
បុរសសង្ស័យជាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់បង្ហាញខ្លួន(រូបខាងឆ្វេង) ចំពោះមុខសមត្ថកិច្ច។ រូបថត នគរបាល
បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួនមេខ្យល់២នាក់ទៅស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែកក្កដានេះ ដោយជនសង្ស័យពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់មកពីប្រទេសថៃ។
លោក បោន សីហា អធិការស្តីទីក្រុងប៉ោយប៉ែត ថ្លែងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបុស្តិ៍បឹងសាគូ នៃវរៈនគរបាលការពារព្រំដែនលេខ ៩១១ ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង ៤ និង៣០នាទី ទៀបភ្លឺព្រឹកថ្ងៃទី ២៤ ខែកក្កដា ខណៈពួកគេកំពុងព្យាយាមលួចធ្វើសកម្មភាពនាំមនុស្សឆ្លងដែនខុសច្បាប់ចេញពីទឹកដីថៃចូលមកប្រទេសកម្ពុជា។
លោកថ្លែងថា៖ «គាត់បានឆាតឆ្លើយឆ្លងជាមួយអ្នកនៅខាងថៃ ហើយដល់ពេលយប់ជ្រៅពេកទៅ ខាងថៃចេញមកអត់បាន អ៊ីចឹងគាត់ឆ្លើយឆ្លងគ្នាថាចេញមកអត់បានទេ។ពួកគាត់២នាក់ហ្នឹងក៏បានដើរចេញមកវិញ ត្រូវកម្លាំងប៉ូលិសយើងចាប់បាន។ ពួកគេជាមុខសញ្ញា សកម្មដែលកន្លងមកខាងវរៈ៩១១ធ្លាប់ចាប់បានម្តងហើយ តែលើកមុនយើងធ្វើកិច្ចសន្យាកុំឲ្យធ្វើបែបនេះទៀត ក្រោយមកពួកគាត់នៅតែធ្វើបន្តទៀត ឥឡូវយើងបញ្ជូនទៅស្នងការខេត្តហើយ » ។
តាមរបាយការណ៍របស់ លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនបឹងសាគូ បានឲ្យដឹងថាជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ឡូញ ឡែម ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ សាន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ អ្នកទាំង២ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅចំណុចមុខកាស៊ីណូDNA ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងដកហូតបានវត្ថុតាងដូចជា ទូរស័ព្ទដៃ១គ្រឿង មានសារជាសំឡេងឆ្លើយឆ្លងគ្នា រវាងមេខ្យល់ខ្មែរនិងមេខ្យល់នៅខាងថៃ និងម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ។
ដោយឡែក ស្ត្រីជនជាតិថៃ៣នាក់ ក៏ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ និងកម្លាំងយោធាកងពល៥១ បានសហការគ្នាឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ២៥ ខែកក្កដានេះ ត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងដែរ។
របាយការណ៍របស់ លោក រស់ ពិសិដ្ឋ បានឲ្យដឹងថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើងខណៈពេលដែលពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា។ យោងតាមការសួរនាំស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្របសម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។
យ៉ាងណាក្រោយសួរនាំស្ត្រីជនជាតិថៃទាំង៣ នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕