ភ្នំពេញៈ រាជរដ្ឋាភិ​បាល​កម្ពុជា ​តាម​រយៈ​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទាបាន​ប្រកាស​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ពី​វិបត្តិ​កូវីដ ១៩ សម្រាប់​ជុំ​ទី៦ ​លើកទី១​ ចាប់​ផ្ដើម​ពីថ្ងៃទី ​២៥ ខែ​ កក្កដា ​រហូត​ដល់​ថ្ងៃទី ​២៤ ខែ​ សីហា ​ឆ្នាំ​ ២០២១​​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សង្គម​កិច្ច​កាល​ពីថ្ងៃទី ​២៤ ខែ ​កក្កដា​ ឆ្នាំ ​២០២១ ស្ដីពី​លទ្ធផល​នៃ​ការ​អនុវត្ដ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ១៩ សម្រាប់​ជុំទី៥ លើក៣ និង​ការ​បើក​សាច់​ប្រាក់​ជុំ​ទី៦​លើកទី១ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែ​ មិថុនា​ ឆ្នាំ​ ២០២១ ការ​បើក​ផ្ដល់​នៅ​ជុំ​ទី៥ លើកទី៣ ត្រូវ​បាន​បញ្ចប់ ដែល​ជាលទ្ធផល​ប្រជា​ពលរដ្ឋ​ក្រីក្រ ១ និង​ក្រីក្រ​ ២ ​ចំនួន ​៦៥៨​ ៨៥៧ ​គ្រួសារ ​ស្មើនឹង​ជាង​២,៦​លាន​នាក់​ បាន​ទទួល​សាច់​ប្រាក់​ឧបត្ថម្ភ​សរុប​ជាង ​១១៧​ ប៊ីលាន​រៀល ​ស្មើ​នឹង​ជាង​២៩​លាន​ដុល្លារ​។

សេចក្ដី​ជូន​ដំណឹង​នេះ​បញ្ជាក់​ថា ​សម្រាប់​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជុំទី៦​ លើកទី​១ គឺចាប់​ផ្តើម​ពីថ្ងៃទី​ ២៥ ​ខែ​ កក្កដា ឆ្នាំ​ ២០២១ ​រហូត​ដល់​ថ្ងៃ​ទី ២៤​ ខែ​ សីហា ​ឆ្នាំ​ ២០២១ ដែល​មាន​រយៈ​ពេល​ ៣០ ថ្ងៃ​។

បើ​តាម​ក្រសួង​សង្គម​កិច្ច​ រាជរដ្ឋា​ភិបាល​បាន​ផ្ដល់​ការអន្តរា​គមន៍​ក្នុងការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូនប្រជា​ជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩ ចាប់​ពីថ្ងៃទី​ ២៥​ ខែ មិថុនា ឆ្នាំ ២០២០ ដល់​ថ្ងៃទី​ ២៤ ​ខែ មិថុនា ឆ្នាំ​ ២០២១ ដោយ​បាន​ចំណាយ​ថវិកា​រដ្ឋ​ចំនួន​ជាង​ ១ ៥២៤ ប៊ីលាន​រៀល ស្មើ​នឹង ៣៨១,០៨ លាន​ដុល្លារ​អា​មេរិក​៕