ភ្នំពេញៈ បុរស​សង្ស័យ​ជា​ចោរប្លន់​ ២ នាក់​ប្រើ​ដាវ​សាម៉ូរ៉ៃ​ភ្ជង់ប្លន់​ត្រូវបាន​តុលាការ​ខេត្ត​បាត់ដំបង​ ចេញ​ដីកា​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ​នៅ​ថ្ងៃទី២៥ ​កក្កដា​ បន្ទាប់​ពី​ប្រព្រឹត្ត ​និង​ចាប់ខ្លួន​បាន​២ថ្ងៃ ​ពាក់ព័ន្ធ​នឹង​ការប្លន់​បុរស​ម្នាក់​យក​ម៉ូតូ​ នៅ​ភូមិ ​អូរតាគាំ ​៣ ​សង្កាត់​ទួលតាឯក​ ក្រុង​-ខេត្ត​បាត់​ដំបង។

លោក​ឈឿង គឹមសុង ​នាយ​ការិយាល័យ​ទទួល​ផែន ​ការងារ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ប្រាប់​នៅថ្ងៃ​ទី២៥ ​កក្កដាថា ​ជន​ត្រូវចោទ​ឈ្មោះ ​ឡាច ងួនយី ​អាយុ២២ឆ្នាំ ​រស់នៅ​ភូមិ១៣ ​មករា ​សង្កាត់​ព្រែក​ព្រះស្តេច ​ក្រុង​បាត់​ដំបង ​ខេត្ត​បាត់​ដំបង ​និង​ឈ្មោះ​សា រ៉មលី ​ហៅ ​ជីន ​អាយុ​ ៤២ឆ្នាំ ​រស់នៅ​ភូមិ​ដាំស្ពៃ ​សង្កាត់​ស្លាកែត ​ក្រុង​-ខេត្ត​បាត់​ដំបង។ ជនទាំង​២​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​នៅ​ពន្ធនា​គារ​ហើយ​នៅ​ថ្ងៃទី២៥​កក្កដា។

លោក​បញ្ជាក់ថា​៖«ពួក​គេ​ត្រូវ​លោក​តំណាង​អយ្យការ​ចោទ​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​មាត្រា​៣៥៧​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ ចំពោះ​ប្រាក់​ដុល្លារ​ក៏​ជាប់​ពាក់ព័ន្ធ​ដែរ ​តែ​មិន​ដឹង​តុលាការ​លោក​ចោទ​ឬ​យ៉ាង​ណា​ទេ»។

ពាក់ព័ន្ធ​ការចោទ​ប្រកាន់​នេះ ​បើ​តុលាការ​រក​ឃើញថា​ ជន​ត្រូវចោទ​ទាំង២​នាក់​ ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹង​ត្រូវ​ប្រឈម​ការផ្តន្ទា​ទោស​ពី​៣​ទៅ​១០ឆ្នាំ ​និង​ពិន័យ​ប្រាក់​ពី​១លាន​ ទៅ​ ៦ លាន​រៀល។

លោក​ គឹមសុង ​ប្រាប់ថា​ ពាក់ព័ន្ធ​លុយ​ដុល្លារ​ក្លែងក្លាយ​នោះ​មាន​ក្រដាស​១០ដុល្លារ​ ក្រដាស​២០ដុល្លារ ​និង​ក្រដាស​១០០ដុល្លារ ​សរុប​ចំនួន​ ៣០ សន្លឺក។ ករណី​ប្រាក់​ដុល្លារ​នេះ ​គឺ​សមត្ថកិច្ច​លោក​ចោទ​បឋម​ពី​បទ​រក្សាទុក​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ។ បើ​តាម​លោក​គឹមសុង ​ចំពោះ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ​ជាលុយ​ដុល្លារ​ដែល​គេ​ដាក់​លក់​នៅ​ទីផ្សារ​សម្រាប់​សែន​ខ្លោច។ តែ​លុយ​នោះ​ជនសង្ស័យ​មិនទាន់​យក​ទៅ​ចាយ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់ថា​៖«លុយ​នេះ​ពួកគេ​មិនទាន់​ចេញ​ជាសកម្មភាព​អី​ទេ។ ដូច្នេះ​ខ្ញុំ​យល់​ថា​បើ​ពួកគេ​មិនទាន់​មាន​សកម្មភាព​ក៏​បទល្មើស​មិនទាន់​កើត​មាន​ដែរ»។

លោក​បានរំឭក​ថា ​កាលពី​ម៉ោង​ជាង​១២អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៣ ​កក្កដា ​ជន​រងគ្រោះ​ម្នាក់​ជាភេទ​ទី៣ ​បាន​ជិះ​ម៉ូតូ​១គ្រឿង​តាម​សួនច្បារ​ ក្នុង​ក្រុង​បាត់​ដំបង។ ពេល​នោះ​ជន​សង្ស័យ​ឈ្មោះ​ឡាច ងួនយី ​បាន​ជិះ​ម៉ូតូ​តាម​ក្រោយ​ហើយ​ក៏សុំ​លេខ​ទូរស័ព្ទ​ជន​រង​គ្រោះ។ បន្ទាប់ពី​ឈ្មោះ​ឡាច ងួនយី ​បាន​លេខ​ទូរស័ព្ទ​ហើយ​ក៏​ណាត់​ជន​រងគ្រោះ​ទៅ​ជួល​បន្ទប់​ផ្ទះ​សំណាក់។ ក្រោយ​ពី​ដេក​ជាមួយ​គ្នា​ហើយ​ជន​ត្រូវ​ចោទ​បាន​ដើរ​ចេញ​មក​ក្រៅ​មួយ​សន្ទុះ​ក៏​ទូរស័ព្ទ​ហៅ​ជន​រងគ្រោះ​ខ្ទើយ​ឱ្យ​យក​ម៉ូតូ​ទៅ​ឌុប​ខ្លួន។

ពេល​នោះ​ឈ្មោះ​ឡាច ងួនយី ​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​គេ​ឈ្មោះ ​សា រ៉មលី ​មក​ចាំ​មុន ​ហើយ​ពេល​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មកដល់​កន្លែង​ណាត់​ក៏​យក​ដាវ​ភ្ជង់​ប្លន់​តែ​ម្តង។​លុះ​ព្រឹក​ឡើង​ថ្ងៃទី២៣ ​កក្កដា​ ជន​សង្ស័យ​ ក៏​មកដាក់​ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់​ដំបង​ ហើយ​សមត្ថកិច្ច​ក៏បាន​ចុះ​ស្រាវជ្រាវ​ឃាត់​ខ្លួន​ពួកគេ​តែ​ម្តង៕