ភ្នំពេញ៖ សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា កាល​ពី​ថ្ងៃទី ២០ ខែ​កក្កដា បាន​បង្ក្រាប​ទីតាំង​កែច្នៃ រក្សា​ទុក​គ្រឿង​ញៀន ចាប់​ខ្លួន​ឧក្រិដ្ឋជន ៥ នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ ១ នាក់ និង​ជនជាតិ​វៀតណាម ៤ នាក់ និង​រឹប​អូស​គ្រឿង​ញៀន​ជាង ១៥៦ គីឡូក្រាម ​នៅ​សង្កាត់​និរោធនិ៍ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

យោ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឱ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​ដោយ​អនុវត្ត​តាម​បញ្ជា លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន។

របាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ វេលា​ម៉ោង ២២ និង ២០ នាទី សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន (ក៨) ដឹកនាំ​ដោយ​លោក វ៉ាន់ កុសល និង​លោក សារី បុត្រសត្យា នាយក​រង​មន្ទីរ និង​ចូលរួម​ពី​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ព្រម​ទាំង​មាន​ការ​សម្របសម្រួល​ដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ ឈាន​ទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ ៨០ ផ្លូវ M៣ បូរីប៉េងហូត (បឹងស្នោ) សង្កាត់​និរោធនិ៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លទ្ធផល​ ឃាត់​ខ្លួន​ជន​សង្ស័យ ៥ នាក់ រួមមាន ១ ឈ្មោះ ហម សាវុធ ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ​ខ្មែរ។ ២ ឈ្មោះ ឡេ វ៉ាន់ឌឿត (LE VAN DUOT) ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ​វៀតណាម។ ៣ ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​វៀតណាម។ ៤ ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិ​វៀតណាម។ ៥ ឈ្មោះ ហ្វង័ ង៉ុកហាន (HOANG NGOC HAN ) ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិ​វៀតណាម។

របាយការណ៍​បញ្ជាក់​ថា វត្ថុតាង​ចាប់​យក​បាន​រួមមាន ១ អ៊ិចស្តាស៊ី (MDMA) ទម្ងន់​សុទ្ធ​ជាង ១០១ គីឡូក្រាម។ ២ កាទីណូន (CATHINONE) ទម្ងន់​សុទ្ធ​ជាង ៣៩ គីឡូក្រាម។ ៣ មេតំហ្វេតាមីន (ICE) ទម្ងន់​សុទ្ធ​ជាង ១៤ គីឡូក្រាម ។ ៤ កេតាមីន (KETANINE) ទម្ងន់សុទ្ធ ១១២,៨១ ក្រាម ។ សរុប​សារធាតុ​ញៀន​ទម្ងន់​ជាង ១៥០ គីឡូក្រាម។

ក្រៅ​ពី​នេះ​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​សារធាតុ​គីមី​ផ្សំ (រាវ) អាសេតូន ទម្ងន់​សុទ្ធ​ជាង ៦ គីឡូក្រាម។ សម្ភារៈ មធ្យោបាយ និង​ឧបករណ៍​កែច្នៃ​សារធាតុ​ញៀន។ ទូរស័ព្ទ ៤ គ្រឿង។ ម៉ាស៊ីន​សម្រាប់​សម្ងួត​សារធាតុ​ញៀន​ចំនួន ២ គ្រឿង។ ម៉ាស៊ីន​ក្រឡុក​សារធាតុ​ញៀន ចំនួន ៦ គ្រឿង។ ពុម្ព​សម្រាប់​វាយ​គ្រាប់​សារធាតុញៀន​មួយ​ចំនួន​ធំ និង​ម៉ាស៊ីន​វេច​ខ្ចប់​សារធាតុញៀន​ ១ គ្រឿង។

កាល​ពី​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន​នៅ ៤ ទីតាំង​ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ស្ថិតនៅ​ខណ្ឌសែនសុខ ខណ្ឌ​ឫស្សីកែវ ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​ចំនួន ២ នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​រឹបអូស​គ្រឿង​ញៀន​បាន​ជាង ៥០ គីឡូក្រាម​ផង​ដែរ៕