ភ្នំពេញៈ លោក ​ហង់ជួន​ ណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បាន​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ក្នុង​តំបន់​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព ​ចំពោះ​ការ​វិនិ​យោគ​លើ​ការគាំពារ​ និង​អភិ​វឌ្ឍន៍​កុមារ​តូច​ ដើម្បី​សម្រេច​គោល​ដៅ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​(SDGs)​ ។

លោក ​ហង់ជួន ​ណារ៉ុន ​បាន​អំពាវនាវ​បែប​នេះ​​ ពេល​ថ្លែង​សុន្ទរកថា​ បើក​សន្និសីទ​អន្តរ​ជាតិ​ លើក​ទី៧ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ ​និង​ការ​អភិ​វឌ្ឍ​កុមារ​ក្រោម​ប្រធាន​បទ «​ការវិនិ​យោគ​ចំពោះ​កុមារ​ ដើម្បី​វិបុលភាព​ប្រកប​ដោយ​ចីរ​ភាព​» (Investing​ in Children for Sustainable Prosperity) ​តាម​ប្រព័ន្ធ​អន​ឡាញ​ កាល​ពីថ្ងៃ​ទី​២៤ ​ខែ​កក្កដា​​។ ​សន្និសីទ​នេះ​​​ត្រូវ​បាន​​រៀបចំ​ឡើង ​នៅ​ទី​ក្រុង​ប៉េកាំង​ នៃ​សាធា​រណៈ​រដ្ឋ​ប្រជា​មានិត​ចិន​។

លោក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា ​ការវិនិយោគ​លើការ​អភិ​វឌ្ឍ​កុមារ​ ​គឺ​ជា​រឿង​​មាន​ប្រសិទ្ធ​ភាព​ ដែល​ប្រទេស​មួយ​អាច​ធ្វើ​បាន​ដើម្បី​លុប​បំបាត់​​​ភាព​ក្រីក្រ​ ជំរុញ​វិបុល​ភាព​រួម​គ្នា ​និង​បង្កើត​ធន​ធាន​មនុស្ស​ដែល​ត្រូវ​ការ​សម្រាប់​សេដ្ឋ​កិច្ច​ ដើម្បី​ធ្វើ​ពិ​ពិ​ធកម្ម​និង​ភាព​រីក​ចម្រើន​។ ​

លោក​បន្តថា ​ប្រទេសកម្ពុជា​ អត្រា​មរណ​ភាព​របស់​ទារក​បាន​ធ្លាក់​ចុះ​ចំនួន ​៥០ ​ភាគ​រយ​ នៅ​ចន្លោះពី​ឆ្នាំ ​២០១០ ​និង ២០១៤​ ដោយ​សារ​ការ​ថែទាំ​ និង​ការអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​ពិសេស​ការ​វិនិ​យោគ​លើការ​អប់រំ​កុមារតូច​ Early Childhood Education​ (ECE) ​និង​ការអប់រំ​មាតាបិតា​។

លោក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា​៖«​យើង​ក៏បាន​បង្កើត​គោលន​យោបាយ​ និង​ក្រប​ខ័ណ្ឌច្បាប់ ​នៃ​ការ​អប់រំ​កុមារតូច ​និង​បាន​អនុ​ម័ត​វិធី​សាស្រ្ត​​រួម ​និង​ការ​រួម​បញ្ជូល​គ្នា​សម្រាប់​ការ​អប់រំ​កុមារ​តូច​នេះ»។

បើតាម​លោក​រដ្ឋ​មន្រ្ដី​ ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង ​ទៅ​លើ​កុមារ​តូចៗ​។ ​

អង្គការ​យូណេស្កូ​បាន​ប៉ាន់​ប្រ​មាណ​​​ថា​ អ្នក​​សិក្សា​​ប្រហែលជា ​១,៥ ​ពាន់​លាន​នាក់​ ត្រូវ​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​ជំងឺ​រាត​ត្បាតកូវីដ​១៩​។​

ផល​ប៉ះពា​ល់​គួរ​ឱ្យ​​កត់​សំគាល់​​នៃ​កូវីដ​​១៩​ បាន​គំរាម​កំហែង​ដល់​វឌ្ឍន​ភាព នៃ​ដំណើការ​អប់រំ​កុមារនៃ​គោល​ដៅ ​(SDGs) ​ក្នុង​តំបន់​។

លោក​បាន​ថ្លែង​ថា​៖«​តាម​ហេតុផល​នេះ ​យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា ​ចែក​រំលែក​បទ​ពិសោធ ​ដើម្បី​បន្ត​ការ​អប់រំ​សម្រាប់​កុមារ​របស់​ពួក​យើង​»។

លោក​រដ្ឋ​មន្រ្ដី​ បាន​អំពាវនាវ​ដល់​រដ្ឋា​ភិបាល​ប្រទេស​ក្នុង​តំបន់​ យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​ចំពោះ​​ការ​ផ្តល់​ការ​អប់រំ​កុមារ​តូច​ ប្រកប​ដោយ​​បរិយា​បន្ន​ ដោយ​អនុម័ត​តាម​ក្របខ័ណ្ឌថែទាំ ​សម្រាប់​ការ​អប់រំ​កុមារតូច ​(ECD) ​ក្នុង​ការ​គាំ​ទ្រ​ដ​ល់​ការ​សម្រេច​បាន​ ការ​អប់រំ​កុមារ ​ស្រប​តាម​គោល​ដៅ​គោល​ដៅ​ SDGs​។

លោក​បាន​អំពានាវ​ឱ្យ​​ផ្តោត​លើ​សហគមន៍​ ដែល​កុមារ​ងាយ​ប្រឈម​នឹង​ការ​បោះ​បង់​ចោល​ការ​សិក្សា​ និង​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​ទៅ​​លើ​ក្រុម​គ្រួសារ​ និង​កុមារ​ដែល​ប្រឈម​នឹង​ឧបសគ្គ​ខ្លាំង​ ចំពោះ​ការទទួល​បាន​​គុណភាព​នៃ​ការ​អប់រំកុមារ​​។ ​

ដាក់​ចេញ​នូវ​គោល​នយោបាយ និង​សកម្ម​ភាព ដើម្បី​ដោះ​ស្រាយ​វិសម​ភាព​ ចំពោះការ​រីក​រាល​ដាល​​ ជំងឺ​កូវីដ​១៩​ និង​ផ្តល់​ជំនួយ​​បន្ថែម​ដល់​​កុមារ​ពិការភាព​ ក្នុង​ការ​​ធានា​​ថា ​​កុមារដែល​ស្ថិត​​នៅតំបន់​​ជន​បទ​ ដែល​មិន​អាច​​សិក្សា​​តាម​​អនឡាញបាន​ និង​មិនមាន​ផល​​ប៉ះពាល់​​ ចំពោះ​ការ​សិក្សា​របស់​ពួកគេ។​

លោក​រដ្ឋ​មន្រ្ដី​ថ្លែង​ថា​៖«យើង​ត្រូវ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព ​រវាង​ការ​ការពារ​និង​ការ​អប់រំ ការ​សិក្សា​នឹង​នៅតែ​អាច​បន្ត​បាន ហើយ​ភាព​​ឆ្នៃ​ប្រឌិត​ទៅ​នឹង​ការ​អប់រំ​កុមារតូច ក៏ជា​តម្រូវ​ការ​ចាំបាច់»។

អង្គការ​សហ​ប្រជា​ជាតិ​ កាលពី​ថ្ងៃទី ២០ ​ខែកក្កដា ​ឆ្នាំ ​២០២១​ បាន​លើក​ឡើង​ថា​ ការ​អប់រំ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​អភិវឌ្ឍ​ផ្ទាល់​ខ្លួន​ និង​សក្តា​នុពល​ពេញ​មួយ​ជីវិត​របស់​កុមារ​។

កា​រអប់រំ​គឺ​ជា​គន្លឹះ​ ដើម្បី​គេច​ចេញ​ពីភាព​ក្រីក្រ​ កាត់​បន្ថយ​វិសម​ភាព ​និង​ជំរុញ​ការអ​ភិ​វឌ្ឍ​ដោយ​ចីរភាព​។

អង្គ​ការ​សហ​ប្រជាជាតិ​បញ្ជាក់​ថា ​ការរាត​ត្បាត​ជា​សកល ​នៃជំងឺ​កូវីដ​១៩ ​បាន​បង្ក​ការរំខាន​ដល់​ការអប់រំ ​និង​ការ​ចូល​រៀន​នៅ​ទូទាំង​សកល​លោក​។ ​នៅ​កម្ពុជា​ សាលា​រៀន​បាន​បិទ​ទ្វារ​ជាង​ ២០០ ​ថ្ងៃម​ក​ហើយ ​គិតចាប់​តាំងពីខែមីនា ​ ឆ្នាំ ​២០២០​ មក ដែល​បង្ក​ការ​រំខាន​ដល់​ការ​រៀន​សូត្រ​របស់សិស្ស​ប្រមាណ​ ៣,២ ​លាន​នាក់​៕