ភ្នំពេញៈ តុលាការ​កំពូល​កម្ពុជា​នៅ​ថ្ងៃទី ១២ ខែកក្កដា​នេះ​បានសម្រេច​រំលាយ​គណបក្សនយោបាយ​ចំនួន ៣ តាមរយៈ​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ ដោយសារ​តែ​គណបក្ស​ទាំងនេះ​បាន​ប្រព្រឹត្ដ​ល្មើស​ទៅនឹង​ច្បាប់​ស្ដីពី​គណបក្សនយោបាយ និង​គ្មាន​សកម្មភាព​នយោបាយ និង​មិន​បានធ្វើ​របាយការណ៍​មក​ក្រសួង​មហាផ្ទៃ​ជាច្រើន​ឆ្នាំ។ នេះ​បើតាម​សាលដីកា។

យោងតាម​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃទី ១៩ ខែកក្កដា​នេះ បានឱ្យដឹងថា គណបក្ស​នយោបាយ​ដែល​តុលាការ​កំពូល​សម្រេច​រំលាយ​តាមរយៈ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ​ក្រោយ​គ្មាន​សកម្មភាព​ជាច្រើន​ឆ្នាំនេះ​រួមមាន «គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ» របស់​លោក ហោ ម៉េងហ៊ាង, «គណបក្ស វង្គត ខេមរៈ មហានគរ» របស់​លោក ផាន់ ស៊ីណា និង «គណបក្ស​សង្គម​ប្រជាធិបតេយ្យ» របស់​លោក ថោង សុវណ្ណារ៉ា ដែល​គណបក្ស​ទាំងនេះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ ២០២១ នេះ។

តាម​អង្គហេតុ​នៃ​សាលដីកា​របស់​តុលាការ​កំពូល​ឱ្យដឹងថា ក្រសួង​មហាផ្ទៃ បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល បន្ទាប់ពី​គណបក្ស​ទាំង ៣ ខាងលើ​នេះ គ្មាន​សកម្មភាព និង​អស់​រយៈពេល​ច្រើន​ឆ្នាំ​មិនអាច​ទាក់ទង​បាន ហើយ​មិន​បានធ្វើ​របាយការណ៍​អំពី​ការធ្វើ​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​មក​ក្រសួង​មហាផ្ទៃ។

ចាប់តាំងពី​ឆ្នាំ ២០១៧ មក រហូត​មកដល់​ពេលនេះ គណបក្ស​នយោបាយ​ប្រមាណ ៤ ហើយ​ត្រូវ​តុលាការ​កាត់ទោស​រំលាយ ដោយ​ការល្មើស​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ និង​គ្មាន​សកម្មភាព។ ប៉ុន្ដែ​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាច្រើន​ផ្សេងទៀត កំពុង​ធ្វើ​សកម្មភាព ដោយ​ក្នុងនោះ​មាន​មួយចំនួន បាន​ប្រកាស​រួចហើយ​ក្នុង​ការត្រៀម​ខ្លួន​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០២៣ ខាងមុខ៕