បន្ទាយមានជ័យៈ រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ​បាន​អះអាង​នៅថ្ងៃនេះ​ថា តាម​អនុសាសន៍​ណែនាំ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាជ្ញាធរខេត្ត​សហការ​ជាមួយ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​រៀបចំ​ដាក់​ឱ្យ​ដំណើរការ ថែទាំ ការព្យាបាល​អ្នកជំងឺ​កូវីដ១៩ នៅតាម​ផ្ទះ។

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ដែល​ដឹកនាំ​ដោយ​លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ព្រមទាំង​អភិបាលរង​ខេត្ត ក្រុមការងារ មន្ទីរ​សុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរ​ក្រុង/ស្រុក​ទាំង ៩ នា​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា​នេះ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្ដីពី «នីតិវិធី​ប្រតិបត្តិ​ស្តង់ដា សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល អ្នកជំងឺ​កូវីដ ១៩ នៅតាម​ផ្ទះ» តាម​ប្រព័ន្ធ ZOOM ក្រោម​ការដឹកនាំ​សម្របសម្រួល​របស់​លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល។

លោក អ៊ុ រាត្រី បាន​ថ្លែង​នៅក្នុងពេល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​ថា៖ «ថ្ងៃនេះ​ដោយបាន​គោលការណ៍​ឯកភាព​ពី​ក្រសួង​សុខាភិបាល​ក្រោម​ការសម្របសម្រួល​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល អ្នកជំងឺ​កូវីដ ១៩ នៅតាម​ផ្ទះ​ដើម្បី​ឈានទៅដល់​ការដំណើរការ​នាពេល​ខាងមុខ​នេះ»។

លោក​អភិបាល​បានឱ្យ​ដឹងថា​ក្នុង​នាម​អាជ្ញាធរខេត្ត​បាន​ប្តេជ្ញា​ខ្ពស់​ក្នុង​ការសម្របសម្រួល​ដឹកនាំ ប្រតិបត្តិ​ការងារ ថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ តាម​ផ្ទះ​នេះ​ឱ្យ​បាន​ជោគជ័យ​ក្នុង​នោះ​រដ្ឋបាលខេត្ត​បាន​រៀបចំ​រួចហើយ​លក្ខណៈ​តាម​ការណែនាំ រៀបចំ​ក្រុមការងារ​ប្រចាំ​ការងារ ខេត្ត និង​ជា​ក្រុម​តាម​ស្រុក/ក្រុង និង​ក្រុម​ប្រចាំការ Hotline និង​ក្រុមគ្រូពេទ្យ។

លោក​បញ្ជាក់ថា៖ «ជា​ជំហាន​ដំបូង​នេះ​រដ្ឋបាលខេត្ត​នឹង​ដាក់ឱ្យ​ដំណើរការ ថែទាំ ព្យាបាល​តាម​ផ្ទះ ចំពោះ​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ»។

លោក ង៉ូវ កាង រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បានបញ្ជាក់​តាម​ប្រព័ន្ធ Zoom ថា ការប្រកាស​ឱ្យប្រើ​ប្រាស់​ការថែទាំ ព្យាបាល​តាម​ផ្ទះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​អាជ្ញាធរ ទាំង​ការកាត់បន្ថយ​ការចំណាយ​តាម​អនុសាសន៍​ណែនាំ​យកចិត្ត​ទុកដាក់​ដ៏ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល។

លោក​បាន​បញ្ជាក់ថា៖ «ក្រុមការងារ​ទាំងអស់​ទាំង​គ្រូពេទ្យ មន្ទីរ​សុខាភិបាល ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​នៅពេល​អនុវត្តន៍​កិច្ចការ​នេះ។ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ សូមឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ សូម​យកចិត្ត​ទុកដាក់​គ្រូឧទ្ទេស​ធ្វើ​បទបង្ហាញ​លម្អិត​ពី​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែ​ទាំង និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ នៅតាម​ផ្ទះ»។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី ២៣ ខែកក្កដា​នេះ បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ ១៩ ចំនួន ៧៤ នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ២៩១ នាក់។

ចំណែក​របាយការណ៍​សង្ខេប​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​របស់​ខេត្តបន្ទាយមានជ័យ​គិត​ត្រឹម​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ បានឱ្យដឹងថា​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍ ២០ កុម្ភៈ ប្រជាពលរដ្ឋ​គ្រប់​ខេត្ត​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​តាម​ខេត្ដ​នេះ​បានធ្វើ​ចត្តាឡីស័ក​តាម​មណ្ឌល​ទាំង ១៥ ក្នុង​ខេត្ដ​មាន​ចំនួន​សរុប​ជាង ៤៥ ពាន់​នាក់។ កំពុង​នៅក្នុង​ការធ្វើ​ចត្ដាឡីស័ក​ចំនួន​ជាង ៣ ពាន់​នាក់។ ក្នុង​ខេត្ដ​នេះ​មាន​អ្នកស្លាប់ ដោយសារ​ជំងឺ​កូវីដ ១៩ ចំនួន ៦៦ នាក់​ក្នុងនោះ​មាន​ថៃ ២ នាក់ និង​ឥណ្ឌូនេស៊ី ៣ នាក់៕