ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ២៣ ខែកក្កដា​បានចេញ​សេចក្ដី​សម្រេច​បង្កើត​អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​ចំណុះ​ឱ្យ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

យោងតាម​សេចក្ដី​សម្រេច​របស់​លោកនាយករដ្ឋមន្ដ្រី​ស្ដីពី​ការបង្កើត​អនុគណៈកម្មការ​ដឹកនាំ​អនុវត្ត​ច្បាប់​នេះ​បាន​តែងតាំង​សមាសភាព​លោក ថោង លីម អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន​អម​ដោយ​អនុប្រធាន ៣ ​រូប និង​សមាជិក​ពី​អភិបាលរង​ខេត្ដ ស្នងការរង​នគរបាល មេបញ្ជាការរង​កងរាជអាវុធហត្ថ និង​អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ដ​ផងដែរ​។ សេចក្ដី​សម្រេច​បានបញ្ជាក់​ថា អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​មាន​ភារកិច្ច​ដូចជា ដឹកនាំ និង​សម្របសម្រួល​ការអនុវត្ត​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល និង​វិធានការ​ច្បាប់ ដើម្បី​ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ដាក់ចេញ​វិធានការ​ចាំបាច់​នានា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​នានា​ពាក់ព័ន្ធ​នឹង​ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​នានា ទាំង​វិធានការ​សុខាភិបាល​ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដែល​ត្រូវបាន​ដាក់ចេញ ដើម្បី​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​។

អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​ក៏មាន​ភារកិច្ច​លើកសំណើ​វិធានការ​ថ្មី ឬ​កែសម្រួល​វិធានការ​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​ជាក់ស្ដែង​នៃ​សភាពការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជូន​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​វិធានការ​នានា ពាក់ព័ន្ធ​នឹង​ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ធ្វើ​របាយការណ៍​ជាប្រចាំ​ជូន​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​អនុវត្ត​ការងារ​ផ្សេងទៀត តាម​ការប្រគល់​ភារកិច្ច​របស់​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​។

លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា អនុគណៈកម្មការ​ដឹកនាំ​ការអនុវត្ត​ច្បាប់​នេះ ស្ថិតក្រោម​ការដឹកនាំ​សម្របសម្រួល​របស់​លោក នេត សាវឿន អនុប្រធាន​គណៈប្រតិបត្ដិ​នៃ​គណៈ​ប្រតិបត្តិ​នៃ​គណៈកម្មការ អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩៕