ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​នៅ​រសៀល​ថ្ងៃទី​ ២៦ ​កក្កដា​ ពាក់ព័ន្ធ​ឆបោក​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៩២ ​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ​កក្កដា​ថា លោក​កំពុង​ប្រតិបត្តិការ​ការងារ​នេះហើយ​ក៏បាន​ផ្តាច់​ខ្សែ​ទូរស័ព្ទ​ទៅវិញ​។ ប៉ុន្តែ​ទោះយ៉ាងណា​បើតាម​ដីកា​ដែល​ចេញ​ដោយ​លោក​ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ ​ដែល​ចុះ​ថ្ងៃទី​ ១៥ ​កក្កដា​ហើយ ​ភ្នំពេញ ប៉ុស្តិ៍​ ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ២៦ ​កក្កដា បាន​បង្ហាញថា បញ្ជា​ឱ្យឈ្មោះ អេង អូន ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ ២ ​សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចូលខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

នៅក្នុង​ដីកា​បញ្ជាក់ថា​៖ «​ឱ្យចូល​បង្ហាញខ្លួន​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យបាន​មុន​ថ្ងៃទី​ ៩ ​សីហា​ឆ្នាំ​ ២០២១​។ ក្នុង​បទ​រំលោភ​លើ​ទំនុកចិត្ត​តាម​បណ្តឹង​របស់​ឈ្មោះ ប្រាក់ ប្រាកដ​»​។

ចំពោះ​ប្រតិបត្តិ​ការឃាត់ខ្លួន​បុរស​ឈ្មោះ អេង អូន ម្នាក់នេះ​ត្រូវបាន​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ១ ​រូប​ ស្នើ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់ថា ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​ ២៦ ខែ កក្កដា ឆ្នាំ​ ២០២១ ​ទល់មុខ​ផ្សារ​ស៊ីធីម៉ល​ក្នុង​ភូមិសាស្ត្រ​ទឹកដី​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

ឈ្មោះ អេង អូន គឺជា​មន្ត្រី​យោធា​បម្រើការ​នៅ អង្គភាព​កងទ័ពអាកាស​កងកេង ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍ ភ្នំថ្កូវ​ផងដែរ​។ បុរស​ម្នាក់នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​បទឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​ ៩២ ​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​ថា​៖ «​បុរស​រូបនេះ​ក៏មាន​ជំពាក់​លុយ​ពិន័យ​ជាមួយ​ស្ថាប័នរដ្ឋ​មួយ​ដែរ​»៕