
អាជ្ញាធរស្រុកកំពង់ត្របែកសម្រេចផ្អាកជាបណ្តោះអាសន្នការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ខេត្តព្រៃវែង។ រូបថត ហ្វេសប៊ុក
ព្រៃវែង៖ អាជ្ញាធរស្រុកកំពង់ត្របែកសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បន្ទាប់ពីមានពលរដ្ឋខ្មែរអ៊ិស្លាម ១០ នាក់ មានជំងឺកូវីដ ១៩ កាលពីម្សិលមិញ។
លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក កាលពីម្សិលមិញបានចេញលិខិតសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើរចេញ-ចូលក្នុងភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បន្ទាប់ពីមានពលរដ្ឋខ្មែរអ៊ិស្លាម ១០ នាក់ មានជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលស្រុកកំពង់ត្របែក សូមធ្វើការផ្អាកបណ្តោះអាសន្ននូវការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រភូមិខ្មែរអ៊ិស្លាម ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២៤ ខែកក្កដានេះ រហូតដល់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២១»។
ក្នុងលិខិតលោកអភិបាលស្រុកបានឲ្យដឹងថា អ្នកមានជំងឺកូវីដ ១៩ ទាំង ១០ នាក់នោះ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលលើប្រជាពលរដ្ឋក្នុងភូមិជាច្រើននាក់ទៀត ដោយភូមិសាស្ត្រនេះតូចចង្អៀត មានប្រជាពលរដ្ឋខ្មែរអ៊ិស្លាមរស់នៅប្រមូលផ្តុំគ្នាច្រើនប្រមាណ ២០០ គ្រួសារ។
ក្នុងលិខិតរដ្ឋបាលស្រុកកំពង់ត្របែកសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តសហការឲ្យបានល្អដោយស្មារតីទទួលខុសត្រូវខ្ពស់។
រដ្ឋបាលខេត្តព្រៃវែងកាលពីម្សិលមិញ ក៏បានប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ១០៤ នាក់ ជាសះស្បើយចំនួន ៩៥ នាក់ និងស្លាប់ចំនួន ២ នាក់ផងដែរ។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង ១០៤ នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ៕