កំពង់ឆ្នាំងៈ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង​អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា គ្រោង​បង្កើត​រោងចក្រ​កែច្នៃ​មាន់​នៅ​ខេត្តកំពង់ឆ្នាំង ដែល​រំពឹង​ផ្តល់​ផល​ដល់​ប្រជា​សហគមន៍​ជាង ៥ ០០០ គ្រួសារ ខណៈ​គម្រោង​នេះ​នឹង​ជ្រើសរើស​យក​ស្រុក​រលាប្អៀរ ធ្វើជា​ទីតាំង​កែច្នៃ​មាន់ សម្រាប់​សហគមន៍ ដោយ​គ្រោង​ចំណាយ​ថវិកា​ជិត ១,៥ ​លាន​ដុល្លារ​។

ការសាងសង់​រោងចក្រ​ច្នៃ​មាន់​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង «​សហគ្រាស​កែច្នៃ​មាន់​ស្រែ​ខ្មែរ​សម្រាប់​មោទនភាព​ជាតិ​កម្ពុជា​» ក្នុង​គោលបំណង​ជួយ​លើកកម្ពស់ និង​ជំរុញ​ទីផ្សារ​កសិផល​ខ្មែរ​។ កាលពី​ថ្ងៃទី ២៦ ខែកក្កដា លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ញ៉ែម សារ៉េត នាយក​អង្គការ​ហេហ្វឺ​ប្រចាំ​នៅ​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​នេះ​។

លោក ស៊ុន សុវណ្ណារិទ្ធិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ កក្កដា​ថា គម្រោង​នេះ នឹង​អាចរួមចំណែក​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់​ជាង ៥ ០០០ ​គ្រួសារ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ល្អ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត តាមរយៈ​ការបង្កើត​មុខរបរ​នាំមក​នូវ​ប្រាក់ចំណូល​បន្ថែម ក៏ដូចជា​ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​ទ្រទ្រង់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បន្តថា ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ចំនួន ៥ ក្នុង​ខេត្តកំពង់ឆ្នាំង​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ពី​ការចិញ្ចឹម​មាន់ រួមទាំង​ការជួយ​ពី​គម្រោង​នេះ​ជាច្រើន​ទៀត ដូចជា ការរៀបចំ​សាងសង់​ផ្សារ​សហគមន៍​កសិកម្ម ដែលជា​បណ្តុំ​នៃ​កសិអាជីវកម្ម​ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ផលិតផល​កសិកម្ម និង​ជា​ទីតាំង​ទិញ-លក់​ផលិតផល​កសិកម្ម​ខ្មែរ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ និង​ផ្តល់ជូន​រថយន្ត និង​រ៉ឺម៉ក​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកទេស សម្រាប់​ដឹកជញ្ជូន​កសិផល​កសិកម្ម​។

លោក​បាន​បញ្ជាក់ថា​៖ «​គម្រោង​នេះ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​យើង ដែល​ធានា​ដល់​ការចិញ្ចឹម​មាន់​ប្រកប​ដោយ​បច្ចេកទេស​របស់​ប្រជាកសិករ​យើង​។ គម្រោង​នេះ ថែមទាំង​ជួយ​ដល់​ទីផ្សារ​នឹង​ការកែច្នៃ​មាន់ ចូលរួម​លើកតម្កើង​ការចិញ្ចឹម​មាន់​សាច់​របស់​រដ្ឋាភិបាល​យើង​»​។

បើតាម​លោក ស៊ុន សុវណ្ណារិទ្ធិ គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​មាន់​នេះ គឺ​ចំណាយ​ថវិកា​ពី​អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា ចំណែក​រដ្ឋបាលខេត្ត​នឹង​ផ្តល់​ដី​ជាង ៣ ​ហិកតា ១ ​កន្លែង ក្នុងស្រុក​រលាប្អៀរ​សម្រាប់​សាងសង់​រោងចក្រ​នេះ​។ ប៉ុន្តែ​យ៉ាងណា លោក​បញ្ជាក់ថា គម្រោង​សាងសង់​នេះ​គឺ​ស្ថិតក្នុង​ការពិចារណា ដែល​អាច​នឹង​លេច​ជា​រូបរាង នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​រដ្ឋបាលខេត្ត​ធ្វើការ​សម្រេច​លើ​សំណើ​នេះ​។

លោក ញ៉ែម សារ៉េត នាយក​អង្គការ​ហេហ្វឺ​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២៧ កក្កដា​ថា អង្គការ​របស់លោក​បាន​បង្កើត​សហគ្រាស​កែច្នៃ​មាន់​ស្រែ​ខ្មែរ សម្រាប់​មោទនភាព​ជាតិ​កម្ពុជា​នេះ​គឺ​មាន​រយៈពេល ៥ ​ឆ្នាំ​គឺ​ចាប់ពី​ឆ្នាំ​ ២០២១ រហូតដល់​ឆ្នាំ ២០២៦​។

លោក​បន្ត​ថា ការសាងសង់​រោងចក្រ​កែច្នៃ​មាន់​នេះ គឺជា​ផ្នែក​មួយ​របស់​គម្រោង ដែល​ចង់ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ភាពរីកចម្រើន​ក្នុង​ផលិតកម្ម​មាន់​ស្រែ​ខ្មែរ និង​អាច​ផ្គត់ផ្គង់​មាន់​ស្រែ​ខ្មែរ ទៅកាន់​ទីផ្សារ​ក្នុងស្រុក​។

លោក​បាន​បញ្ជាក់ថា​៖ «​គម្រោង​នេះ គឺមាន​វិសាលភាព​ធំធេង​ណាស់ សម្រាប់​ប្រជាកសិករ​ខ្មែរ ហើយ​ចំនួន​ថវិកា ១,៣ លាន​ដុល្លារ​នេះ គឺជា​ការចំណាយ​តូច​មួយ​នៅក្នុង​គម្រោង​របស់​យើង​ទាំងមូល​ដែល​វា​សម្រាប់តែ​ចំណាយ​ទៅលើ​ការសាងសង់​អគារ និង​ឧបករណ៍​បច្ចេកទេស​សម្រាប់​កែច្នៃ​មាន់​ស្រែ​ខ្មែរ​នៅក្នុង​រោងចក្រ​នេះ​ទេ​។

លោក ញ៉ែម សារ៉េត បាន​អះអាងថា តាមរយៈ​គម្រោង​នេះ អង្គការ​ហេហ្វឺ​អន្តរជាតិ​កម្ពុជា បាន​សហការ​ជាមួយ​អង្គការ​ដៃគូ សហគមន៍​កសិកម្ម ចំនួន ៧៥ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​គាំទ្រ និង​ពង្រីក​វិសាលភាព​សមត្ថភាព​ផលិត​របស់​គ្រួសារ​កសិករ ចិញ្ចឹម​មេមាន់​សរុប​ចំនួន ២៨៥ គ្រួសារ និង​គ្រួសារ​កសិករ​ផលិត​មាន់​យក​សាច់​ស្រស់​ខ្មែរ​ចំនួន ៤ ៩០០​​នាក់​។ ដោយ​ក្នុងនោះ អង្គការ​បាន​គាំទ្រ​ជំរុញ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ ឃ្លាំង​ត្រជាក់ យានយន្ត​ដឹក​ផល​កសិកម្ម និង​ការចែកចាយ​ផលិតផល​មាន់​ស្រែ​ខ្មែរ​ទៅកាន់​ទីផ្សារ​៕