ភ្នំពេញៈ ​ប្រទេស​ស៊ុយអែត​ និង​ប្រទេស​ស្វ៊ីស​ បានសម្រេច​ផ្តល់​ថវិកា​ចំនួន​ ៤,៥ ​លាន​ដុល្លារ​អាមេរិក​ ដើម្បី​គាំទ្រ​ដល់​អង្គការ​ BBC Media Action ក្នុង​ការអនុវត្ត​គម្រោង​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​ «​ការលើកកម្ពស់​ការចូលរួម​របស់​យុវជន​នៅក្នុង​សហគមន៍​ក្លាហាន​ 9 SPACE» នៅក្នុង​ប្រទេស​កម្ពុជា​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា គម្រោង​នេះ​មាន​គោលបំណង​បង្កើន​កម្រិត​នៃ​ការចូលរួម​បែប​ស្ថាបនា​នៅក្នុង​សហគមន៍​ក្នុងចំណោម​យុវជន​កម្ពុជា​ដែលមាន​អាយុ​ចន្លោះ​ពី​ ១៥-៣០ ​ឆ្នាំ​តាមរយៈ​ការផ្តល់​ឱ្យ​ពួកគេ​នូវ​ចំណេះដឹង ជំនាញ ទំនុកចិត្ត ការលើកទឹកចិត្ត និង​បណ្តាញ​នានា​។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ប្រទេស​ស៊ុយអែត​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​ផ្តល់​ថវិកា​ចំនួន​ ១៨ ​លានសេក​ (​ប្រមាណ​ជា​ ២ ​លាន​ដុល្លារ​អាមេរិក​) ​ខណៈ​ទីភ្នាក់ងារ​​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស្វ៊ីស​នឹង​ផ្តល់​ថវិកា​គាំទ្រ​ចំនួន​ ២,៥ ​លាន​ដុល្លារ​អាមេរិក​។

គម្រោង​ក្លាហាន​ 9 SPACE ​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០២១ ​នេះ​ដល់​ឆ្នាំ​ ២០២៤​។

លោក សាម៊ូអែល ហឺទិក ប្រធាន​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ បាន​លើកឡើង​ក្នុង​សេចក្ដី​ប្រកាស​នេះ​ថា ការគាំទ្រ​នេះ​ស្របតាម​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ប្រទេស​ស៊ុយអែត ជាមួយ​កម្ពុជា​ដោយ​ផ្តោតលើ​សិទ្ធិមនុស្ស លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​រីករាយ​ក្នុង​ការចាប់​ដៃគូ​ជាមួយ​អង្គការ BBC Media Action ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ទំនាក់ទំនង​ជា​ឧបករណ៍​សំខាន់​ដើម្បី​លើកទឹកចិត្ត និង​គាំទ្រ​យុវជន​កម្ពុជា​ក្នុង​ការចូលរួម​ក្នុង​ជីវិត​សាធារណៈ និង​ផ្តល់​ការគាំទ្រ​ដល់​សកម្មភាព​សហគមន៍​សម្រាប់​យុវជន​នៅតាម​បណ្តា​ខេត្ត​»​។

បើតាម​លោក សាម៊ូអែល ហឺទិក គម្រោង​ក្លាហាន​ 9 SPACE នឹង​រួមបញ្ចូល​ការអនុវត្ត​សកម្មភាព​ដូចជា ការផលិត​មាតិកា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ការគាំទ្រ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​​សកម្មភាព​សហគមន៍​ផ្សេងៗ​ជាដើម​។

គម្រោង​នេះ ​នឹង​អនុវត្ត​ដោយ​អង្គការ BBC Media Action និង​ដៃគូ​អនុវត្ត​គម្រោង​ដូចជា មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍ បុប្ផាណា អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​។

លោកស្រី ជេមម៉ា ហេយម៉េន នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ BBC Media Action លើកឡើង​ដែរ​ថា គម្រោង​នេះ​នឹង​គាំទ្រ​ដល់​យុវជន​ដែលមាន​អាយុ​ចន្លោះ​ ១៥-៣០ ​ឆ្នាំ ដើម្បី​ចូលរួម​ក្នុង​ជីវិត​សាធារណៈ​នៅក្នុង​សហគមន៍​របស់​ពួកគេ​តាមរយៈ​ការកសាង​ចំណេះដឹង និង​ជំនាញ ផ្លាស់ប្តូរ​ឥរិយាបថ​អវិជ្ជមាន​ជុំវិញ​ការចូលរួម​របស់​យុវជន និង​ជំរុញឱ្យមាន​ការពិភាក្សា​រវាង​ប្រជាជន​ដែលមាន​វ័យ​ខុសគ្នា​។

លោក​បាន​ថ្លែងថា​៖ «​យើង​ពិតជា​រីករាយ​ដែលមាន​ឱកាស​ក្នុង​ការកសាង​លើ​ភាព​ជោគជ័យ​ក្នុង​ការងារ​អភិវឌ្ឍន៍​យុវជន​នាពេល​កន្លងមក និង​រំភើបចិត្ត​ក្នុង​ការធ្វើការងារ​ជាមួយ​ដៃគូ​អនុវត្តន៍​ដែលមាន​បទពិសោធ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នៅ​​ក្នុង​ប្រទេស​»៕