
ផ្សាររមាស ត្រូវបានបិទបណ្ដោះអាសន្ន ក្រោយផ្ទុះជំងឺឆ្លងកូវីដ ១៩។ រូបថត ហ្វេសប៊ុក
កំពង់ឆ្នាំង៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក ខណៈអភិបាលខេត្តសម្រេចបិទជាបណ្តោះអាសន្នផ្សាររមាស ក្នុងភូមិសាស្ត្រភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីថ្ងៃទី ២៤ ខែកក្កដានេះតទៅ រហូតដល់មានការសម្រេចជាថ្មី។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ បានចេញលិខិតសម្រេចបិទជាបណ្តោះអាសន្នផ្សាររមាស ក្នុងភូមិសាស្ត្រភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ២៤ ខែកក្កដានេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដោយអាជ្ញាធរពាក់ព័ន្ធកំពុងស្វែងរកអ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលយកមកធ្វើចត្តាឡីស័ក និងយកសំណាក។
បើតាមលិខិតរបស់អភិបាលខេត្តកំពង់ឆ្នាំង ការបិទជាបណ្តោះអាសន្នទីតាំងនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ធ្លាប់បានចេញចូលទីតាំងខាងលើនេះ។
អំឡុងពេលបិទជាបណ្តោះអាសន្ននេះ អភិបាលខេត្តកំពង់ឆ្នាំងបានដាក់ចេញវិធានការមួយចំនួនដូចជា ហ៊ុមព័ទ្ធទីតាំងផ្សារទាំងមូល ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះ។ តម្រូវឲ្យអាជីវករផ្សារទាំងអស់ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំណាក់រៀងៗខ្លួន ឲ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
ក្នុងលិខិតសរសេរថា៖ «ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនង មកក្រុមការងារ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី ២៤ ខែកក្កដានេះតទៅ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័ក ស្របតាមការណែនាំ»។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះបញ្ជាក់ថា បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៤១ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយចំនួន ២៨ នាក់ និងករណីមរណភាពចំនួន ១ នាក់ នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១៕