ភ្នំពេញៈស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បដិសេធ​ទាំងស្រុង​ចំពោះ​ការអំពាវនាវ​របស់​ម្ចាស់​គណនី​ហ្វេ​ក​ប៊ុ​កមួយ ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ស្ថានទូត ដើម្បី​ប្រកាស​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដោះស្រាយ​ការលំបាក​របស់​ពលក​រ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ។

កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ មានឈ្មោះ ពូ​ឈី​វ បាន​ចុះផ្សាយ​សេចក្តី​អំពាវនាវ ដោយបាន​លើកឡើងថា មើលឃើញ​ការលំបាក​របស់​ពលក​រ​ខ្មែរ​ រាប់សែន​នាក់​ នៅ​ប្រទេស​ថៃ ដែល​ជួប​រលក​ទី៣នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩ «ខ្ញុំ​សុំ​សទ្ធា​បងប្អូន​ម្នាក់ ២ ០០០រៀល ឬ​ស្មើ 0,៥$ ដើម្បី​រួមចំណែក​នូវ​ការលំបាក់។

គណនី​ហ្វេ​ស​ប៊ុក​នេះ ក៏បាន​ភ្ជាប់​ជាមួយនឹង​លេខ​ធនាគា ចំនួន ២ ខ្សែរ ដោយ​សំអាងថា គណនី​ធនាគា​នេះ គឺជា​របស់​ស្ថានទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ថៃ​ទៀតផង។

ដោយ​មើលឃើញ​ពី​ការ​បង្ហោះ​យ៉ាង​ដូច្នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បានចេញ​លិខិត​បដិសេធ មួយច្បាប់ ចុះ​ថ្ងៃទី ២៤ ខែ​កក្កដា ដោយ​​ស្ថានទូត​​បាន​​បដិសេធ​ទាំងស្រុង​ថា ការអំពាវនាវ​របស់​ម្ចាស់​គណនី​ហ្វេ​ក​ប៊ុ​ក​ខាង​លើ​​មិន​ពាក់ព័ន្ធ នឹង​ស្ថានទូត​ឡើយ ហើយ​កន្លងមក ស្ថានទូត ​ក៏​ពុំមាន​គោលការណ៍​រៃអង្គាស​ថវិកា​នោះដែរ។

ដូច្នេះ​ដើម្បីចៀសវាង​ការខាតបង់​ប្រាក់កាស ស្ថានទូត បាន​អំពាវនាវ​ដល់​សាធារណជន​កុំ​ឲ្យ​ចាញ់បោក​ការអំពាវនាវ​នេះ ឬ​កុំ​ផ្ទេរប្រាក់​ទៅ​គណនី​ធនាគារ​ខាងលើ​ជាដាច់ខាត។

ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ បាន​សង្កត់​ធ្ងន់​ថា៖«ស្ថានទូត​ស្នើសុំ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ពូ​ឈី​វ លុប​សារ​នេះ​ចេញ ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​វេរ​ប្រាក់​ដែល​ទទួលបាន​កន្លងមក​ ត្រឡប់​ជូនទៅ​ម្ចាស់​ដើម​វិញ និង​បញ្ឈប់​ទង្វើ​នានា​ ដែល​នាំ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ​បែបនេះ»។

លោក លឹម សុ​ផុន ក្រុមការងារ​ នៃ​អង្គ​ការសង់​ត្រា​ល់​ប្រចាំ​ប្រទេស​ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៥ កក្កដា​ថា កន្លងទៅ ដោយសារតែ​បងប្អូន​ពលករ​ខ្មែរ បាន​ជួបប្រទះ​នូវ​ផល​លំបាក​ផ្នែក​ជីវភាព គឺ​ឃើញ​មាន​ប្រជាពលរដ្ឋ និង​សហគមន៍​មួយចំនួន បានប្រកាស​អំពាវនាវ​រក​ថវិកា ដើម្បី​ជួយ​ដល់​ពលករ​ខ្មែរ។

ប៉ុន្តែ​ក្នុងករណី​ដែល​គណនី​ហ្វេ​ស​ប៊ុក​នេះ យកឈ្មោះ​ស្ថានទូត​ខ្មែរ មក​ប្រើ ដើម្បី​ប្រមូល​លុយ​នេះ គឺ​លោក មិន​ច្បាស់​ទេ​ថា ពួកគេ មាន​ចេតនា​​អ្វី​ឲ្យ​ប្រាកដ​នោះដែរ។

លោក សុ​ផុន បាន​អះអាងថា ក្នុង​ពេលនេះ ស្ថានភាព​ពលករ​ខ្មែរ​មួយចំនួនធំ​ នៅ​ប្រទេស​ថៃ គឺ​ពិតជា​ជួប​ការលំបាក​ខ្លាំង​ពិតមែន ព្រោះ​ការងារ ក៏​គ្មាន​ធ្វើ ថវិការ​ក៏​គ្មាន ហើយ​ត្រូវបាន​រដ្ឋាភិបាល​ថៃ ប្រកាស​ហាមឃាត់​មិន​ឲ្យ​ចាកចេញពី​កន្លែង​រស់នៅ​ទៀត។

លោក បាន​រៀបរាប់ថា៖«ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​រក​ស្បៀងអាហារ​របស់​ពលករ​ខ្មែរ​យើង​នេះ គឺ​ពួកគាត់​តែងតែ​ទាក់ទង​មក​ខ្ញុំ ជា​រឿយៗ ព្រោះ​ពួកគាត់ ជួប​ការលំបាក​ខ្លាំង​មែនទែន មិន​ថា អ្នករស់នៅ​ក្នុង​ទីក្រុង​បាង​កក​នោះទេ នៅតាម​បណ្តាល​ខេត្ត ក៏មាន​បញ្ហា​ដូចគ្នា»៕