
ឧទ្យានជាតិព្រះមុនីវង្សបូកគោ។ រូបថត ហ្វេសប៊ុក
កំពតៈ មេឃុំចំនួន ៣ ឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត បានចេញលិខិតមោឃភាព ហត្ថលេខារបស់ខ្លួនដែលបានចុះហត្ថលេខាជូនពលរដ្ឋលើឯកសារកាន់កាប់ដីធ្លីទាំងឡាយ ដែលស្ថិតនៅក្នុងតំបន់អភិរក្សនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ខណៈមន្ត្រីអះអាងថា មានពលរដ្ឋមិនសុខចិត្តនឹងការប្រកាសនេះ ហើយត្រៀមធ្វើលិខិតដាក់ជូនរដ្ឋបាលខេត្ត ដើម្បីស្នើសុំដំណោះស្រាយ។
លិខិតចំនួន ៣ ច្បាប់របស់មេឃុំព្រែកត្នោត លោក គង់ ប៊ុនរា មេឃុំកោះតូច លោក ឈូក ផូ និងមេឃុំបឹងទូក លោក មូល សុខុម បានបញ្ជាក់ដូចៗគ្នាដោយប្រកាសមោឃភាពលើហត្ថលេខារបស់ខ្លួន ដែលធ្លាប់បានស៊ីញ៉េកន្លងមកលើឯកសារដីធ្លីរបស់ពលរដ្ឋ ដូចជាលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញលក់ និងប្លង់បង្ហាញទីតាំងគ្រប់ប្រភេទជាដើម ឱ្យតែក្នុងតំបន់ការពារធនធានធម្មជាតិ និងតំបន់អភិរក្សនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។
ក្នុងលិខិតដដែលបានបញ្ជាក់ដូចៗគ្នាថា៖ «មូលហេតុនៃការធ្លាប់ចុះហត្ថលេខា លើលិខិតដីធ្លីទាំងអស់នោះ ព្រោះនាងខ្ញុំ និងខ្ញុំបាទ ពុំសូវយល់ដឹងពីច្បាប់ទម្លាប់ច្រើន ហើយដោយឃើញពលរដ្ឋ គាត់អាស្រ័យផលជាក់ស្តែងលើដីទាំងនោះ»។
ជាមួយនឹងការចេញលិខិតមោឃភាពនេះកន្លងទៅមានមេឃុំជាច្រើនរូបរួចមកហើយ មានដូចជាមេឃុំក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី និងខេត្តដទៃទៀតក៏បានប្រកាសមោឃភាពហត្ថលេខារបស់ខ្លួនដូចគ្នា បន្ទាប់ពីក្រសួងបរិស្ថានបានចេញលិខិត ១ ច្បាប់បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការចុះហត្ថលេខា ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ស្នើសុំកាន់កាប់ ប្រើប្រាស់ដី លិខិតទិញ-លក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ។ ក្នុងនោះក៏បានណែនាំឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើមោឃភាពរាល់ហត្ថលេខា ឬលិខិតបញ្ជាក់ ដែលបានធ្វើកន្លងមក។
លោក សូ ប៊ុនធឿន អធិការរងនគរបាលស្រុកទឹកឈូ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ កក្កដាថា បន្ទាប់មេឃុំទាំង ៣ បានប្រកាសមោឃភាពនេះ ជំនាញក៏ទទួលបានព័ត៌មានពីពលរដ្ឋ ដែលមានដីធ្លីក្នុងតំបន់នេះហើយទទួលបានការទទួលស្គាល់ពីអាជ្ញាធរឃុំកន្លងទៅបង្ហាញការមិនសប្បាយចិត្តផងដែរ។
លោកបញ្ជាក់ថា តាមរយៈព័ត៌មានដែលទទួលបាន ពលរដ្ឋដែលមិនសុខចិត្តនឹងប្រកាសនេះ ពួកគេកំពុងប្រមូលឯកសារ និងស្នាមមេដៃ ដើម្បីដាក់ស្នើទៅរដ្ឋបាលខេត្ត ដើម្បីសុំកិច្ចអន្តរាគមន៍។ លោកថា៖ «គឺប្រជាជន គាត់កំពុងយកឯកសារ ដែលពាក់ព័ន្ធហ្នឹង គាត់ធ្វើស្របតាមច្បាប់ទេគឺដាក់មក ដើម្បីស្នើសុំជួបអភិបាលខេត្ត។ ម្សិលមិញ (ថ្ងៃទី ២៥) យើងឃើញគាត់ប្រមូលបានខ្លះដែរ ប៉ុន្តែគាត់ធ្វើជាលក្ខណៈគ្នាគាត់សិនទេ មិនទាន់ដាក់មកសាលាខេត្តទេ។ យើងចាំមើលទៀត»។
បើតាមលោក សូ ប៊ុនធឿន តាមរយៈការមោឃភាពលិខិតកាន់កាប់ និងហត្ថលេខារបស់មេឃុំទាំង ៣ នេះ គឺអាចមានប្រជាពលរដ្ឋជាច្រើន ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង និងអ្នកដែលបានទិញ-លក់ដីក្នុងតំបន់នេះបន្តគ្នា មិនសុខចិត្ត។
លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពតនៅថ្ងៃទី ២៦ ខែកក្កដា បានបដិសេធធ្វើការអត្ថាធិប្បាយ ចំណែកមេឃុំម្នាក់ ក្នុងចំណោមមេឃុំ ៣ នាក់ ដែលបានប្រកាសមោឃភាពហត្ថលេខានេះ មិនអាចទាក់ទងបានទេដោយទូរស័ព្ទចុចចូល មិនមានអ្នកទទួល ហើយក៏ចុចលែងចូល។
លោក យឹម ផល្លី មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដើម្បីចៀសវាងមានការតវ៉ាកើតឡើង អាជ្ញាធរខេត្តគួរតែពិនិត្យទៅលើការកាត់ឆ្វៀលដីតាមរូបមន្តស្បែកខ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបើពិនិត្យឃើញថា ពលរដ្ឋពិតជាបានរស់នៅអាស្រ័យផលលើដីជាក់ស្តែងពិតប្រាកដមែន គួរតែកាត់ឆ្វៀលដីនោះជូនពួកគាត់។ បន្ថែមពីនេះ លោកថាអាជ្ញាធរគួរចាត់វិធានការចំពោះមុខច្បាប់រាល់ជនទាំងឡាយណា ដែលបន្តកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារយកមកទទួលទោសឱ្យខាងតែបាន។
លោកបញ្ជាក់ថា៖ «បើយើងនិយាយតាមច្បាប់ គឺអាជ្ញាធរដែលចេញលិខិតមិនត្រឹមត្រូវគឺត្រូវតែចេញមុខមកទទួលខុសត្រូវចំពោះមុខច្បាប់ បានន័យថា នៅពេលបញ្ជាក់មិនត្រឹមត្រូវ នោះអ្នកបញ្ជាក់ក៏ខុស អ្នកប្រើប្រាស់ក៏ខុស»។
លោក ឡៅ ម៉ុងហៃ ជាអ្នកវិភាគ និងជាអ្នកច្បាប់ជើងចាស់មួយរូបបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកដោយលើកឡើងជុំវិញការបដិសេធហត្ថលេខារបស់មេឃុំយ៉ាងដូច្នេះថា បើទោះបីជាមេឃុំទាំងនោះ បានបដិសេធហត្ថលេខារបស់ខ្លួនក៏មិនត្រូវឱ្យមេឃុំទាំងនោះរួចខ្លួនពីទោសកំហុសរបស់ខ្លួនដែរ។
លោកបញ្ជាក់ថា មេឃុំដែលបានបដិសេធ និងទុកជានិរាករណ៍ លិខិតស្នាមដែលខ្លួនបានចុះហត្ថលេខា និងប្រថាប់ត្រា ក្នុងនាមជាអាជ្ញាធររដ្ឋពាក់ព័ន្ធដីធ្លី និងធនធានធម្មជាតិរបស់ប្រទេសត្រូវមានការទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋ និងចំពោះមុខច្បាប់អំពីកំហុសរបស់ខ្លួន។
លោក នេត្រ ភក្ត្រា អ្ននាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា រហូតមកពេលនេះ គឺមានមេឃុំជាច្រើនបានប្រកាសមោឃភាពហត្ថលេខារបស់ខ្លួន តាមវិធានការរបស់ក្រសួង។ លោកបានបញ្ជាក់ថា ក្រសួងក៏បន្តតាមដានចំពោះការអនុវត្តរបស់ថ្នាក់ឃុំ ដែលជាអាជ្ញាធរដែនដីបន្តទៀត ហើយបើនៅតែល្មើសនឹងបម្រាមនេះ ក្រសួងនឹងមានវិធានការ។
លោកថា៖ «យើងនឹងចាត់វិធានការយ៉ាងម៉ឺងមាត់ចំពោះ រដ្ឋបាលឃុំ-សង្កាត់ណា ដែលនៅតែបន្តចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ឬពាក្យស្នើសុំសិទ្ធិកាន់កាប់ដីធ្លី ដែលបានកាប់ឆ្ការរុករានទន្ទ្រានយកដីព្រៃរដ្ឋដោយខុសច្បាប់»៕
វីដេអូ៖