កំពង់ស្ពឺៈ ​ដីព្រៃ​សហគមន៍​ទ័ពមាន ក្នុង​ឃុំ​ទ័ពមាន ស្រុក​ថ្ពង​បាន​ទទួលរង​ការកាប់​ទន្ទ្រាន​វាត​យក​កាន់កាប់​អស់​ប្រមាណ​ ៣៥ ​ហិកតា​។ ប្រធាន​សហគមន៍​នេះ​កំពុង​មាន​ការព្រួយបារម្ភ និង​គ្រោង​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍ ការពារ​កុំឱ្យ​មាន​ការកាប់​រាន​យក​ដីព្រៃ​សហគមន៍​កាន់កាប់​បន្ថែមទៀត​។

លោក ផូ ផាន ប្រធាន​សហគមន៍​ទ័ពមាន​ថ្លែង​ពី​ម្សិលមិញ​ថា ដីព្រៃ​សហគមន៍​ទ័ពមាន​ត្រូវ​បាន​រង​ការទន្ទ្រាន​ពី​សំណាក់​ជន​មិន​ស្គាល់មុខ ដោយបាន​លួច​ចូល​កាប់​រានទន្ទ្រាន​ព័ទ្ធរបង​វាត​យក​ដី និង​ដាំ​ដំណាំ​។

យ៉ាងណាក្តី​លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា ដី​ដែលមាន​ការកាប់​ទន្ទ្រាន​នោះ មាន​ចំនួន​ប៉ុន្មាន​ហិកតា​ឱ្យ​ប្រាកដ​នោះទេ ដោយ​លោក​គ្រាន់តែ​ប៉ាន់ស្មាន​ថា អាចមាន​សរុប​ប្រមាណ​ជាង​ ៣០ ​ហិកតា​។

លោក​ថ្លែងថា​៖ «​ដី​ហ្នឹង​និយាយ​ទៅ ទាំង​ការរាន​ថ្មី​ចុងក្រោយ​ហ្នឹង និង​ការរាន​ពីមុនៗ​សរុប​ប្រមាណ​ជាង ៣០ ​ហិកតា​។ ខ្ញុំ​ស្មាន​មើល​ទេ ព្រោះ​អត់​មាន​ប្រដាប់​វាស់វែង​ច្បាស់លាស់​» ។ បើតាម​លោក ផូ ផាន កន្លងមក​មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​ខាង​តុលាការ​ដែរ ប៉ុន្តែ​មិនឃើញ​មាន​ដំណោះស្រាយ​អ្វី​ទេ​។

លោក លីវ សារុំ បណ្តាញ​សហគមន៍​កសាង​សន្តិភាព ដែល​បាន​ចូលរួម​ចុះទៅ​ល្បាត​ក្នុង​សហគមន៍​ទ័ព​មាន​បាន​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​លួច​ចូលទៅ​កាប់​ទន្ទ្រាន​យក​ដី​សហគមន៍​ទ័ពមាន អាច​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង ប៉ុន្តែ​លោក​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ជា​អ្នកណា​ឱ្យ​ប្រាកដ​នៅឡើយ ទេ​ព្រោះ​បញ្ហា​នេះ​ប្រជាសហគមន៍​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​។

លោក​ សារុំ បញ្ជាក់ថា តាម​ការដែល​លោក​ពិនិត្យឃើញ​ជាក់ស្តែង ទីតាំង​ថ្មី​ដែល​ទើប​ត្រូវ​បាន​កាប់​រានទន្ទ្រាន​ហើយ​នោះ​មាន​ ២ ​ទីតាំង ទីតាំង​ទី​ ១ ​ប្រហែល ៤ ​ហិកតា និង​ ១ ​ទីតាំង​ទៀត​អស់​ជាង​កន្លះ​ហិកតា​។ ហេតុនេះ សរុប​ដី​ដែលមាន​ការកាប់​ទន្ទ្រាន​នៅក្នុង​សហគមន៍​ទ័ពមាន អស់​ប្រមាណ​ ៣៥ ​ហិកតា​ក្នុង​ដី​សហគមន៍​សរុប​ទាំងអស់ ៣៥១ ហិកតា​។

បើតាម​លោក សារុំ ដី​ដែលមាន​ការកាប់​ទន្ទ្រាន​ចុងក្រោយ​នោះ​មាន​ការដាំ​ដំណាំ​ខ្លះៗ ដូចជា ដូង ស្វាយ មៀន ជាដើម ប៉ុន្តែ​មិនមាន​ស្នាម​កាប់រាន​ទន្ទ្រាន​បន្ថែមទៀត​ទេ​។

លោក​ថ្លែងថា​៖ «​កន្លងមក​សហគមន៍​ទ័ពមាន ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​ ដើម្បី​សុំឱ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ខាង​តុលាការ​គេ​មិន​ទទួល​។ ប៉ុន្តែ​លើក​នេះ ខាង​សហគមន៍​នឹង​ប្រជុំ​ពិភាក្សាគ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រៀបចំ​ដាក់ពាក្យ​ទៅខាង​មន្ត្រី​ជំនាញ ដើម្បី​សូមឱ្យ​ជួយ​អន្តរាគមន៍​ដាក់ពាក្យ​បន្ត​ទៅកាន់​តុលាការ​»​។

លោក លាវ លាងគា អភិបាលស្រុក​ថ្ពង​ថ្លែង​ពី​ម្សិលមិញ​ថា ជុំវិញ​រឿង​ដីធ្លី​នៅ​សហគមន៍​ទ័ព​មាន លោក​មិន​បានដឹង​ទេ ដោយសារ​តែ​មិនមាន​របាយការណ៍​ណាមួយ​ពី​ខាង​ឃុំ​ឡើយ ហើយ​លោក​បាន​បង្វែរ​ឱ្យទៅ​សួរ​ខាង​អាជ្ញាធរ​ឃុំ​។

យ៉ាងណា​ក៏ដោយ​ ភ្នំពេញ ប៉ុស្តិ៍ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ ហែម សុង មេឃុំ​ទ័ពមាន​បាន​ទេ កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​ចូល​តែ​មិនមាន​អ្នកទទួល​។

លោក រ័ត្ន ថាវី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​កំពង់ស្ពឺ ថ្លែងថា លោក​មិន​បានដឹង​ពី​បញ្ហា​ដែល​កើតឡើង​នៅ​សហគមន៍​ទ័ពមាន​នោះទេ​។ យ៉ាងណាក្តី លោក​យល់ឃើញ​ថា ករណី​ដាក់​ពាក្យបណ្តឹង​ទៅខាង​តុលាការ បើ​មាន​សំអាង និង​ហេតុផល​ច្បាស់លាស់ ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ ខាង​តុលាការ​ប្រាកដជា​ទទួល​ដោះស្រាយ​។

ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​៖ «​បើសិន​ជា​ពលរដ្ឋ​ដាក់ពាក្យ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ហើយ​តុលាការ​មិន​ទទួល​នោះ អាហ្នឹង​វា​គឺជា​រឿង​អយុត្តិធម៌​មួយ ប៉ុន្តែ​ជុំវិញ​រឿងនេះ ខ្ញុំ​មិនបាន​ចុះទៅ​ស្រាវជ្រាវ​ជាក់ស្តែង​នោះទេ ហេតុនេះ​មិនដឹងថា រឿងរ៉ាវ​យ៉ាងណា​ប្រាកដ​នោះ​ទេ ពលរដ្ឋ​មិនដឹង​គាត់​មាន​ការដាក់ពាក្យ​យ៉ាងម៉េច​ដែរ​»៕