ភ្នំពេញៈ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី​បាន​ផ្តល់​គ្រឿង​ឥស្សរិយយស​មិត្តភាព​ដល់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការចូលរួមចំណែក​ដ៏សំខាន់​ក្នុង​ការពង្រឹង​មិត្តភាព​រវាង​ប្រជាជន​រុស្ស៊ី និង​កម្ពុជា​។ យោងតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី​ ២៦ ​កក្កដា​របស់​ស្ថានទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​។

លោក Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី​ប្រចាំ​កម្ពុជា​សរសេរ​លើ​បណ្ដាញ Twitter កាលពី​ថ្ងៃទី​ ២៦ ខែកក្កដា​នេះ​ថា​៖ «​សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​ត្រូវបាន​បំពាក់​គឿង​ឥស្សរិយយស​ថ្នាក់​មិត្តភាព​សម្រាប់​ការចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការពង្រឹង​មិត្តភាព​រវាង​ប្រជាជន​រុស្ស៊ី និង​កម្ពុជា​។ គំនិត​​ផ្តួចផ្តើម​រួមគ្នា​ជាច្រើន​ទៀត​កាន់តែ​ល្អប្រសើរ សម្រាប់​ប្រជាជាតិ​យើង​ទាំង​ ២»​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងឱ្យ​ដឹងថា លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អនុវត្ដ​នូវ​គោលនយោបាយ​មួយ គឺ​កំណែទម្រង់​ខាងក្នុង​ពង្រីក​មិត្ដ​នៅ​ខាងក្រៅ​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ជោគជ័យ​ដ៏ត្រចះត្រចង់​របស់​សម្ដេច ដែល​បាន​ដឹកនាំ​កម្ពុជា​ឱ្យ​កា្លយ​ជា​មិត្ដ​ជាមួយ​ប្រទេស​ធំៗ​ដូចជា​ប្រទេស​រុស្ស៊ី ចិន និង​ប្រទេស​ជុំវិញខ្លួន​យើង​ផ្សេងទៀត ដោយ​មិន​យក​អ្នកណា​ជា​សត្រូវ​ឡើយ​នៅលើ​ពិភពលោក​នេះ វា​មិនមែន​គ្រាន់តែ​ជា​កិត្ដិយស​ទេ វា​ក្លាយទៅជា​ការអនុវត្ដ​នូវ​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ជាមួយ​ប្រទេស​រុស្ស៊ី ក៏ដូចជា​ប្រទេស​ដទៃទៀត​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ចាប់តាំងពី​ឆ្នាំ​ ១៩៧៩​រហូតដល់​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​គឺមាន​លក្ខណៈ​លេចធ្លោ ប៉ុន្ដែ​ទំនាក់ទំនង​នេះ​បាន​ចុះខ្សោយ​បន្តិច​ដោយសារ​អន្តរកាល​នយោបាយ​ក្នុង​ឆ្នាំ​ ១៩៩០-១៩៩៣ ហើយ​ចាប់ពី​ឆ្នាំ​ ១៩៩៣ រហូតដល់​បច្ចុប្បន្ន​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​គឺមាន​លក្ខណៈ​ល្អជា​លំដាប់​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​។

លោក​បាន​ថ្លែងថា​៖ «​ការរីកចម្រើន​ឥតឈប់ឈរ​រវាង​ប្រទេស​ទាំង​ ២ ​នេះ គឺ​មិនអាច​កាត់ផ្ដាច់​បានទេ ចំពោះ​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​សម្ដេច​តេជោ ហ៊ុន សែន​តាំងពី​ ១៩៧៩ ដល់​ ១៩៩០ ក្នុងឋានៈ​ជា​រដ្ឋមន្ដ្រី​ការបរទេស​ផង​ជា​នាយក​រដ្ឋមន្ដ្រី​ផង​ដែល​ក្នុងដំណាក់កាល​នោះបាន​ធ្វើឱ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ ២»​។

លោក គិន ភា បានឱ្យដឹងថា តាមរយៈ​ទំនាក់ទំនង​ល្អ​នេះ​និស្សិត​ខ្មែរ​ជាច្រើន​នាក់​ត្រូវបាន​បញ្ជូនទៅ​បណ្ដុះបណ្ដាល​នៅ​រុស្ស៊ី ហើយ​និស្សិត​ទាំងនោះ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ប្រកប​ដោយ​សមត្ថភាព និង​កាន់​តួនាទី មុខតំណែង​ធំៗ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​រហូតដល់​បច្ចុប្បន្ន​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែងថា ការផ្តល់​គ្រឿង​ឥស្សរិយយស​នេះ​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​រឹតតែ​មាន​ភាព​ទូលំទូលាយ និង​រឹងមាំ​ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​មាន​ទំនាក់ទំនង​ល្អ​តាំងពី​ក្រោយពេល​ផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​។ តាំងពី​ពេលនោះ​រហូតមកដល់​បច្ចុប្បន្ន ទំនាក់ទំនង​របស់​ពួកយើង​នៅតែ​រឹងមាំ​ល្អ​។ ហើយ​ការផ្ដល់​គ្រឿង​ឥស្សរិយយស​ថ្នាក់​មិត្តភាព​គឺ​បានបង្ហាញ​ការរឹតចំណង​នៃ​កិច្ចសហប្រតិបត្ដិការ​ប្រទេស​ទាំង​ ២ ​កាន់តែ​រឹងមាំ​បន្ថែមទៀត​»​។

ក្នុង​កាលៈទេសៈ​នេះដែរ រដ្ឋមន្ដ្រី និង​មន្ដ្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​បាន​ផ្ញើ​សារ​អបអរសាទរ​ជា​បន្តបន្ទាប់​គ្នា​ផងដែរ ដូចជា លោក អ៊ិត សំហេង រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល​។

សារ​នោះ​បញ្ជាក់​ផងដែរ​ថា​គ្រឿង​ឥស្សរិយយស​នេះ គឺជា​គ្រឿង​ឥស្សរិយយស​របស់​រដ្ឋ​នៃ​សហព័ន្ធរុស្ស៊ី ដែល​ត្រូវបាន​បង្កើតឡើង​ដោយ លោក Boris Yeltsin អតីត​ប្រធានាធិបតី​រុស្ស៊ី​ក្នុង​ឆ្នាំ​ ១៩៩៤ ដើម្បី​ផ្តល់ឱ្យ​ជនជាតិ​រុស្ស៊ី​ ឬ​ជនជាតិ​ដទៃទៀត ដែល​ខិតខំ​លើកស្ទួយ​ចំណង​មិត្តភាព​៕