The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​សៀមរាប​ចោទប្រកាន់ និង​បង្គាប់​ឱ្យ​នាំខ្លួន​មនុស្ស​ ៦ ​នាក់​ពី​បទ​មិន​គោរព​វិធានការ​ទប់ស្កាត់​ការឆ្លង​កូវីដ




តុលាការ​សៀមរាប​ចោទប្រកាន់ និង​បង្គាប់​ឱ្យ​នាំខ្លួន​មនុស្ស​ ៦ ​នាក់​ពី​បទ​មិន​គោរព​វិធានការ​ទប់ស្កាត់​ការឆ្លង​កូវីដ

Content image - Phnom Penh Post
បុរស​ ២ ​នាក់​ក្នុងចំណោម​ ៦ ​នាក់​ត្រូវ​តុលាការ​ចោទ​ពាក់ព័ន្ធ​បំពាន​បម្រាម​កូវីដ​។ រូប មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប

តុលាការ​សៀមរាប​ចោទប្រកាន់ និង​បង្គាប់​ឱ្យ​នាំខ្លួន​មនុស្ស​ ៦ ​នាក់​ពី​បទ​មិន​គោរព​វិធានការ​ទប់ស្កាត់​ការឆ្លង​កូវីដ

សៀមរាបៈ ក្នុង​រយៈពេល​ ២ ​ថ្ងៃ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចោទប្រកាន់ និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​មនុស្ស​ចំនួន​ ៦ ​នាក់​ពី​បទ​មិន​គោរព​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ នៃ​ច្បាប់​ស្តីពី​វិធាន​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។

លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​ដាច់ដោយឡែក​ពីគ្នា​បង្គាប់​ឱ្យ​ឃុំខ្លួន​មនុស្ស​ចំនួន​ ៦ ​នាក់​ដែលជា​ម្ចាស់​ហាង និង​ជា​មេការ​ហាង ដែល​បាន​បំពាន​នឹង​វិធានការ​រដ្ឋបាល​បណ្តាល​ឱ្យមាន​ការចម្លង​ជំងឺ​កូវីដ​ ១៩ ​ដល់​អ្នកដទៃ​។

លោក​បាន​លើកឡើងថា​៖ «​បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំ​ជន​ត្រូវ​ចោទ​ដែលមាន​ឈ្មោះ តាំង ម្លិះ​, លាង គា​, សាន ឆេងគី​, ប្រាក់ សារ៉ន​,​អាន សត្ថា និង​ សាយ ឡាស្កាហ៍ ទៅ​ពន្ធនាគារ​ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តសៀមរាប ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​»​។

ជនជាប់ចោទ​ទាំង​ ៦ ​នាក់​នេះ​ត្រូវ​បាន​ចោទ​ពីបទ «​មិន​គោរព​វិធានការ​រដ្ឋបាល ដែល​បាន​បណ្តាលឱ្យ​មាន​ការចម្លង​ជំងឺ​​កូវីដ​ ១៩ ​ដល់​អ្នកដទៃ​» ដែល​បទល្មើស​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​ ១០ កថាខណ្ឌ​ ២ និង​ ៣ នៃ​ច្បាប់​ស្តីពី​វិធាន​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។

យោងតាម​មាត្រា​ ១០ កថាខណ្ឌ​ ២ នៃ​ច្បាប់​ពី​វិធាន​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​បាន​ចែងថា​៖ «​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២ ​ឆ្នាំទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល ទៅ​ ១០ ​លាន​រៀល ដែល​អំពើ​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការចម្លង​ជំងឺ​កូវីដ​ ១៩ ​ដល់​អ្នកដទៃ​»​។

ចំណែក​កថាខណ្ឌ​ ៣ ​នៃ​ច្បាប់​ដដែល​នេះ​បាន​ចែងថា​៖ «​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៥ ​លាន​រៀល​ដល់​ ២០ ​លាន​រៀល ដែល​អំពើ​នេះ​បណ្តាល​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​»​។

ការចាប់ខ្លួន​រហូត​មាន​ការចោទប្រកាន់ និង​ឃុំខ្លួន​ជន​ទាំង​ ៦ ​នាក់​នេះ គឺ​ក្រោយ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​ដែលមាន​ប្រភព​នៅ​ស្រុក​ជីក្រែង កាលពី​ដើម​ខែមិថុនា ឆ្នាំ​ ២០២១ កន្លងមក ហើយ​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​រហូត​កំណត់​បាន​នូវ​មុខសញ្ញា ដែលជា​ដើមហេតុ​បង្ក​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​ ១៩ រាលដាល​ធ្ងន់ធ្ងរ​ក្នុង​ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម និង​ក្រុង​សៀមរាប ព្រមទាំង​ស្រុក​មួយចំនួន​ទៀតផង​។

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែកក្កដា​ថា រដ្ឋបាលខេត្ត បាន​ដាក់​ចេញ​វិធានការ​រដ្ឋបាល​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុងនោះ​មាន​ការបិទ​ជា​បណ្តោះអាសន្ន​នូវ​ការជួបជុំ​ប្រមូលផ្តុំ​គ្នា​ពិសា​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ​ជាដើម​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ចំពោះ​បុគ្គល​ទាំងឡាយ​ណា ដែល​ល្មើស​នឹង​វិធានការ​ទប់ស្កាត់​នឹង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​»​។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចូលរួម​អនុវត្ត និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ថ្នាក់ ដើម្បី​កាត់ផ្តាច់​ជំងឺ​កូវីដ​ ១៩ ​ចេញ​ពី​សហគមន៍ ដែល​នឹង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច សង្គម​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។

ទន្ទឹមនឹង​នេះដែរ អភិបាលខេត្ត​សៀមរាប​លោក​ ទៀ សីហា បានដាក់​បន្ត​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល​រយៈពេល​ ២ ​សប្តាហ៍​ចាប់ពី​ពេលនេះ​រហូតដល់​ថ្ងៃទី​ ៧ ខែសីហា​។

លោក​ ទៀ សីហា បានឱ្យ​ដឹងថា លោក​បានសម្រេច​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​រាល់​ការធ្វើ​ចរាចរណ៍ សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម​នៅ​ចន្លោះ​ពី​ម៉ោង​ ១០ ​យប់​ដល់​ម៉ោង​ ៤ ​ព្រឹក និង​ការប្រមូលផ្តុំ​មនុស្ស ឬ​ការជួបជុំ​គ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ខេត្ត​សៀមរាប​ទាំងមូល​៕

អត្ថបទគួរចាប់អារម្មណ៍