ថវិកា​ចំនួន ៥០ ០០០ ដុល្លារ​អាមេរិក ដែល​ជា​ថវិកា​សប្បុរសធម៌​ពី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ជាមួយ​នឹង​សម្ភារ​បរិក្ខារ​ប្រើប្រាស់​ក្នុង​ការព្យាបាល​ថែទាំ​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ​មួយចំនួន​ទៀត​ជាច្រើន ដើម្បី​ជួយ​សម្រាល​បន្ទុក​នៃ​ការខ្វះខាត​បន្ទាន់​កំពុង​កើតឡើង​ក្នុង​ពេល​បច្ចុប្បន្ននេះ។

លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មន្ទីរពេទ្យ​កុមារ​អង្គរ​បញ្ជាក់​ថា «កាកបាទ​ក្រហម​កម្ពុជា​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​សរុប​ចាប់តាំងពី​ឆ្នាំ២ ០១៩ រហូតមកដល់​បច្ចុប្បន្ន​នេះ​គឺមាន​ចំនួន ១២០ ០០០ ដុល្លារ​អាមេរិក សម្រាប់​ការចូលរួម​ចំណែក​នៅក្នុង​ការបន្ត​និរន្តរភាព​ប្រតិបត្តិ​ការផ្តល់សេវា​ថែទាំ​សុខភាព​កុមារ​កម្ពុជា​ប្រកប​ដោយ​គុណភាព ក្តីមេត្តា​ករុណា និង​ឥត​គិត​កម្រៃ»។

ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​ដ៏សប្បុរស​របស់​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និង លោក លោកស្រី សមាជិក​គណៈកម្មាធិការ និង​ប្រតិបត្តិ​ទាំងអស់​របស់​កាកបាទ​ក្រហម​កម្ពុជា​នៅក្នុង​ការយកចិត្ត​ទុកដាក់​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ឲ្យ​មាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច។

សូមជម្រាបថា មន្ទីរពេទ្យ​កុមារ​អង្គរ​សហការ​ជាមួយ​ព្រះមហា​វិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈ​ថ្នាក់ទោ ជា​ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​សមាជិក​ថេរសភា​នៃ​ព្រះពុទ្ធសាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សប្បុរសជន​ជាច្រើន​នាក់​ទៀត​នឹង​រៀបចំ​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​ឆ្នាំ​ទី ៨ ដោយ​រៀបចំ​ជា ២ វគ្គ។ គឺ​កម្មវិធី​សម្តែង​ព្រះធម៌​ទេសនា​ជា​ធម្មទាន និង​មាន​ការផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អនឡាញ បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ ដោយ​ធម្មកថិក​ល្បីៗ​ទាំង​ក្នុង និង​ក្រៅប្រទេស ចាប់ពី​ម៉ោង ៩ ដល់​ម៉ោង ១០ ព្រឹក​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី ១៣ ដល់ ២៨ ខែសីហា ២០២១ ជាមួយ​នឹង​ប្រធានបទ​ខុសៗ​គ្នា។

និង​កម្មវិធី​សូត្រមន្ត​ចម្រើន​ព្រះបរិត្ត និង​កម្មវិធី​សម្តែង​ព្រះ​ធម្មទេសនា​ដោយ​ធម្មកថិក​ចំនួន ៧ អង្គ​ឆ្លងឆ្លើយ​អំពី “អរិយទ្រព្យ ៧ ប្រការ" រៀបចំ​ឡើង​នៅក្នុង​បរិវេណ​រង់ចាំ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប (ដោយ​អ្នកចូលរួម​មាន​ចំនួន​កំណត់) ព្រមទាំង​ផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក មន្ទីរពេទ្យ​កុមារ​អង្គរ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១៕