ត្បូងឃ្មុំៈ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​ពី​ម្សិលមិញ បាន​ដុត​កម្ទេចចោល​នូវ​គ្រឿងញៀន​ជាង​ ១៣៤ ​គីឡូក្រាម ដែល​ប្រមូលបាន​ពី​ការបង្ក្រាប​បទល្មើស​ជាង​ ៨០០ ​សំណុំរឿង​ក្នុង​ខេត្ត​ចំនួន​ ៨​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យដឹង​នា​ថ្ងៃទី​ ២៧ កក្កដាថា គ្រឿងញៀន​ដែល​ដុត​កម្ទេចចោល​នាពេលនេះ​ទទួលបាន​ពី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​ ៨ រួមមាន ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និង​ខេត្តព្រះវិហារ ដែលមាន​ទម្ងន់​ជា​ ១៣៤ ​គីឡូក្រាម និង​គ្រឿងញៀន​ប្រភេទ​គ្រាប់​ WY ​ចំនួន​ ៥៨ ​គ្រាប់​។

លោក​ ឡុង ហុកម៉េង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​ដុតបំផ្លាញ​គ្រឿងញៀន ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែង​ក្នុង​ពិធី​ដុតបំផ្លាញ​នោះ​ថា បរិមាណ​គ្រឿងញៀន​ជាច្រើន​សន្ធឹកសន្ធាប់​ខាងលើនេះ គឺ​ពួកឧក្រិដ្ឋជន​បាន​យក​គ្រឿងញៀន ធ្វើជា​មុខរបរ​ជំនួញ​។

លោក​បញ្ជាក់ថា គ្រឿងញៀន​នេះ​បាន​ពង្វក់ស្មារតី​អូសទាញ​ដល់​ជនស្លូតត្រង់​ភាគច្រើន​ជា​យុវវ័យ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​បណ្តាលឱ្យ​ខូចសុខភាព និង​ឈាន​រហូតដល់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ អំពើ​ឃាតកម្ម ចាប់ជំរិត រំលោភ​សេពសន្ថវៈ លួច ឆក់ ប្លន់​ទ្រព្យសម្បត្តិ​។ បង្កើតជា​ក្រុម​បងតូច​បងធំ ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ បង្ក ភាពអសន្តិសុខ ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុង​សង្គមជាតិ​ផងដែរ​។

លោក ឡុង ហុកម៉េង បាន​ថ្លែងថា​៖​ «​ចំណែក​សមត្ថកិច្ច​ទាំងអស់ ទាំង​មន្ត្រីនគរបាល​យុត្តិធម៌ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សា្ថប័ន តុលាការ បាន​ខិតខំ​យកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​ច្បាប់​ដោយ​មិន​យោគយល់ ឬ​អត់ឱន​ដល់​ជន​ទាំងឡាយណា ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់នេះ​ជាដាច់ខាត​។ បរិមាណ​គ្រឿងញៀន​ដ៏ច្រើន​នេះ ប្រសិនបើ​សមត្ថកិច្ច​បង្ក្រាប​មិនទាន់​ពេលវេលា​ទេនោះ វា​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​អនាគត​យុវវ័យ​ដែលជា​ទំពាំង​ស្នងឫស្សី រាប់ពាន់​ម៉ឺន​នាក់​ជាក់​ជាមិនខាន​ឡើយ​»៕