សៀមរាបៈ អតីត​បុគ្គលិក​ព្រលានយន្តហោះ​ខេត្ត​សៀមរាប​ចំនួន​ ៣០ ​នាក់ តំណាងឱ្យ​អតីត​បុគ្គលិក​ ១៣១ ​នាក់ ​ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យា បាន​ផ្តើម​តវ៉ា​ជាថ្មី ដើម្បី​ទាមទារ​ឱ្យ​បន្ត​កិច្ចចរចា​រក​ដំណោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ខណៈ​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​អះអាងថា ការទាមទារ​នេះ​គឺ​លើសពី​ច្បាប់​កំណត់​ដែល​ពិបាក​នឹង​ផ្តល់ជូនបាន​។

លោក មុំ សឹមសិលា បុគ្គលិក​​ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ និង​មាន​អតីតភាព​ការងារ​ ១៩ ​ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា ការតវ៉ា​ជាថ្មី​នេះ ក្រោយពី​ការចរចា​រកដំណោះស្រាយ​ដែល​នៅ​សេសសល់​ត្រូវបាន​ផ្អាក​ជាច្រើន​ខែ​​ចាប់តាំងពី​ខែកុម្ភៈ​មក ដោយសារ​វិបត្តិ​កូវីដ​ ១៩​។

លោក​បាន​បន្តថា ដោយសារ​បច្ចុប្បន្ន​ពួកលោក​កំពុង​ស្ថិត​​ក្នុងស្ថានភាព​លំបាក​មិនអាច​បន្ត​រង់ចាំ​ដំណោះស្រាយ​ដែល​នៅ​សេសសល់​បាន ទើប​សម្រេច​​ប្រមូលផ្តុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​តូច​ពីថ្ងៃ​ទី​ ២៣ កក្កដា ដើម្បី​ស្នើឱ្យ​មន្ទីរ​ការងារ​បន្ត​កិច្ចចរចា​នេះ​ឡើងវិញ​។

លោក​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន ​ខ្ញុំ​មិនមាន​ចំណូល​អ្វី​ទាំងអស់ ខ្ញុំ​មាន​កូន​ ៣​ នាក់​ក្នុងបន្ទុក ហើយ​​ប្រពន្ធ​ខ្ញុំ​ត្រូវ​ចប់​ការងារ​នៅ​ខែ​នេះ​ទៀត ហើយ​អ្នក​ដទៃទៀត គឺ​ជួប​បញ្ហា​ជីវភាព​នេះ​ដូចគ្នា​។ ដូច្នេះ​ពួកយើង​នឹង​តវ៉ា​រហូត​ទៅ​​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ជួយ​ពួកយើង បើ​នៅតែ​គ្មាន​ដំណោះស្រាយ​»​។

កាលពី​ខែ​វិច្ឆិកា ឆ្នាំមុន បុគ្គលិក​ព្រលានយន្តហោះ​ខេត្ត​សៀមរាប​ចំនួន​ ១៦១ ​នាក់ ​ត្រូវបាន​ក្រុមហ៊ុន​វីស៊ី ឬ​ខេម​ (VICI/CAMS) ​ដែលជា​ក្រុមហ៊ុន​មួយ​ទទួលបាន​សិទ្ធិ​វិនិយោគ​ព្រលានយន្តហោះ​បញ្ឈប់​ពី​ការងារ​ដោយ​សំអាងថា មកពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ ​ដោយមាន​ការទាមទារ​ជា​បន្តបន្ទាប់ ក្រុមហ៊ុន​ក៏​យល់ព្រម​ទទួល​បុគ្គលិក​ចំនួន​ ៣០ ​នាក់​ ឱ្យចូល​ធ្វើការ​វិញ​ដោយ​​សន្យា​ទូទាត់​សំណង​តាមច្បាប់​។

លោក រ៉ន រ៉ាវ៉ាន់ ប្រធាន​សហជីព​ព្រលានយន្តហោះ​ខេត្តសៀមរាប និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ដឹកជញ្ជូន​កម្ពុជា​បានឱ្យដឹងថា ការចរចា​ចុងក្រោយ​គឺធ្វើឡើង​កាលពី​ខែកុម្ភៈ ដោយ​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​លើ​សំណើ​មួយចំនួន​ក្នុងចំណោម​ការទាមទារ​ចំនួន ៤ ​ចំណុច​។

លោក​បាន​បន្តថា សំណើ​ទាំង​​ ៤ ​នោះ​គឺ​ចំណុច​ទី​១ ត្រូវបាន​ឯកភាព​គ្នា​ទាំងស្រុង​ចំពោះ​​ការទូទាត់​ប្រាក់​អតីតភាព​ការងារ ដែល​ត្រូវ​ផ្តល់ជូន​បុគ្គលិក​ដោយ​យកប្រាក់​ខែ​ដែល​បុគ្គលិក​ទទួលបាន​ពេញ​ក្នុង​រយៈពេល​ ៣ ​ខែ​ឆ្នាំ​ ២០២០ ​មក​ទូទាត់​។

លោក​បាន​បន្ថែមថា ចំពោះ​ចំណុច​ទី​២ គឺ​ការទាមទារ​ប្រាក់សំណង​ជំងឺ​ចិត្ត​រយៈពេល ៦ ​ខែ​ខណៈ​ចំណុច​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ផ្តល់ជូន​ត្រឹម​ ៣ ​ខែ​ប៉ុណ្ណោះ​ និង​ចំណុច​ទី​៣ ​គឺ​ការសន្យា​របស់​ក្រុមហ៊ុន​ក្នុង​ការទទួល​យក​បុគ្គលិក​ដែល​បាន​បញ្ឈប់​ឱ្យចូល​ធ្វើការ​វិញ​ក្នុងពេលដែល​ស្ថានភាព​វិល​មករក​ប្រក្រតីភាព ដោយ​បុគ្គលិក​ទាមទារ​ឱ្យមាន​សុពលភាព​ ៥ ​ឆ្នាំ ចំណែក​ក្រុមហ៊ុន​ផ្តល់ជូន​ត្រឹម​ ៣ ​ឆ្នាំ និង​ចុងក្រោយ​គឺ​បុគ្គលិក​ទាមទារ​ឱ្យមាន​ការលើកលែង​ការកាត់​ពន្ធចំពោះ​សំណង​ដែល​ទទួល​បាន​សរុប​។

លោក រ៉ន រ៉ាវ៉ាន់ បាន​អះអាងថា​៖ «​ដោយសារតែ​ការបិទ​ក្រុង បិទ​អី ដោយសារ​រឿង​កូវីដ បាន​​ធ្វើឱ្យ​ការចរចា​ស្វែងរក​ដំណោះស្រាយ ដែល​សេសសល់​ត្រូវបាន​ពន្យារពេល​...»​។

លោក ច័ន្ទ សុខុមចិន្ដា ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មន្ទីរ​មិនអាច​រៀបចំ​កិច្ចចរចា​ដែល​ស្នើឡើង​នេះ​បានទេ ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ចំពោះ​បញ្ហា​សេសសល់​ដែល​បុគ្គលិក​ព្រលានយន្តហោះ ទាមទារ​គឺ​វា​មាន​វិសាលភាព​លើស​ច្បាប់​ដែល​មិនអាច​អនុវត្ត​បានទេ​។

លោក​ថា​៖ «​អ្វីដែល​មាននៅ​ក្នុង​ច្បាប់ មន្ត្រី​បាន​លាតត្រដាង និង​បាន​ផ្តល់ជូន​ដោយ​ក្រសួង​ការងារ​ធ្វើការ​គណនា​ជូន​ពួកគាត់​។ ​ក្នុង​នោះ​ក៏បាន​បកស្រាយ ចំពោះ​អត្ថប្រយោជន៍​អ្វីដែល​ត្រូវ​​ទទួលបាន និង​សំណង​អ្វីដែល​មិនត្រូវ​ទទួលបាន​តាមច្បាប់​។

ប៉ុន្តែ​ការទាមទារ​របស់គាត់​ដែល​សេសសល់​ហ្នឹង គឺ​មិន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់​»​។

ជាមួយ​នឹង​សំណើសុំ​បន្ត​កិច្ចចរចា លោក​បាន​អះអាង​ថា​៖ «​ការដោះស្រាយ​នេះ​គឺមាន​មេកើយ និង​បុគ្គលិក គឺ​កន្លងទៅ​​មាន​ការ​សម្របសម្រួល​រួច​អស់ហើយ ហើយ​បញ្ហា​ដែល​ពួកគាត់​​ស្នើសុំ​នេះ គឺ​មិនអាច​ធ្វើតាម​ការទាមទារ​របស់គាត់​បានទេ ព្រោះ​ការប្រមូលផ្តុំ​ក្នុង​ពេលនេះ គឺ​មិនមាន​អំណោយផល​ក្នុង​ការជួប​ប្រមូលផ្តុំ​បាន​នោះទេ​»​។

បើតាម​លោក ច័ន្ទ សុខុមចិន្តា កន្លងមក​គឺ​ខាង​ក្រុមហ៊ុន​ព្រលានយន្តហោះ​បាន​ទូទាត់​ថវិកា និង​សំណង ដែល​មួយចំនួន​ធ្វើឡើង​តាមរយៈ​ការឯកភាព​រវាង​អតីត​បុគ្គលិក និង​ក្រុមហ៊ុន​ដោយមាន​ការដឹងឮ​ពី​អាជ្ញាធរ​សម្របសម្រួល​។ ប៉ុន្តែ​លោក​ថា អតីត​បុគ្គលិក​ទាំងនោះ​នៅតែ​បន្ត​ចង់បាន​សំណង​​ជំងឺ​ចិត្ត​បន្ថែម ដែល​វា​លើស​ទៅនឹង​នីតិវិធី​ច្បាប់​៕

វីដេអូ៖