The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយក​រដ្ឋមន្ត្រី មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​ឱ្យបាន​ជាង​ ៨០ ​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប




លោក​នាយក​រដ្ឋមន្ត្រី មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​ឱ្យបាន​ជាង​ ៨០ ​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​ពី​ជប៉ុន នៅ​យប់​ថ្ងៃ​ ២៣ កក្កដា​។ ហេង ជីវ័ន

លោក​នាយក​រដ្ឋមន្ត្រី មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​ឱ្យបាន​ជាង​ ៨០ ​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​​វីរុស​កូវីដ​ ១៩ ឱ្យបាន​ជាង​ ៨០ ​ភាគរយ​នៃ​ពលរដ្ឋ​សរុប​ទូទាំង​ប្រទេស រួមទាំង​មនុស្ស​ចាស់ យុវវ័យ និង​កុមារ ប្រមាណ​ជា​ ១៣ ​លាន​នាក់​ ខណៈ​យុទ្ធនាការ​នៃ​ការចាក់​វ៉ា់ក់សាំង​ដល់​មនុស្ស​មាន​អាយុ​ ១២ ​ឆ្នាំ ដល់​ ១៧ ​ឆ្នាំ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១ ខែសីហា ខាងមុខ​នេះ ដែល​ចៅ​លោកនាយក​រដ្ឋមន្ត្រី​នឹង​ចាក់​មុនគេ ដោយ​ចាប់ផ្តើម​យុទ្ធនាការ​នេះ​ចេញពី​រាជធានី​ភ្នំពេញ​មុន​គេ​ផងដែរ​។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​ក្នុង​ជំហាន​ដំបូង​ចំនួន ៣៣២ ០០០ ​ដូស ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​នា​យប់​ថ្ងៃទី​ ២៣ ខែកក្កដា លោក ហ៊ុន សែន បាន​លើកឡើងថា មកទល់​ពេល​នេះ (​យប់ ២៣ ខែកក្កដា​) ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​បាន​ចាក់​វ៉ាក់សាំង​បាន​ជាង​ ៦៥ ​ភាគរយ​ហើយ​នៃ​ចំនួន​ប្រជាជន​ដែល​ត្រូវ​ចាក់​ ១០ ​លាន​នាក់​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​គោលដៅ​របស់ខ្ញុំ​គឺ​ចង់​ចាក់​ឱ្យបាន​ដល់​ជាង​ ៨០ ​ភាគរយ​។ ​អ៊ីចឹង​!​យើង​គិត​​នៅក្នុង​ចំនួន​នេះ បើ​ចាក់​ ១២ ​លាន​នាក់​​ យើង​មាន​ ៧៥ ​ភាគរយ ​បើ​ចាក់​ ១៣ ​លាន​នាក់​​យើង​នឹង​បាន​ទៅដល់​ជាង​ ៨១ ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ ១៦ ​លាន​នាក់​។

ដូចនេះ ពេលនោះ​យើង​នឹងមាន​ភាពស៊ាំ​នៅក្នុង​សហគមន៍​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា គោលដៅ​ចាក់​វ៉ាក់សាំង​នេះ គឺ​មនុស្ស​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង ដែល​អាច​ចាក់​វ៉ាក់សាំង​បាន​មាន​ចំនួន​ ១០ ​លាន​នាក់ មនុស្ស​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ ដល់​ ១៧ ​ឆ្នាំ មាន​ចំនួន​ប្រមាណ​ ២ ​លាន​នាក់ និង​មនុស្ស​ក្រោម​អាយុ​ ១២ ​ឆ្នាំ ដែល​​មាន​ប្រមាណ​ជា​ ១ ​លាន​នាក់​។ ដូចនេះ​គិត​ត្រឹមតែ​ចំនួន​ ១៣ ​លាន​នាក់ នោះ​កម្ពុជា​នឹង​ចាក់​បាន​សរុប ៨២,២៥ ​ភាគរយ​នៃ​ប្រជាជន​សរុប​។

នៅ​ថ្ងៃទី​ ១ ខែ​សីហា ខាងមុខនេះ លោក​ ហ៊ុន សែន នឹង​បើកសម្ពោធ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​អាយុ​ ១២ ​ដល់​ ១៧ ​ឆ្នាំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​នៅថ្ងៃនោះ លោក​នឹង​នាំ​ចៅៗ​របស់លោក​ដែល​គ្រប់​អាយុ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ ហើយនឹង​ធ្វើ​​សន្និសីទកាសែត​នៅ​ទីនោះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ទៅដល់​មាតាបិតា​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ ដើម្បី​ការពារ​ជំងឺ​រាតត្បាត​នេះ​។ ខ្ញុំ​សង្ឃឹមថា វ៉ាក់សាំង​ដែល​នៅ​សេសសល់​នឹង​ដឹក​ជូន​មកដល់​កម្ពុជា​ដែល​យើង​អាច​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ដែល​ខ្ញុំ​សង្ឃឹមថា យើង​អាច​បញ្ចប់​យ៉ាងយូរ​នៅក្នុង​ខែតុលា​ដើម្បី​បញ្ចប់​មនុស្ស​ ១០ ​លាន​នាក់ ហើយ​ទៅ​ជាមួយ​គ្នា​យើង​អាច​នឹង​បន្ថែម​ ២ ​លាន​នាក់​ ឬ​ច្រើនជាង​ ២ ​លាន​នាក់​សម្រាប់​កុមារ និង​យុវវ័យ​នៅក្នុង​ប្រទេស​របស់​យើង​»​។

លោក​បាន​បន្តថា យោងតាម​ស្ថិតិ​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ កុមារ និង​យុវវ័យ​មានតែ​ចំនួន​ជាង​ ១៩ ​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ទាំង​អ្នក​ដែល​មក​ធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​ដែលមាន​កូន​ក៏​ត្រូវតែ​ចាក់ឱ្យ​ពួកគេ​ដែរ ដែលមាន​ស្ថិតិ​រហូតដល់​ ២៨ ​ម៉ឺន​នាក់​។

«​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​សម្រេច​ឱ្យបាន​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា​ដែល​​មាន​អាយុ​ត្រូវ​ចាក់​ហើយ​ពេទ្យ​អនុញ្ញាត​ឱ្យ​ចាក់​។ ពិភពលោក​ក៏ដូចជា​កម្ពុជា​នៅតែ​សង្ឃឹមលើ​ករណី​វ៉ាក់សាំង​នេះ​ប៉ុណ្ណោះ ហើយ​យើង​ក៏បាន​មើលឃើញ​នូវ​សញ្ញា​នៃ​ការថមថយ​ចុះ ពិសេស​នៅក្នុង​តំបន់​រោងចក្រ​នៅក្នុង​រាជធានី-ភ្នំពេញ​មាន​ការថមថយ​ចុះ​នៃ​ការឆ្លង ហើយ​បើ​មានការ​ឆ្លង​ក៏មាន​ស្ថានភាព​​មិន​រុញ​ទៅរក​ជំងឺ​ធ្ងន់ធ្ងរ ឬ​ការស្លាប់​នោះ​​ទេ​»​។ នេះ​ជា​ការបញ្ជាក់​បន្ថែម​របស់​លោក​ ហ៊ុន សែន​។

ជាមួយ​គ្នា​នោះដែរ លោក ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា ករណី​ចាក់​វ៉ាក់សាំង​ ២ ​ដូស​ហើយ នៅតែ​មាន​ឆ្លង និង​ស្លាប់ មិនមែន​មាន​តែ​នៅ​កម្ពុជា​នោះទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក​នៅ​ប្រទេស​អង់គ្លេស និង​នៅ​អឺរ៉ុប ក៏​នៅតែ​មាន​ករណី​ដូចគ្នា​ផងដែរ ទោះបីជា​គេ​អួតថា មាន​វ៉ាក់សាំង​ខ្លាំងៗ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «​ដូចនេះ​ទោះបីជា​ទទួល​បាន​វ៉ាក់សាំង​ហើយ​ក្តី មិនទាន់​ទទួល​វ៉ាក់សាំង​ក្តី ការការពារ​តាម​វិធានការ​៣កុំ និង​៣ការពារ​នៅតែ​ត្រូវ​បន្ត​ដែល​នេះ​ជា​វិធី​ដ៏ល្អ​បំផុត​សម្រាប់​យើង​។

សង្ឃឹមថា ប្រជាពលរដ្ឋ​របស់​យើង បន្ទាប់ពី​ឪពុកម្តាយ​បាន​ចាក់​គ្មាន​បញ្ហា​នឹង​នាំ​កូន​ដែល​មាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើង​ទៅ​ចាក់​វ៉ាក់សាំង​ដែរ​»​។

គិត​ត្រឹម​យប់​ថ្ងៃទី​ ២៤ ខែកក្កដា មនុស្ស​ជាង​ ៦,៦ ​លាន​នាក់​ ឬ​ស្មើនឹង​ជាង​ ៦៦​ ភាគរយ ធៀប​នឹង​ ១០ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩​។

លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​​បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៤ ​ថ្ងៃ​ទៀត​​មនុស្ស​ទី​ ៧ ​លាន​អាច​នឹង​រកឃើញ​។

លោកស្រី​បាន​សរសេរ​លើ​បណ្តាញ​ Twitter ​លោកស្រី​ពី​យប់​ថ្ងៃទី​ ២៤ ខែ​​កក្កដា​ថា​៖ «​យើង​អាច​រកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ទី​ ៧ ​លាន​ហើយ​។ តើ​នរណា​ជា​អ្នកឈ្នះ​រង្វាន់​លុយ​ ១០ ​លាន​រៀល​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​? ​ជាមួយ​​នឹង​វឌ្ឍនភាព​ល្អ​នេះ​យើង​នឹង​បន្ត​កាត់បន្ថយ​នូវ​ការចម្លង​មេរោគ​នេះ ហើយ​ប្រជាពលរដ្ឋ​គ្រប់គ្នា​ត្រូវតែ​អនុវត្ត វិធានការ ៣ការពារ និង​៣កុំ​ឱ្យបាន​ត្រឹមត្រូវ​»​។

ដោយឡែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវតែ​បន្ត​បង្កើន និង​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​ដើម្បី​ការពារ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាជន​យើង​នៅ​គ្រប់​ទិសដៅ​។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​​ក៏បាន​សម្រេច​បង្កើត​អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​ចំណុះឱ្យ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ផងដែរ ដោយ​អនុគណៈកម្មការ​នេះ​មាន​ភារកិច្ច​ដឹកនាំ និង​សម្របសម្រួលការ​អនុវត្ត​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល និង​វិធានការ​ច្បាប់​ដើម្បី​ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍