ស្ទឹងត្រែងៈ ​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនជាតិ​វៀតណាម និង​ខ្មែរ​សរុប​ចំនួន​ ១៥ ​នាក់​ទៅ​​តុលាការ​កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ២៤-២៥ ខែកក្កដា ក្នុងពេល​ចុះបង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​ (​រ៉ែ​ថ្មម៉ាប​) ​ខុសច្បាប់​នៅ​ភូមិ​អន្លង់ស្វាយ ឃុំ​អូររៃ ស្រុក​ថាឡាបរិវ៉ាត់ ដោយបាន​រឹបអូស​ទាំង​ម៉ាស៊ីន​ខួង​ថ្ម​ធុន​ធំ​ជាច្រើន​គ្រឿង​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យដឹងថា ប្រតិបត្តិការ​​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក សៅ សុខា អគ្គមេបញ្ជាការរង​កងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​គណៈបញ្ជាការ​ឯកភាព​ខេត្ដ​ស្ទឹងត្រែង​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជា សុភ័ក្ដ្រ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​។

របាយការណ៍​បានឱ្យ​ដឹងថា​ប្រតិបត្តិការ​បង្ក្រាប​ការរុករក​រ៉ែ​ខុសច្បាប់​នេះ​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​ គឺ​នៅ​ថ្ងៃទី​ ២៤ ខែកក្កដា នៅ​ភូមិ អន្លង់ស្វាយ ឃុំ​អូររៃ ស្រុក​ថាឡាបរិវ៉ាត់ ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​ ៧ ​នាក់​ក្នុង​ពេល​ដែល​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព បើក​ការដ្ឋាន​ខួង​រុករក​រ៉ែ ចំនួន ៣ ​កន្លែង​។

ចំណែក​នៅ​ថ្ងៃទី​ ២៥ ខែកក្កដា សមត្ថកិច្ច​បាន​បន្ត​បង្ក្រាប​នៅ​ទីតាំង​ដដែល​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៨ ​នាក់​ទៀត​។

លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​​ថា សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​ទាំង​ ១៥ ​នាក់​នេះ ដោយសារ​ពួកគេ​បានធ្វើ​អាជីវកម្ម និង​សកម្មភាព​រុករក​រ៉ែ និង​ដាក់​ម៉ាស៊ីន​ខួង​យក​រ៉ែ​ (​រ៉ែ​ថ្ម​ធម្មជាតិ​​ ឬ​ថ្មម៉ាប​) ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក​បាន​ថ្លែងថា​៖ «​ឥឡូវ​​បញ្ចប់​នីតិវិធី​នៅ​កងរាជ​អាវុធហត្ថ​ហើយ គឺ​បាន​បញ្ជូន​មនុស្ស​​ទាំង​ ១៥ ​នាក់ ​ទៅ​បន្ត​នីតិវិធី​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ហើយ​»​។

លោក ជា សុភ័ក្ត្រ ព្រះរាជអយ្យការរង​អម​សាលាដំបូង​ខេត្ត​​ស្ទឹងត្រែង​បានឱ្យដឹង​កាលពី​​ម្សិលមិញ​ថា ពេលនេះ​អយ្យការ​អម​សាលាដំបូង​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​ទាំង​ ១៥ ​នាក់​នៅ​ឡើយ​៕