ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ប្រកាស​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សម្រាប់​ជុំ​ទី​៦ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៥ ខែកក្កដា រហូតដល់​ថ្ងៃទី​ ២៤ ខែ សីហា ឆ្នាំ​ ២០២១​។

តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ​ ២០២១ បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែ កក្កដា ឆ្នាំ​ ២០២១ ការបើក​ផ្ដល់​សាច់ប្រាក់​ជុំ​ទី​៥ លើក​ទី​៣ ត្រូវបាន​បញ្ចប់​។

ជា​លទ្ធផល ប្រជាពលរដ្ឋ​ដែល​មាន​ស្ថានភាព​គ្រួសារ​ក្រីក្រ​ ១ និង​ក្រីក្រ​ ២ ចំនួន ៦៥៨ ៨៥៧ គ្រួសារ​ស្មើនឹង​ជាង ២,៦ លាន​នាក់ ​បាន​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​សរុប​ជាង ១១៧ ប៊ីលាន​រៀល ​ស្មើនឹង​ជាង​ ២៩ លាន​ដុល្លារ​។ សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ៦ ​លើក​ទី​ ១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៥ ខែ កក្កដា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ២៤ ខែ សីហា ឆ្នាំ​ ២០២១ មាន​រយៈពេល ​៣០ ​ថ្ងៃ​។

បើតាម​ក្រសួង​សង្គមកិច្ច រាជរដ្ឋាភិបាល​បាន​ផ្ដល់​ការអន្តរាគមន៍​ក្នុង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ចាប់ពី​ថ្ងៃទី​ ២៥ ខែ មិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២៤ ខែ​កក្កដា ឆ្នាំ​ ២០២១ ដោយបាន​ចំណាយ​ថវិការដ្ឋ​ជាង ១ ៥២៤ ប៊ីលាន​រៀល​ស្មើនឹង ៣៨១,០៨ លាន​ដុល្លារ​អាមេរិក​។

លោក ឈួ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​ថ្លែង​កាលពី​ម្សិលមិញ​ថា ការផ្ដល់​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ជុំ​ទី​៥ ​គឺ​អនុវត្ដ​បានល្អ​ប្រសើរ​ជាង​មុន ដោយសារ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ច្រើន ហើយ​មន្ដ្រី​អនុវត្ដ​កម្មវិធី​ផ្ដល់​សាច់ប្រាក់​មាន​ភាពច្បាស់លាស់​លើ​ការងារ​របស់ខ្លួន​។

លោក​បាន​ថ្លែងថា​៖ «​ការបន្ត​ឧបត្ថម្ភ​ជុំ​ទី​៦ ​នេះ យើង​បានទទួល​ពលរដ្ឋ​ក្រីក្រ​ថ្មី ចំនួន ៧ ៥២៥ ​គ្រួសារ​បន្ថែមទៀត​។ ការអនុវត្ដ​ការងារ​ផ្ដល់​សាច់ប្រាក់​នៅ​ជុំ​ទី​៦ យើង​នៅ​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​ចំណាកស្រុក ពួកគាត់​ទើបតែ​មកដល់ មិន​យល់​ពី​កម្មវិធី​ផ្ដល់​សាច់ប្រាក់​នេះ ហើយ​រួមផ្សំ​នឹង​ក្រុម​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំពុលសង្គម​នាំឱ្យ​ពលរដ្ឋ​យល់​ខុស​»​។

លោក សុបញ្ញា បាន​បញ្ជាក់ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​ការលំបាក​ក្រីក្រ​ពិតប្រាកដ​ដែល​មិនទាន់​ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ពួកគាត់​អាច​ទៅ​ដាក់ពាក្យ​ស្នើសុំ​ការឧបត្ថម្ភ​ពី​អាជ្ញាធរ ឃុំ-សង្កាត់ ដើម្បី​អាច​ទទួលបាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​។

កាលពី​ថ្ងៃទី​ ២៤ ខែ មិថុនា ឆ្នាំ​ ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ​ក្រសួង​សង្គមកិច្ច​ក៏​បាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​កម្មវិធី​នៅ​ថ្ងៃទី​ ២៥ ខែ មិថុនា ឆ្នាំ​ ២០២០ មកដល់​បច្ចុប្បន្ន​បាន​ចំនួន​ ៥ ​ជុំ និង ១៣ ​លើក​រួចមកហើយ​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់ថា ក្នុងករណី​ប្រជាពលរដ្ឋ ឬ​សាធារណជន ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុង​ការអនុវត្ត​កម្មវិធី​ផ្ដល់​សាច់ប្រាក់​នេះ សាធារណជន​អាច​ធ្វើ​ទំនាក់ទំនង​អ្នក​កាន់​កម្មវិធី នៅតាម​ឃុំ សង្កាត់​ ឬ​នៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឬ​មន្ទីរ​ផែនការ រាជធានី ខេត្ត​នីមួយៗ ឬ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ ព័ត៌មាន​ទាន់​ហេតុការណ៍​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ដែលមាន​លេខ (០៩២ /០១៥) ២១៩ ៨៨៨ ។

លោក សុបញ្ញា ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ទាំងអស់​គោរព​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល​ដោយ​អនុវត្ត​នូវ​វិធានការ ៣កុំ ៣ការពារ នៅ​គ្រប់​ទីកន្លែង​ពិសេស​នៅពេល​ទៅ​ទទួល​ប្រាក់ឧបត្ថម្ភ​នៅតាម​បញ្ជរវីង (Wing) ​ទូទាំង​ប្រទេស​៕