ភ្នំពេញៈ នគរបាល​អន្តោប្រវេសន៍​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ២៦ ​កក្កដា កំពុង​បន្ត​នីតិវិធី​សាកសួរ ករណី​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​ ៣៦ ​នាក់ បន្ទាប់ពី​ឃាត់ខ្លួន​ពួកគេ​កាលពី​យប់​ថ្ងៃទី​ ២៤ ​កក្កដា ពាក់ព័ន្ធ​ការឆ្លង​ដែនសមុទ្រ​ដោយ​ខុសច្បាប់ ដោយ​ធ្វើដំណើរ​តាម​កប៉ាល់​ពី​ប្រទេស​ចិន មក​ខេត្ត​ព្រះសីហនុ​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ កក្កដា​ថា ករណី​ជនជាតិ​ចិន​ទាំង​ ៣៦ ​នាក់​នោះ​គឺ​ត្រូវបាន​បញ្ជូនទៅ​ស្ថាប័ន​ជំនាញ​ ដើម្បី​ចាត់ការ​បន្ត​ហើយ​។

លោក​ថ្លែងថា​៖ «​រឿងនេះ​ខាង​នាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​ចាត់វិធានការ​បន្តទៀត​ហើយ​។ ប៉ុន្តែ​សួរថា ត្រូវបញ្ជូន​ពួកគេ​ទៅ​ស្រុក​វិញ​យ៉ាងណា​នោះ ខ្ញុំ​សូមទោស​មិនទាន់​អាច​ឆ្លើយ​ជូន​បានទេ​»​។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មិនអាច​ទាក់ទង​តាម​ទូរស័ព្ទ​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃទី​ ២៦ ​កក្កដា​។

លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​ ២៦ កក្កដា បាន​ប្រាប់​ឱ្យដឹងថា ការងារ​នេះ​សមត្ថកិច្ច​របស់លោក​មិនបាន​អនុវត្ត​ផ្ទាល់​ទេ និង​គ្រាន់តែ​សហការ​ប៉ុណ្ណោះ​។

ទោះយ៉ាងណា បើតាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា កាលពី​យប់​ថ្ងៃទី​ ២៤ ​កក្កដា សមត្ថកិច្ច​បាន​ឃាត់​នាវា​របស់​ចិន​ ១ ​គ្រឿង ​មាន​ដោត​ទង់ជាតិ​កម្ពុជា​ចូលមក​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ដោយ​នាវា​នោះ​ឈ្មោះ តុង ហាយ មកពី​ខេត្ត​ហ៊្វូចៀន ប្រទេស​ចិន​។

នៅក្នុង​នាវា​នោះ​មាន​ជនជាតិ​ចិន ៣៦ នាក់ ក្នុងនោះ​មាន​ស្រី ១ នាក់ និង​ជនជាតិខ្មែរ​ ២ ​នាក់​ជា​កម្មករ​។ នាវា​នេះ​បាន​ចាកចេញ​ពី​កំពង់ផែ ឈ្មោះ ហ៊្វូអាន ខេត្ត ហ៊្វូចៀន នៅ​ថ្ងៃទី​ ១៨ ខែកក្កដា ឆ្នាំ​ ២០២១៕