The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សុខាភិបាល​ឱ្យ​គ្រឹះស្ថាន​ឱសថ​ស្នើសុំ​នាំចូលវ៉ាក់សាំងទទួលស្គាល់​ពី​ WHO




ក្រសួង​សុខាភិបាល​ឱ្យ​គ្រឹះស្ថាន​ឱសថ​ស្នើសុំ​នាំចូលវ៉ាក់សាំងទទួលស្គាល់​ពី​ WHO

Content image - Phnom Penh Post
វ៉ាក់សាំងស៊ីណូហ្វាម (ឆ្វេង) និងវ៉ាក់សាំង AstraZeneca។ ហុង មិនា

ក្រសួង​សុខាភិបាល​ឱ្យ​គ្រឹះស្ថាន​ឱសថ​ស្នើសុំ​នាំចូលវ៉ាក់សាំងទទួលស្គាល់​ពី​ WHO

ភ្នំពេញៈ ក្រសួងសុខាភិបាល អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​អាហរ័ណ ​នីហរ័ណ​ឱសថ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​អាច​ស្នើសុំ​នាំចូល​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​បានទទួល​ស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ដើម្បី​ចែកចាយ​បន្តទៅ​ផ្នែក​សេវា​សុខាភិបាល​ឯកជន​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លើក​ឡើង​ថា ក្នុង​គោលបំណង​សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្រសួងសុខាភិបាល​នឹង​អនុញ្ញាតឱ្យ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ​អាចធ្វើ​ការស្នើសុំ​នាំចូល​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ WHO ដើម្បី​ចែកចាយ​ចាក់​តាម​ទីកន្លែង​ផ្តល់​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ដែល​ស្នើសុំ​ការនាំចូល​វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវ​ប្រតិបត្តិ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​ក្នុង​ការដឹកជញ្ជូន ការថែរក្សា និង​ការស្តុក​វ៉ាក់សាំង​កូវីដ​ ១៩ នៅក្នុង​ឃ្លាំង ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក​ ម៉ម ប៊ុនហេង បន្ថែមថា ប្រធាន​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ ដែលមាន​បំណង​នាំចូល​វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវ​រៀបចំ​ឯកសារ​សុំ​នាំចូល​តាម​បែបបទ​បច្ចេកទេស​របស់​ក្រសួង​សុខាភិបាល​។

បុគ្គលិក​នៃ​ក្រុមហ៊ុន MASTER PHARMA GROUP LTD. ក្នុង​ខណ្ឌចំការមន រាជធានីភ្នំពេញ ដែល​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៧ កក្កដា​ថា ខាង​ក្រុមហ៊ុន​ទើបតែ​ទទួលបាន​លិខិត​ប្រកាស​ពី​ក្រសួងសុខាភិបាល​។ ខាង​ក្រុមហ៊ុន​កំពុង​សាកសួរ​ទៅខាង​រោងចក្រ​សម្រាប់​ការនាំ​ចូលមក​ក្នុងប្រទេស​កម្ពុជា ប្រសិនបើ​តម្លៃ​សមរម្យ ដែល​អាច​ទទួល​យក​បាន​។

អ្នកនាង​ប្រាប់ថា​៖ «​យើង​មិនទាន់​ដឹង​ទេ​ថា តើ​ប្រភេទ​វ៉ាក់សាំង​ណា​យើង​នឹង​អាច​នាំយកមក​លក់ ប៉ុន្តែ​ឱ្យតែ​ក្រសួង​សុខាភិបាល​ថា​ជា​វ៉ាក់សាំង​ស្របច្បាប់​មានការ​ទទួលស្គាល់​ហើយ យើង​មានលទ្ធភាព​នាំចូល​បាន គឺ​យើង​នឹង​នាំ​ចូលមក​។ ប៉ុន្តែ​មកដល់​ពេលនេះ​យើង​ទើបតែ​ឃើញ​ព័ត៌មាន​ពី​ក្រសួង​ដែរ មិនដឹងថា​រោងចក្រ​នឹង​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ កក្កដា​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ដល់​ ១៧ ​ឆ្នាំ​ នឹងត្រូវ​ប្រកាស​បើក​នៅ​ថ្ងៃទី​ ១ ខែសីហា នៅ​វិមាន​សន្តិភាព ដែល​ចាប់​ផ្តើមដំបូង​នៅ​រាជធានី​ភ្នំពេញ ហើយ​ខេត្ត​បន្ទាប់​មាន​ខេត្តកណ្តាល ព្រះសីហនុ និង​ខេត្តកោះកុង​។

លោកស្រី​បន្តថា ខេត្ត​ទាំង​ ៣ ​នេះ​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​សម្រាប់​មនុស្ស​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង​។ លោកស្រី​ ឱ វណ្ណឌីន ថ្លែងថា​៖ «​សម្រាប់​រាជធានី​ភ្នំពេញ យើង​មានការ​បែងចែក ដែល​មាន​ការចាក់​ដោយ​មន្ទីរពេទ្យ​ថ្នាក់ជាតិ​មាន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​ចាក់​ជូនទៅ​ដល់​កូនចៅ​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីរាជការ​ស៊ីវិល អ្នកធុរកិច្ច អង្គការ​ជាតិ និង​អន្តរជាតិ និង​អ្នកសារព័ត៌មាន​»​។

លោកស្រី​បន្ថែម​ថា ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​ទៅ​ចាក់​វ៉ាក់សាំង​នៅតាម​ទីតាំង​ដែល​សាលា​រាជធានី​ភ្នំពេញ​បានរៀបចំ​នៅ​ទីតាំង​ចំនួន​ ៤២ ​ទីតាំង ក្នុង​ខណ្ឌ​ទាំង​ ១៤​។

លោកស្រី​បញ្ជាក់ថា សម្រាប់​ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង គឺ​រដ្ឋបាលខេត្ត​ទាំង​ ៣ ​នឹងមាន​ការចាត់ចែង និង​មាន​ផ្សាយ​ជូន​ជា​ព័ត៌មាន​នៅ​តាម​ខេត្ត​នីមួយ​។ សម្រាប់​ខេត្ត​ដទៃទៀត ក្រសួង​នឹងមាន​ការរៀបចំ​ជា​បន្តបន្ទាប់​នៅពេល​ដែលមាន​វ៉ាក់សាំង​មកដល់​បន្ទាប់​។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ឱ្យបាន​ជាង​ ៨០% ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ប្រមាណ​ជា​ ១៦ ​លាន​នាក់​៕

អត្ថបទគួរចាប់អារម្មណ៍