ខេត្ត​តាកែវ៖ រដ្ឋបាល​ខេត្ត​តាកែវ សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​នៃ​ការ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​អង្គតាសោម និង​បរិវេណ​ជុំវិញ​ផ្សារ​ទាំង​អស់ ស្ថិត​ក្នុង​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ចាប់​ពី​ម៉ោង ១៤ រសៀល​ថ្ងៃទី ២៤ ខែ​កក្កដា​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី ក្រោយ​តំបន់​នេះ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១។

លិខិត​របស់​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ នៅ​ថ្ងៃ​នេះ បាន​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​អាជីវកម្ម ការ​លក់​ដូរ​ទាំង​អស់​នៅ​ក្នុង​ផ្សារ​អង្គតាសោម និង​បរិវេណ​ជុំវិញ​ផ្សារ​ទាំង​អស់ ស្ថិត​ក្នុង​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់​ពី​ម៉ោង ១៤ រសៀល​ថ្ងៃ​ទី ២៤ ខែកក្កដា​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី ព្រោះ​ជា​តំបន់​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ១៩ បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជា​ច្រើន​នាក់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១។

ក្នុង​លិខិត​លោក​អភិបាល​ខេត្ត​តាកែវ​ថ្លែង​ថា៖ «ការ​បិទ​នេះ គោល​បំណង​ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ភូមិសាស្ត្រ ដែល​ត្រូវ​បាន​បិទ​ខ្ទប់ និង​ទប់​ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេង​ទៀត»។

លោក អ៊ូច ភា បន្ត​ថា អាជីវករ​លក់​ដូរ​នៅ​ក្នុង​ផ្សារ និង​បរិវេណ​ជុំវិញ​ផ្សារ​ទាំង​អស់ មាន​កាតព្វកិច្ច​ផ្តល់​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូវីដ ១៩ ដល់​មន្ត្រី​សុខាភិបាល។ ក្រុម​ឆ្លើយ​តប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​នឹង​ចុះ​យក​សំណាក​ពី​អាជីវករ​ទាំង​អស់​នៅ​ថ្ងៃ​ទី ២៤ ខែ​កក្កដា​នេះ នៅ​មណ្ឌល​ចត្តាឡីស័ក ច័ន្ទសោមសែនមង្គល ក្នុង​ករណី​បងប្អូន​ខកខាន​មិន​បាន​ទៅ​ផ្តល់​វត្ថុ​សំណាក​តាម​ការ​កំណត់​ខាង​លើ​ត្រូវ​ទៅ​ផ្តល់​សំណាក​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​លំនៅឋាន​របស់​ខ្លួន។

អាជីវករ​ទាំង​អស់​ព្រម​ទាំង​ក្រុម​គ្រួសារ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្តន៍​វិធានការ​ផ្អាក​ជា​បណ្តោះអាសន្ន​ត្រូវ​បាន​ហាមឃាត់​ការ​ចេញ-ចូល ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស លើកលែង​តែ​ក្នុង​ករណី​ដែល​ចាំបាច់ ដូចជា​ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ ការ​ជួបជុំ​របស់​មន្ត្រី​សុខាភិបាល ការ​ជួបជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​សេវា​សង្គ្រោះ​បន្ទាន់​ជាដើម។

លោក​ថ្លែង​ថា៖ «រាល់​ការ​លើកលែង​ខាង​លើ បុគ្គល​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល ពិសេស​អនុវត្ត​តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ ៣ កុំ ៣ ការពារ រួម​ទាំង​មាន​ការពាក់​ម៉ាស់ ការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ព្រម​ទាំង​ប្រកាន់​ខ្ជប់​នូវ​វិធានការ​អនាម័យ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្តៅ ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ ១៩»។

ក្នុង​លិខិត លោក អ៊ូច ភា បញ្ជាក់​ថា រដ្ឋបាល​ស្រុក​ត្រាំកក់ និង​ឃុំ​អង្គតាសោម មាន​ភារកិច្ច​ដើម្បី​បង្កើត​ក្រុម​ការងារ​ប្រចាំ​ក្នុង​ភូមិសាស្ត្រ ដែល​ផ្អាក​ជា​បណ្តោះអាសន្ន សម្រប់​ទទួល​ការ​អនុវត្តន៍ និង​សម្រប​សម្រួល​លើ​ការងារ​ចាំបាច់​រួម​មាន ការងារ​ផ្នែក​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ការងារ​ទាក់ទង និង​ការ​អនុវត្តន៍ វិធានការ​សុខាភិបាល​ជាអាទិ៍ និង​ការ​យក​សំណាក ការ​ធ្វើ​ចត្តាឡីស័ក ការ​ព្យាបាល​ជំងឺ​កូវីដ ១៩ ជា​ដើម។

លោ​ថ្លែង​ថា៖ «រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយ ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​នេះ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន»៕