ភ្នំពេញៈ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជិត ៤០ ករណី មានវីរុសកូវីដ ១៩ បំប្លែងថ្មីប្រភេទ B.1.617.2 (Delta) ដែលក្នុងចំណោមអ្នកមានវីរុសបំប្លែងថ្មីនោះ មានករណីឆ្លងក្នុងសហគមន៍រហូតដល់ ៨ នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ ២៧ ខែកក្កដានេះ។
បើតាមសេចក្តីប្រកាសនេះ វីរុសបំប្លែងថ្មីប្រភេទដែលតាចំនួន ៣៩ ករណី ត្រូវបានរកឃើញកាលពីថ្ងៃទី ២២ និងនៅថ្ងៃទី ២៥ ខែកក្កដា ដោយយោងទៅតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងនោះ មានអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ មានចំនួន ២១ នាក់។
សេចក្តីប្រកាសបានបន្ថែមថា ករណីនេះក៏បានរកឃើញទៅលើបុគ្គលិកសុខាភិបាលចំនួន ៤ នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦ នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍ដែលមិនប៉ះពាល់ផ្ទាល់ចំនួន ៨ នាក់ផងដែរ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ប្រជាពលរដ្ឋ ដែលស្ថិតក្នុងសហគមន៍មិនប៉ះពាល់ជាមួយអ្នកដំណើរមកពីក្រៅប្រទេសចំនួន ៨ នាក់ មាននៅក្នុងខេត្តសៀមរាប កំពង់ធំ និងខេត្តឧត្តរមានជ័យ»។
គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២៥ ខែកក្កដា កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ ១៩ ប្រភេទដែលតា (Delta) សរុបទាំងអស់ចំនួន ១១៤ នាក់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭកហើយរំឭកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ ១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩៕