កំពង់ចាម៖ រដ្ឋបាល​ខេត្ដ​កំពង់ចាម​នា​ថ្ងៃទី ២៤ ខែ​កក្កដា​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ថា មាន​ករណី​ស្លាប់​ដោយសារ​កូវីដ ១៩ ចំនួន ៦ នាក់ រក​ឃើញ​ឆ្លង​ថ្មី​ចំនួន ៦៩ នាក់ និង​ព្យាបាល​ជា​សះស្បើយ​ចំនួន ១១ នាក់។

សេចក្ដី​ប្រកាស​ព័ត៌មាន​រដ្ឋបាល​ខេត្ដ​បញ្ជាក់​ថា ករណី​ស្លាប់​ដោយសារ​កូវីដ ១៩ ចំនួន ៦ នាក់ ក្នុង​នោះ​រួមមាន ទី១ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៦៥ ឆ្នាំ នៅ​ភូមិ​ទី១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម។ ទី២ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ២៧ ឆ្នាំ នៅ​ភូមិ​ដូនប៉ែន ឃុំ​ទំនប់ ស្រុក​បាធាយ។ ទី៣ បុរស​ជនជាតិ​ខ្មែរ អាយុ ៧៣ ឆ្នាំ នៅ​ភូមិស្រែវាល ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់។ ទី៤ បុរស​ជនជាតិ​ខ្មែរ អាយុ ៨៣ ឆ្នាំ នៅ​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ។ ទី៥ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៦៦ ឆ្នាំ នៅ​ភូមិបាទី ឃុំ​ព្រៃចារ ស្រុក​ជើងព្រៃ។ ទី៦ ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៥៩ ឆ្នាំ នៅ​ភូមិ​ស្គន់ ឃុំ​សូទិព្វ ស្រុក​ជើងព្រៃ។

ចំណែក​ករណី​រក​ឃើញ​វិជ្ជមាន​កូវីដ ១៩ ចំនួន ៦៩ នាក់ គឺ​ស្ថិត​នៅ​ក្រុង​កំពង់ចាម​ចំនួន ១២ នាក់ ស្រុក​កំពង់សៀម​ចំនួន ៦ នាក់ ស្រុក​កោះសូទិន​ចំនួន ២ នាក់ ស្រុក​ស្ទឹងត្រង់​ចំនួន ១១ នាក់ ស្រុក​ជើងព្រៃ​ចំនួន ១ នាក់ ស្រុក​បាធាយ​ចំនួន ៣ នាក់ ស្រុ​កព្រៃឈរ​ចំនួន ៤ នាក់ ស្រុក​កងមាស​ចំនួន ៣ នាក់ ស្រុក​ស្រីសន្ធរ​ចំនួន ២ នាក់ ស្រុក​ចំការលើ​ចំនួន ១៨ នាក់ មក​ពី​ខេត្ត​កំពង់ធំ​ចំនួន ២ នាក់ រាជធានី​ភ្នំពេញ​ចំនួន ១ នាក់ ខេត្ត​ព្រៃវែង​ចំនួន ២ នាក់ និង​ខេត្ត​ត្បូងឃ្មុំ​ចំនួន ២ នាក់។

បើ​តាម​រដ្ឋបាល​ខេត្ដ​ត្រឹម​ថ្ងៃទី ២៤ ខែ​កក្កដា​នេះ អ្នក​ជំងឺ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​សរុប​មាន​ចំនួន ២ ៥៦៥ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៨៧៦ នាក់។

រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ និង​ធ្លាប់​ប្រាស្រ័យ​ទំនាក់ទំនង​នឹង​អ្នក​ជំងឺ​កូវីដ ១៩ ឱ្យ​ទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ ឬ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ឬ​តាមរយៈ​លេខ​ទូរស័ព្ទ 070 828 788 / 012 736 755៕