កំពតៈ អង្គការ​ JICA ​បានចាប់ផ្តើម​ពិភាក្សា​សិក្សា​លើ​ការអភិវឌ្ឍ​ប្រែក្លាយ មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ឱ្យ​ទៅជា​មន្ទីរពេទ្យ​តំបន់ ដើម្បី​ពង្រីក​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​កៀក​ទៅនឹង​ប្រជាពលរដ្ឋ​។

លោក វិត វឌ្ឍនា អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពត ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែកក្កដា ថា តំណាង​ JICA ​បាន​ចុះមក​ពិភាក្សា និង​សិក្សា​ជាមួយ​លោក ជាវ តាយ អភិបាល​ខេត្តកំពត​ពី​លទ្ធភាព​ក្នុង​ការប្រែក្លាយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ទៅជា​មន្ទីរពេទ្យ​តំបន់​ដែលមាន​លក្ខណៈ​ទំនើប​ក្នុង​ការព្យាបាល​ជូន​ប្រជាពលរដ្ឋ​។

លោក វឌ្ឍនា បន្តថា ក្រសួង​សុខាភិបាល​របស់​កម្ពុជា​បាន​​ស្នើសុំ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ឱ្យ​អង្គការ​ចៃកា​នេះ ចុះ​មក​សិក្សា ដំឡើង​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ទៅ​ជា​មន្ទីរពេទ្យ​តំបន់​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ខេត្ត​មួយ​ចំនួន រួមមាន​រាជធានីភ្នំពេញ ខេត្ត​កំពងចាម បាត់ដំបង ស្វាយរៀង និង​កំពត​ជាដើម​។

បើតាម​លោក វឌ្ឍនា តំណាង JICA បានចាប់ផ្តើម​សិក្សា ប្រមូល​ទិន្នន័យ និង​ពិនិត្យ​សមិទ្ធ​លទ្ធភាព ពង្រីក មន្ទីរពេទ្យបង្អែក​ខេត្ត ទៅជា​មន្ទីរពេទ្យ​តំបន់​។ ទោះជា​យ៉ាងណា​គម្រោង​នេះ​នៅ​មិនទាន់​អនុវត្ត​រៀបចំ​នៅឡើយ​ទេ ព្រោះ​មិនទាន់មាន​លទ្ធផល​នៃ​ការសិក្សា និង​ម្យ៉ាង​ភាគី​ JICA ​មាន​ក្រុមការងារ​ច្រើន ដែល​នឹង​ចុះមក​សិក្សា​អំពី​គម្រោង​នេះ​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​រូបនេះ​ថ្លែងថា​៖ «​វា​គ្រាន់តែ​​ជា​ការសិក្សា អ៊ីចឹង​ការសិក្សា​របស់​ JICA ​នេះ​មាន​ដល់ ៦ ក្រុម ទើបតែ​មក​បាន​ក្រុមទី ១ ទេ​។ ដូច្នេះ​គាត់​កំពុងតែ​ដំណើរការ​សិក្សា គាត់​ជួប​ជាមួយ​នឹង​ប្រធាន​មន្ទីរពេទ្យ គាត់​សិក្សា​ទិន្នន័យ​ច្រើន គ្រាន់តែ​ប៉ុណ្ណឹង​ទេ​»​។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ជាវ តាយ កាលពី​ថ្ងៃទី ១២ ខែ​កក្កដា ឆ្នាំ​ ២០២១ កន្លងមកនេះ លោក យ៉ាម៉ា សាគិ ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​ JICA ​មកពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ថ្លែង​ថា បេសកកម្ម​របស់​លោក​មក​ខេត្ត​កំពត​លើក​នេះ គឺ​តាមរយៈ​ការស្នើសុំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​សិក្សា​អភិវឌ្ឍន៍​មន្ទីរពេទ្យ​តំបន់ ក៏ដូចជា​ពង្រីក​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​កៀក​ទៅនឹង​ប្រជាពលរដ្ឋ​។

ការសិក្សា​គម្រោង​មន្ទីរពេទ្យ​តំបន់​នេះ គឺ​ធ្វើឡើង​នៅ​ខេត្តកំពត ខេត្ត​កំពង់ចាម ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​គឺ​ធ្លាប់​បានធ្វើ​រួចហើយ​នៅ​ឆ្នាំ​ ២០១៧ ប៉ុន្តែ​មិនបាន​ជោគជ័យ ទើប​ JICA ​បានរៀបចំ​យន្តការ​ថ្មី ដើម្បី​សិក្សា​ឱ្យ​កាន់តែ​លម្អិត និង​ស៊ីជម្រៅ ឈាន​ទៅរក​ការជោគជ័យ​។

លោក វឌ្ឍនា ថ្លែងថា តាមរយៈ​មន្ទីរពេទ្យ​តំបន់​នេះ​នឹង​ជួយ​បង្កើន​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កាន់តែ​រហ័ស និង​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន ទាំង​ការប្រើប្រាស់​ថ្នាំ និង​សម្ភារ​៕