មណ្ឌលគិរីៈ ​ក្រសួងបរិស្ថាន និង​អង្គការ​ WWF បានឱ្យដឹងថា សត្វត្មាត​ត្នោត និង​ត្មាតផេះ បាន​វិលត្រឡប់​មកកាន់​ទ្រនំ​របស់​ពួកវា​វិញ​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​នៃ​ខេត្តមណ្ឌលគិរី ក្រោយពី​បាន​អវត្តមាន​ក្នុង​តំបន់​នេះ​អស់​រយៈពេល​ជាង​ ៥ ​ឆ្នាំ​ ដោយសារ​មាន​ករណី​ពុល​ដោយ​ប្រយោល​​លើ​សត្វ​ទាំងនេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន និង​អង្គការ​ WWF ចេញ​កាលពី​ថ្ងៃទី​ ២៤ ខែកក្កដា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​កាលពី​ម្សិលមិញ បានឱ្យដឹងថា វត្តមាន​នៃ​សត្វត្មាត​ត្នោត​ចំនួន​ ២ ​ក្បាល និង​ត្មាតផេះ​ចំនួន​ ១ ​ក្បាល កំពុង​រស់នៅ​សម្បុក​ព្រៃ​ធម្មជាតិ​របស់​ពួកវា​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​នៃ​ខេត្ត​មណ្ឌលគិរី​ក្រោយពី​អវត្តមាន​អស់​រយៈពេល​ជាង​ ៥ ​ឆ្នាំ​។

កញ្ញា MilouGroenenberg ប្រធាន​ក្រុម​ស្រាវជ្រាវ និង​តាមដាន​ជីវចម្រុះ​នៃ​អង្គការ WWF ថ្លែងថា មូលហេតុ​ដែល​បណ្តាលឱ្យ​បាត់​វត្តមាន​របស់​ពួកវា​ពី​ក្នុង​តំបន់​ក្នុង​រយៈពេល​ដ៏យូរ​នេះ គឺ​ភាគច្រើន​ដោយសារ​ពួកវា​បានទទួល​រង​នូវ​ការពុល​ដោយ​ប្រយោល​នឹង​សារធាតុ​គីមី​ដែល​គេ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ផ្សេង​។

ដោយឡែក​សត្វ​ត្មាតភ្លើង​ក៏​ជា​សត្វ​ស្លាប​ ១ ​ប្រភេទ​ទៀត​ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ស្រែពក​ផងដែរ​។

កញ្ញា​បាន​ថ្លែងថា​៖ «​កំណត់ត្រា​ថ្មី​បំផុត​នៃ​ការរាប់​ចំនួន​សត្វ​ត្មាត​ទាំង​ ៣ ​ប្រភេទ​ដោយ​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​នៃ​ក្រសួង​បរិស្ថាន និង​អង្គការ​ WWF បានបង្ហាញ​វត្តមាន​សត្វ​ត្មាត​ត្នោត ចំនួន​ ៤ ​ក្បាល សត្វ​ត្មាតផេះ​ចំនួន​ ១១ ​ក្បាល និង​សត្វ​ត្មាតភ្លើង​ចំនួន​ ៥ ​ក្បាល ​កំពុង​រស់នៅក្នុង​ទ្រនំ​ធម្មជាតិ​របស់​ពួកវា​ដែល​ស្ថិតក្នុង​ទីតាំង​ជាប់​ដែនជម្រក​សត្វព្រៃ​សំបូរ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​នៃ​ខេត្តក្រចេះ​» ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​កោត​សរសើរ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​ WWF ក៏ដូចជា មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​ស្រែពក​ដែល​បាន​ខិតខំ​ការពារ និង​អភិរក្ស​តំបន់​ព្រៃរបោះ​ដ៏​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​​ និង​កំពុង​ធ្វើឱ្យ​តំបន់​នេះ​កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​សត្វព្រៃ​ដោយ​ខិតខំ​ការពារ​ព្រៃឈើ​ជាទី​ជម្រក​អាហារ និង​ប្រភពទឹក សម្រាប់​ជីវចម្រុះ​គ្រប់​ប្រភេទ​រស់នៅ​។

លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​ដំណឹង​ដ៏ល្អ​សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​សម្រាប់​ជីវចម្រុះ​។ ​សូម​ស្នើ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​សត្វ​ត្មាត​ដែល​ជា​ប្រភេទ​សត្វ​កម្រ​នេះ​បន្ថែមទៀត​ ដើម្បី​ផលប្រយោជន៍​ជីវចម្រុះ និង​រក្សាបាន​កេរដំណែល​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់ ក្រោយ​បន្តទៀត​»​។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​ថ្លែងថា នៅ​កម្ពុជា​ចំនួន​សត្វត្មាត​ទាំង​ ៣ ​ប្រភេទ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ថា បាន​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។ ​ការគំរាមកំហែង​ចម្បងៗ​ដល់​ការរស់នៅ​របស់​ប្រភេទ​សត្វ​ស្លាប​ដ៏សំខាន់​ជា​សកល​ទាំងនេះ​រួមមាន ការពុល​នឹង​សារធាតុ​គីមី​ដែល​គេ​ប្រើប្រាស់​សម្រាប់​គោលដៅ​ផ្សេង កង្វះ​ចំណីអាហារ ការបាត់បង់​ជម្រក និង​សកម្មភាព​រំខាន​ដោយ​មនុស្ស​។

លោក​បាន​ថ្លែងថា​៖ «​ដំណឹង​ដ៏ល្អ​នេះ​ពិតជា​បាន​លើក​ទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រុមការងារ​នៃ​កម្មវិធី​អភិរក្ស​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​នៃ​កម្ពុជា​លើ​ការបង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ជាប្រចាំ​សំដៅ​ជំរុញ​ឱ្យ​ចំនួន​សត្វ​បក្សី​ទាំងនេះ​មាន​កំណើន​ចំនួន​ពួកវា​ឡើងវិញ​នៅ​ថ្ងៃ​ខាងមុខ​»​។

សូមបញ្ជាក់ថា លទ្ធផល​នៃ​ការរាប់​ចំនួន​សត្វ​ត្មាត​ថ្នាក់ជាតិ​ដោយ​ក្រុមការងារ​អភិរក្ស​សត្វត្មាត​កម្ពុជា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​ ២០២១ បាន​បង្ហាញថា មាន​សត្វ​ត្មាត​សរុប​ទាំងអស់​មាន​ចំនួន​ ១២១ ​ក្បាល ក្នុង​​នោះ​មាន​ត្មាតភ្លើង​ ២០ ​ក្បាល ត្មាតផេះ​ ៦៦ ​ក្បាល និង​ត្មាត​ត្នោត​ ៣៥ ​ក្បាល​៕

វីដេអូ៖