
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ថ្មីចំនួន ៩៩ នាក់ ខណៈអ្នកជាសះស្បើយចំនួន ១១០ នាក់ និងស្លាប់ចំនួន ២ នាក់កាលពីម្សិលមិញ។ រូបថត រដ្ឋបាលខេត្តសៀមរាប
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ថ្មីចំនួន ៩៩ នាក់ ខណៈអ្នកជាសះស្បើយចំនួន ១១០ នាក់ និងស្លាប់ចំនួន ២ នាក់កាលពីម្សិលមិញ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃនេះបានឲ្យដឹងថា ការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ៩៩ នាក់ ជាសះស្បើយជំងឺ ចំនួន ១១០ នាក់ និងស្លាប់ចំនួន ២ នាក់ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១។
ក្នុងសេចក្តីជូនដំណឹងសរសេរថា «អ្នកជាសះស្បើយទាំង ១១០ នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ»។
មកទល់ពេលនេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ ១៩ ចំនួន ៣ ៦២០ នាក់បានព្យាបាលជាសះស្បើយចំនួន ១ ៨៥០ នាក់ ស្លាប់ ៣៧ នាក់ និង ១ ៧៣៣ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
តាមរយៈសេចក្តីជូនដំណឹងរដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ»។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់បន្ថែមថា ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕