ភ្នំពេញៈ មន្ត្រី​ជំនាញ​មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​ ២០ កក្កដា​បាន​បង្ក្រាប​ទីតាំង​កែច្នៃ​រក្សាទុក​គ្រឿងញៀន និង​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ ៧ ​នាក់​ក្នុង​នោះ​ជនជាតិខ្មែរ ៣ ​នាក់ ជនជាតិ​វៀតណាម ៤ ​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង ២០០ ​គីឡូក្រាម នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​សែនសុខ និង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក​ មាស វិរិទ្ធ អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្លែង​កាលពី​ថ្ងៃទី​ ២៥ កក្កដា​ថា ករណី​ឃាត់​ជនល្មើស​នៅ​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ឫស្សីកែវ​ចំនួន​ ២ ​នាក់​ (​ស្រី​ម្នាក់​) ជាមួយ​គ្រឿងញៀន​ជាង​ ៥០ ​គីឡូក្រាម បានបញ្ចប់​ការសាកសួរ​នឹង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ហើយ​។

ចំណែក​ករណី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន ៥ ​នាក់ ក្នុងនោះ​ជនជាតិ​ខ្មែរ ១ ​នាក់ និង​ជនជាតិ​វៀតណាម​ ៤ ​នាក់ រឹបអូស​គ្រឿងញៀន​ជាង​ ១៥៦ ​គីឡូក្រាម​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ គឺ​នៅ​បន្ត​នីតិវិធី​ទៀត​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​ករណី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ ៥ ​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ​មានការ​ជាប់​ពាក់ព័ន្ធ​បន្តទៀត​។ យើង​មើល​សកម្មភាព និង​បរិមាណ​គ្រឿងញៀន​រួម​នឹង​ស្ថានភាព​បុគ្គល​ដែល ត្រូវបាន​ឃាត់ខ្លួន​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ផ្នែក​មួយ​នៃ​ក្រុម​ឧក្រិដ្ឋជន​»​។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ការបង្ក្រាប​នេះ​អនុវត្តតាម​បទបញ្ជា លោក​ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ម៉ក់ ជីតូ អគ្គស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។

របាយការណ៍​បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ២២ និង ២០ ​នាទី សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក៨) ដឹកនាំ​ដោយ​លោក វ៉ាន់ កុសល និង​លោក សារី បុត្រសត្យា នាយករង​មន្ទីរ និង​ចូលរួម​ពី​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល ដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​ ៨០ ផ្លូវ M៣ បូរី​ប៉េងហួត (​បឹងស្នោ​) សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ៥ ​នាក់ រួមមាន ១ ឈ្មោះ ហម សាវុធ ភេទ​ប្រុស អាយុ ៥២ ​ឆ្នាំ ជនជាតិខ្មែរ​។ ២ ឈ្មោះ​ ឡេ វ៉ាន់ឌឿត​ (LE VAN DUOT) ភេទ​ប្រុស​អាយុ ៣១ ​ឆ្នាំ ជនជាតិ​វៀតណាម​។ ៣ ឈ្មោះ​ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ ជនជាតិ​វៀតណាម​។ ៤ ឈ្មោះ​ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទ​ស្រី អាយុ ២៥ ​ឆ្នាំ ជនជាតិ​វៀតណាម​។ ៥ ឈ្មោះ​ ហ្វ័ង ង៉ុកហាន ​(HOANG NGOC HAN ) ​ភេទ​ស្រី អាយុ​ ២៥ ​ឆ្នាំ ជនជាតិ​វៀតណាម​។

របាយការណ៍​បាន​បញ្ជាក់ថា វត្ថុតាង​ចាប់យក​បាន រួមមាន ១ អ៊ិចស្តាស៊ី (MDMA) ទម្ងន់​សុទ្ធ​ជាង​ ១០១ ​គីឡូក្រាម​។ ២ កាទីណូន (CATHINONE) ទម្ងន់​សុទ្ធ​ជាង​ ៣៩ ​គីឡូក្រាម​។ ៣ មេតំហ្វេតាមីន​ (ICE) ទម្ងន់​សុទ្ធ​ជាង​ ១៤ ​គីឡូក្រាម​។ ៤ កេតាមីន (KETANINE) ​ទម្ងន់​សុទ្ធ ១១២,៨១ ​ក្រាម ។ សរុប​សារធាតុ​ញៀន​ទម្ងន់​ជាង ១៥០ ​គីឡូក្រាម​។

ក្រៅពីនេះ​សមត្ថកិច្ច​ក៏បាន​រកឃើញ​សារធាតុ​គីមី​ផ្សំ (​រាវ​) អាសេតូន ទម្ងន់​សុទ្ធ​ជាង ៦ ​គីឡូក្រាម​។ សម្ភារ មធ្យោបាយ និង​ឧបករណ៍​កែច្នៃ​សារធាតុញៀន​។ ទូរស័ព្ទ​ ៤ ​គ្រឿង​។ ម៉ាស៊ីន​សម្រាប់​សម្ងួត​សារធាតុ​ញៀន​ចំនួន​ ២ ​គ្រឿង​។ ម៉ាស៊ីន​ក្រឡុក​សារធាតុ​ញៀន​ចំនួន ៦ ​គ្រឿង​។ ពុម្ព​សម្រាប់​វាយ​គ្រាប់​សារធាតុ​ញៀន​មួយចំនួនធំ និង​ម៉ាស៊ីន​វេចខ្ចប់​សារធាតុ​ញៀន ១ ​គ្រឿង​។

ជាមួយ​គ្នា​នេះ​កាលពី​ថ្ងៃទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០២១ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុញៀន​នៅ​ ៤ ​ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់ ស្ថិតនៅ​ខណ្ឌ​សែនសុខ ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិខ្មែរ​ចំនួន​ ២ ​នាក់​ក្នុង​នោះ​ស្រី​ម្នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង​ ៥០ ​គីឡូក្រាម​ផងដែរ​។ ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ដ​តាម​នីតិវិធី​។

យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាលជាតិ​កាលពី​ថ្ងៃទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០២១ វេលា​ម៉ោង ១០ និង ៣៥ ​នាទី កម្លាំង​ជំនាញ​នៃ​មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក១) ដឹកនាំ​ដោយ​លោក អ៊ិន សុង នាយករង​មន្ទីរ និង​លោក​ ហុង វណ្ណារិទ្ធ នាយការិយាល័យ (​ក១) សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​-​ភ្នំពេញ ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ ៤ ​ទីតាំង​ផ្សេងគ្នា​ជា​បន្តបន្ទាប់​។

ទីតាំង​ចុះបង្ក្រាប​ទាំងនោះ រួមមាន ទី​១- ​នៅ​ចំណុច​ផ្លូវលំ សង្កាត់​ទួលសង្កែ​១ ខណ្ឌឫស្សីកែវ​។ ទី​២- ​នៅ​ចំណុច​អតីត​រោងចក្រ​ទឹកដោះគោ​លើ​ផ្លូវជាតិ​លេខ​ ៥ សង្កាត់​ទួលសង្កែ​ ១ ខណ្ឌឫស្សីកែវ​។ ទី​៣- ​នៅ​ចំណុច​ផ្ទះជួល​លេខ ១៣២៩ ផ្លូវ​ ១០៣ ភូមិ​ទួលថ្លាន់ សង្កាត់​ទួលសង្កែ២ ខណ្ឌ​ឫស្សីកែវ​។ ទី​៤- ​ផ្ទះ​ដេ២ ផ្លូវ​បេតុង ភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ។

របាយការណ៍​បញ្ជាក់ថា ជា​លទ្ធផល​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ ២ ​នាក់ គឺ ឈ្មោះ​ សាន ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣៧ ​ឆ្នាំ ជនជាតិខ្មែរ និង​ ២ ឈ្មោះ​ សុខ ពន្លក ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ ជនជាតិខ្មែរ​។

សមត្ថកិច្ច​ជំនាញ​ក៏បាន​ចាប់យក​វត្ថុតាង រួមមាន មេតំហ្វេតាមីន​ (ICE) ៣០ ​កញ្ចប់​ធំ ៤ ​កញ្ចប់​តូច ស្មើ​ទម្ងន់​ជាង ៣០ ​គីឡូក្រាម​។ កេតាមីន ​(Ketamine) ២០ ​កញ្ចប់​ធំ ស្មើ​ទម្ងន់​ជាង​ ១៩ ​គីឡូក្រាម​។ ទូរស័ព្ទ​ ៣ ​គ្រឿង ម៉ូតូ​ ១ ​គ្រឿង និង​រថយន្ត​ ១ ​គ្រឿង​។ សរុប​សារធាតុញៀន​ចំនួន​ជាង​ ៥០ ​គីឡូក្រាម​។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការធ្វើ​តេស្ដ​សារធាតុញៀន​ជាង​ ៥០ ​គីឡូក្រាម និង​បង្ហាញមុខ​ជនសង្ស័យ​កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជនសង្ស័យ និង​វត្ថុតាង​ខាងលើ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

វីដេអូ៖