ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃទី ២៣ ខែ​កក្កដា​នេះ បាន​ចេញ​សេចក្ដី​សម្រេច​បង្កើត​អនុគណៈកម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់ ចំណុះ​ឱ្យ​គណៈកម្មការ​អន្ដរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

យោង​តាម​សេចក្ដី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្រ្ដី​ស្ដីពី​ការ​បង្កើត​អនុគណៈកម្មការ​ដឹកនាំ​អនុវត្ត​ច្បាប់​នេះ បាន​តែងតាំង​សមាភាព​លោក ថោង លីម អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន អម​ដោយ​អនុប្រធាន ៣ រូប និង​សមាជិក​ពី​អភិបាល​រង​ខេត្ដ ស្នងការ​រង​នគរបាល មេបញ្ជាការ​រង​កង​រាជអាវុធហត្ថ និង​អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ដ ផង​ដែរ។

សេចក្ដី​សម្រេច​បាន​បញ្ជាក់​ថា អនុគណៈកម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់ មាន​ភារកិច្ច​ដូចជា ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​វិធានការ​រដ្ឋបាល វិធាន​ការ​សុខាភិបាល និង​វិធាន​ការ​ច្បាប់ ដើម្បី​ការ​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ ដាក់​ចេញ​វិធានការ​ចាំបាច់​នានា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វិធានការ​នានា ពាក់ព័ន្ធ​នឹង​ការ​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ តាមដាន និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​វិធានការ​នានា ទាំង​វិធានការ​សុខាភិបាល ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដែល​ត្រូវ​បាន​ដាក់​ចេញ ដើម្បី​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

អនុគណៈកម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់​ក៏​មាន​ភារកិច្ច​លើក​សំណើ​វិធានការ​ថ្មី ឬ​កែ​សម្រួល​វិធានការ​នានា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្ត​ជាក់​ស្ដែង នៃ​សភាពការណ៍​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ជូន​គណៈប្រតិបត្តិ​នៃ​គណៈកម្មការ​អន្ដរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។ ត្រួត​ពិនិត្យ តាមដាន និង​វាយ​តម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​នានា ពាក់ព័ន្ធ​នឹង​ការ​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ និង​ធ្វើ​របាយការណ៍​ជា​ប្រចាំ​ជូន​គណៈប្រតិបត្តិ​នៃ គណៈកម្មការ​អន្ដរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ និង​អនុវត្ត​ការងារ​ផ្សេង​ទៀត តាម​ការ​ប្រគល់​ភារ​កិច្ច​របស់​គណៈប្រតិបត្តិ​នៃ​គណៈកម្មការ​អន្ដរ​ក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

លោក​នាយក​រដ្ឋមន្រ្ដី​បញ្ជាក់​ថា អនុគណៈកម្មការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់​នេះ ស្ថិត​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​របស់​លោក នេត សាវឿន អនុប្រធាន​គណៈប្រតិបត្ដិ​នៃ​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការអន្ដរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩៕